ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុផល​ដែល​លោក​ខាងលិច​មិន​គួរ​បោះបង់​ប្រទេស​កម្ពុជា

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប កំពុង​តែ​ធ្វើការ​ពិចារណា​ក្នុង​ការ​ដក​អត្ថប្រយោជន៍​សេដ្ឋកិច្ច​ចេញពី​ប្រទេស​កម្ពុជា បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ដែល​បាន​ធ្វើ​ឡើង​កាលពី​ឆ្នាំ​មុន​។ គណបក្សកាន់​អំណាច​​ទទួល​បាន​អាសនៈ​សភា​ទាំងអស់ ពីព្រោះ​តែ​គណបក្សប្រឆាំង​មិន​អាច​ដំណើ​ការ​បាន​។ មេដឹកនាំ​បក្ស​ប្រឆាំង​ត្រូវ​បាន​គេ​ដកសិទ្ធិ​ក្នុង​ការ​ធ្វើ​នយោបាយ ហើយ​គណបក្ស​របស់​ពួក​គេ​ទៀត​សោត​ត្រូវ​បាន​រំលាយ​។ តាម​រយៈ​ស្តង់ដា​របស់​លោក​ខាងលិច ការ​បោះ​ឆ្នោត​នៅ​ប្រទេស​កម្ពុជា…

សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប កំពុង​តែ​ធ្វើការ​ពិចារណា​ក្នុង​ការ​ដក​អត្ថប្រយោជន៍​សេដ្ឋកិច្ច​ចេញពី​ប្រទេស​កម្ពុជា បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ដែល​បាន​ធ្វើ​ឡើង​កាលពី​ឆ្នាំ​មុន​។ គណបក្សកាន់​អំណាច​​ទទួល​បាន​អាសនៈ​សភា​ទាំងអស់ ពីព្រោះ​តែ​គណបក្សប្រឆាំង​មិន​អាច​ដំណើ​ការ​បាន​។ មេដឹកនាំ​បក្ស​ប្រឆាំង​ត្រូវ​បាន​គេ​ដកសិទ្ធិ​ក្នុង​ការ​ធ្វើ​នយោបាយ ហើយ​គណបក្ស​របស់​ពួក​គេ​ទៀត​សោត​ត្រូវ​បាន​រំលាយ​។

តាម​រយៈ​ស្តង់ដា​របស់​លោក​ខាងលិច ការ​បោះ​ឆ្នោត​នៅ​ប្រទេស​កម្ពុជា ត្រូវ​បាន​ចាត់​ទុក​ថា មាន​ស្តង់ដា​ប្រជាធិបតេយ្យ​តិច ខណៈ​ដែល​លទ្ធផល​គឺ​មាន​ភាព​អយុត្តិធម៌​។ ទោះ​យ៉ាងណា គ្មាន​ការ​តវ៉ា​ណាមួយ​កើតឡើង​ផង​ដែរ​។ ផ្ទុយ​ទៅ​វិញ វា​បែរជា​មាន​អារម្មណ៍​ធូរស្បើយ​ពី​សំណាក់​ប្រជា​ជន​​ទៅ​វិញ នៅ​ពេល​ដែល​ការ​បោះ​ឆ្នោត​ត្រូវ​បាន​បញ្ចប់​។

ផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ បាន​និង​កំពុង​កើន​ឡើងជា​លំដាប់​ជា​មធ្យម ៧,៧% ក្នុង​មួយ​ឆ្នាំ​ក្នុង​រយៈពេល ២០ ឆ្នាំ​ចុង​ក្រោយ ដែល​ធ្វើ​អោយ​ប្រទេស​នេះ​ក្លាយជា​ប្រទេស​មួយ​ដែល​មាន​កំណើនសេដ្ឋកិច្ច​លឿន​បំផុត​នៅ​លើ​ពិភពលោក​។ រាជធានី​ភ្នំពេញ កាន់តែ​ដើរ​តាម​ទីក្រុង​អាស៊ី​ដ៏​ទំនើប ដែល​មាន​សណ្ឋាគារ​លំដាប់​ផ្កាយ ៥ អគារ​ខ្ពស់​ៗ និង​ភោជនីយដ្ឋាន​ប្រណីត​ជា​ច្រើន​។
អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​នោះ គឺ​ការ​គ្មាន​ភាព​ក្រីក្រ​ធ្ងន់ធ្ងរ ខណៈ​ដែល​ករណី​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ញឹកញាប់​នៅ​តាម​ទីក្រុង​ធំ​ៗ​នៅ​លើ​ពិភពលោក​។

ខេត្តសៀមរាប ដែល​មាន​បឹង​ទន្លេសាប​បាន​ជម្រុញ​វិស័យ​ទេសចរណ៍​អន្តរជាតិ​ឲ្យ​ទៅ​កាន់​ប្រាសាទ​អង្គរវត្ត ដែល​ទទួល​បាន​ភ្ញៀវ​ទេសចរ​រាប់​លាន​នាក់​ជា​រៀង​រាល់​ឆ្នាំ​។ ចំណែកឯ​ក្រុង​ព្រះសីហនុ ដែល​ស្ថិត​នៅ​ក្នុង​ឈូង​សមុទ្រ​ថៃ​វិញ កំពុង​តែ​មានការ​រីក​លូតលាស់​ជាមួយនឹង​វិស័យ​កំពង់​ផែ​ក្នុង​ការ​បង្កើន​ចំនួន​កុងតឺន័រ​ដែល​ផ្ទុក​ទៅ​ដោយ​សម្លៀក​បំពាក់ កង់ និង​ផលិតផល​ផ្សេង​ៗ​ទៀត សម្រាប់​ទីផ្សារ​ពិភពលោក​។ ការ​វិនិយោគ​របស់​ប្រទេស​ចិន និង​ជប៉ុន កំពុង​តែ​ហូរ​ចូល​មក ដែល​វា​ហាក់ដូចជា​មានការ​ប្រកួតប្រជែង​រវាង​គ្នា​នឹង​គ្នា​។

ខ្ញុំ​បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ជា​លើក​ដំបូង ក្នុង​នាម​ជា​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម និង​ឧស្សាហកម្ម​សិង្ហ​បុរី​នៅ​ឆ្នាំ​១៩៩៩​។ នៅ​តាម​ដងផ្លូវ​ទៅ​កាន់​ប្រាសាទអង្គរវត្ត រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ឯកឧត្តម ចម ប្រសិទ្ធ បាន​ធ្វើការ​លើក​ឡើង​ពី​ចំណុច​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រួច​ផុត​ពី​ការ​វាយប្រហារ​មួយ​កាលពី​ពី​រស​ប្តា​ហ៍​មុន​។ ប្រទេស​កម្ពុជា​នៅ​ពេល​នោះ មិនមែន​ជា​ប្រទេស​ដែល​មាន​សុវត្ថិភាព​ខ្លាំង​នោះ​ទេ ខណៈ​ដែល​អាវុធ​មាននៅ​គ្រប់​ទីកន្លែង​ទាំងអស់​។

ស្ត្រី​អ្នកគ្រប់គ្រង​សណ្ឋាគារ​ផ្នែក​ធនធានមនុស្ស​សញ្ជាតិ​សិង្ហ​បូ​រី​មួយ​រូប ត្រូវ​ប្រឈម​មុខ​ជាមួយ​នឹង​​បុគ្គលិក​ម្នាក់​ដែល​មាន​គ្រាប់បែក​នៅ​ក្នុង​ដៃ​។ នៅ​ពេល​នោះ​ស្ត្រី​រូប​នោះ ត្រូវ​ចំណាយ​រយៈ​ពេល​​ជាង​មួយ​ម៉ោង​ដើម្បី​បញ្ចុះបញ្ចូល​ឱ្យ​បុគ្គលិក​ម្នាក់​នោះ​បញ្ឈប់​ការ​ប្រើប្រាស់​គ្រាប់បែក​។ ជា​ច្រើន​ឆ្នាំ​ក្រោយមក ខ្ញុំ​បាន​សួរ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពី​ការ​ប៉ុនប៉ង​ឆក់​យក​ជីវិត​របស់​លោក​។ លោក​បាន​ឆ្លើយ​ប្រាប់​ខ្ញុំ​ថា លោក​ដឹង​ច្បាស់​ថា អ្នក​ណា​បញ្ជា​លើ​ករណី​នេះ ប៉ុន្តែ​លោក​មិន​បាន​តបត​វិញ​នោះ​ទេ ក៏​ព្រោះតែ​គោលបំណង​សំខាន់​របស់​លោក គឺ​ដើម្បី​ទទួល​បាន​សន្តិ​ភាព​។

បើ​គ្មាន​ស្ថេ​រ​ភាព​នយោបាយ​នោះ​ទេ ប្រទេស​កម្ពុជា​មិន​អាច​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ទេ​។ មាន​ប្រទេស​តិច​ណាស់ ដែល​បាន​ឆ្លងកាត់​រឿង​ដ៏​សែន​អាក្រក់​ដូចដែល​បាន​កើតឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ នៅ​ឆ្នាំ​១៩៧០ តាម​រយៈ​ការ​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក ឧត្តមសេនីយ៍ឯក លន់ ន​ល់ បាន​ដឹកនាំ​រដ្ឋប្រហារ​ប្រឆាំង​នឹង​សម្តេច​សីហ​នុ ខណៈ​ដែល​សហរដ្ឋអាមេរិក​យល់​ថា វា​ជា​កិច្ចការ​រារាំង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កុម្មុយនីស្ត​វៀតណាម​។ បើ​គ្មាន​សកម្មភាព​ពី​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហ​នុ ដើម្បី​ឱ្យ​មាន​តុល្យភាព​ទេ ប្រទេស​មួយ​នេះ ប្រាកដជា​រលាយ​ទៅ​ជា​សង្គ្រាមស៊ីវិល​យ៉ាង​ឆាប់រហ័ស​បាត់​ទៅ​ហើយ​។

ខ្មែរក្រហម​កុ​ម្មុ​យ​និ​ស្ត​ប្រឆាំង​នឹង​វៀតណាម ទទួល​បាន​ជ័យ​ជំនះ និង​បាន​កាន់កាប់​ទីក្រុង​ភ្នំពេញ នៅ​ខែមេសា ឆ្នាំ​១៩៧៥ មុន​ពេល​ដែល​ទីក្រុង​ហាណូយ ដណ្តើម​កាន់កាប់​សៃ​ហ្គ ន​នៅ​ខែ​បន្ទាប់។ កងកម្លាំង​សហរដ្ឋអាមេរិក​បាន​ចាក​ចេញពី​ប្រទេស​វៀតណាម​ខាងត្បូង កាលពី​ពីរ​ឆ្នាំ​កន្លង​​ទៅ​។

ស្ថិត​នៅ​ក្នុង​ការ​គ្រប់គ្រង​មនោគមន៍វិជ្ជា​ក្នុង​ការ​បង្កើត​សង្គម​កម្ពុជា​ឡើង​វិញ ហើយ​មួយ​ផ្នែក​ទៀត​ដោយ​ការ​ភ័យ​ខ្លាច​ថា ប្រទេស​វៀតណាម​នឹង​ដាក់​សម្ពាធ​មក​លើ​ប្រទេស​កម្ពុជា ពួក​ខ្មែរក្រហម​បាន​ជម្លៀស​ចេញពី​ភ្នំពេញ​យ៉ាង​ឆាប់រហ័ស ហើយ​បាន​អនុវត្ត​របប​ប្រល័យពូជសាសន៍​ក្នុង​សង្គម​។ ពេល​នោះ​គឺជា​ឆ្នាំ​ដែល​ប្រទេស​ជាតិ​ធ្លាក់​ទៅ​ក្នុង​កម្រិត​សូន្យ ខណៈ​ដែល​គ្មាន​រដ្ឋមន្ត្រី មន្ត្រី មន្ត្រីជាន់ខ្ពស់​កងទ័ព មេដឹកនាំ​ជំនួញ ប្រជាជន​វណ្ណៈ​កណ្តាល មិន​មាន​សមាជិកគ្រួសារ ហើយ​សាច់ញាតិ​ត្រូវ​រង​ទារុណកម្ម និង​ត្រូវ​បាន​សម្លាប់​ក្នុង​កំឡុង​ពេល​នោះ​។

រហូត​មក​ដល់​សព្វ​ថ្ងៃនេះ រដ្ឋាភិបាល​សហរដ្ឋអាមេរិក ទទូច​ឱ្យ​ប្រទេស​កម្ពុជា​សង​ប្រាក់​កម្ចី​ចំនួន ១៥០ លាន​ដុល្លារ ដែល​រដ្ឋាភិបាល​របស់​លោក លន់ ន​ល់ បាន​យក​ទៅ​ទិញ​ស្បៀងអាហារ និង​អាវុធ​មុន​ពេល​អនុញ្ញាត​ឱ្យ​ធនាគារពិភពលោក និង​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ ផ្តល់​ប្រាក់​កម្ចី​ដល់​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​។

ជា​គោលការណ៍ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សុខចិត្ត​លះបង់​ប្រាក់​កម្ចី​ទាំងនេះ​ទៅ​កាន់​រដ្ឋាភិបាល​អា​មេ​រិ​ក​ចំពោះ​ប្រាក់​កម្ចី​ដែល​យក​ដោយ ជន​ក្បត់​ដែល​បាន​បំផ្លាញ​ប្រទេស​។ ជា​ការ​ពិត​រដ្ឋាភិបាល​សហរដ្ឋ​អា​មេ រិ​ក​មាន​ទស្សនៈ​ខុស​គ្នា​ខ្លាំង​។

ទោះបីជា​មានការ​សម្លាប់​ប្រជាជន​ស្ទើរតែ​ទាំងស្រុង ដោយ​ខ្មែរក្រហម​កាលពី​ប៉ុន្មាន​ទសវត្សរ៍​មុន​ក៏​ដោយ សង្គម​កម្ពុជា​កំពុង​តែ​មានការ​អភិវឌ្ឍ​គួរ​ឱ្យ​កត់សម្គាល់​។ វា​គឺជា​ការ​ងើបឡើង​វិញ​ដែល​មិន​គួរ​ឱ្យ​ជឿ ដែល​វា​ហាក់បីដូចជា​ដើមឈើ​មួយ​ដែល​នៅ​សល់​តែ​គល់ ហើយ​បែ​ជា​រីក​លូតលាស់​ជា​ពន្លក​ថ្មី​មក​វិញ​។

មូលហេតុ គឺ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ឫសគល់​នៃ​សង្គម​ខ្មែរ​។ ចក្រភព​ខ្មែរ​មាន​ប្រវត្ដិសាស្ដ្រ​ដ៏​យូរលង់​ណាស់​ចាប់តាំងពី​សហ​វត្ស​ដំបូង​មក​ម្ល៉េះ​។ ផ្ទៃដី​មាន​ទំហំ​ធំ​ជាង​ប្រទេស​កម្ពុជា បច្ចុប្បន្ន ដែល​សព្វថ្ងៃ​លាតសន្ធឹង​ដល់​ប្រទេស​ថៃ ឡាវ និង​វៀតណាម​។

វា​ត្រូវ​បាន​ផ្អែក​លើ​ប្រព័ន្ធ​ស្មុគស្មាញ​នៃ​ការ​គ្រប់គ្រង​ទឹក​នៅ​ក្នុង​តំបន់​ទន្លេសាប និង​ដីសណ្តរ​ទន្លេ​មេគង្គ​។ បឹង​ទន្លេសាប​គឺជា​ធនធានទឹក​ដ៏​ធំ​មួយ​ដែល​លាតសន្ធឹង​នៅ​ពេល​ដែល​ទន្លេមេគង្គ​ស្ថិត​ក្នុង​ស្ថានភាព​ទឹកជំនន់​ហើយ​រួម​តូច​ក្នុង​កំឡុង​ខែ​ដែល​រាំង​ស្ងួត​។ ក្រោម​លក្ខខណ្ឌ​នៃ​សន្តិភាព សណ្ឋាន​ដី គឺ​មាន​សភាព​គ្រប់គ្រាន់​ដែល​អាច​ជួយ​ឱ្យ​អារ្យធម៌​ខ្មែរ​ដ៏​អស្ចារ្យ​មួយ​មានការ​រីក​ចម្រើន។

ប្រាសាទអង្គរវត្ត​មាន​ភាព​ល្បីល្បាញ​។ អ្វី​ដែល​គេ​មិនសូវ​បានដឹង​គឺ​ការ​រក​ឃើញ​នៅ​ភ្នំ​គូលែន​ដែល​ជាទី​ក្រុង​មួយ​ដែល​មាន​ទំហំ​ប៉ុន​ភ្នំពេញ​សព្វថ្ងៃ​។ តាម​រយៈ​រូបភាព​ផ្កាយ​រណប​បង្ហាញ​ថា អង្គរ​មាន​តំបន់​ទីក្រុង​ឧស្សាហកម្ម​ដ៏​ធំ​បំផុត​នៅ​លើ​ពិភពលោក​ក្នុង​អំឡុង​សតវត្ស​ទី ១១ ដល់ ១៣​។

អរិយធម៌​ខ្មែរ​បាន​ផ្តល់​ឱ្យ​ប្រទេស​ថៃ​នូវ​វប្បធម៌​ដ៏​ខ្ពង់ខ្ពស់ ដែល​ជា​ការ​បង្ហាញ​ដ៏​អស្ចារ្យ​មួយ​ដែល​ត្រូវ​បាន​គេ​មើលឃើញ​កំឡុង​ពេល​គ្រងរាជ្យ​របស់​ព្រះមហាក្សត្រ​ថៃ Maha Vajiralongkorn កាលពី​ខែឧសភា នៅ​ពេល​ដែល​ព្រះមហាក្សត្រ​បាន​កាន់​ដាវ​ចាស់​របស់​ខ្មែរ​ដែល​ជា​ផ្នែក​មួយ​នៃ​រាជវង្ស​។ នៅ​សតវត្សរ៍​ទី​១៣ អធិរាជ​ម៉ុង​ហ្គោ​ល Yuan Dynasty បាន​បញ្ជូន​បេសកជន​ជាន់ខ្ពស់​ដែល​មានឈ្មោះ​ថា Zhou Daguan មក​កាន់​អង្គរ​។ លោក​បាន​ស្នាក់​នៅ ៣​ខែ​នៅ​ទីនោះ​ហើយ​បាន​សរសេរ​រៀបរាប់​យ៉ាង​លំអិត​អំពី​ភាព​រុងរឿង​របស់​អង្គរ​។

នេះ​គឺជា​អត្ថន័យ​នៃ​ភាព​អស្ចារ្យ​ជា​ប្រវត្តិសាស្ត្រ​ដែល​ពន្យល់​អំពី​ការ​កើតឡើង​វិញ​នៃ​ប្រទេស​កម្ពុជា​។ បញ្ញវន្ត​ខ្មែរ ដែល​បាន​រួច​ផុត​ពី​ឆ្នាំ​ដែល​ប្រទេស​ជាតិ​ត្រូវ​បាន​បំផ្លាញ ហើយ​ក្លាយជា​ជនភៀសខ្លួន​នៅ​ក្នុង​ទឹកដី​បរទេស មិន​ដែល​ភ្លេច​ថា ពួក​គេ​ជា​នរណា​នោះ​ទេ ខណៈ​ដែល​មនុស្ស​មួយ​ចំនួន​បដិសេធ​មិន​ទទួលយក​សញ្ជាតិ​បរទេស​។

តាំងពី​ពេល​នោះ មក​មនុស្ស​ជា​ច្រើន​បាន​ត្រឡប់​មក​កាន់​ប្រទេស​កំណើត​វិញ​។ ព្រះរាជបុត្រ របស់​ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​នរោត្ដម សីហ​នុ ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្ដម សីហ​មុនី​បាន​ចាកចេញ​ដោយ​ស្ទាក់ស្ទើរ​ពី​ទី​ក្រុងប៉ារីស ជា​កន្លែង​ដែល​ព្រះ​អង្គជា​អ្នករបាំ​ដ៏​សប្បាយ​រីករាយ ក្នុង​ការ​វិល​ត្រឡប់​ចូល​មក​កាន់​ប្រទេស​ជាតិ​វិញ ដើម្បី​គ្រងរាជ្យ​ជា​ព្រះមហា​ក្សត្រ​ក្នុង​ការ​ស្ដារ​របប​រាជា​និយម​។ ដូច​គ្នា​ទៅ​នឹង​ជនរួមជាតិ​របស់​ព្រះ​អង្គជា​ច្រើន ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្ដម សីហ​មុនី ទ្រង់​ជ្រាប​ពី​កាតព្វកិច្ច​ដ៏​ជ្រាលជ្រៅ​ចំពោះ​ប្រជាជន​របស់​ព្រះ​អង្គ​។

គ្មាន​អ្វី​ដែល​ចម្លែក​នោះ​ទេ ដែល​ពួក​អាណានិគម​បារាំង​មានការ​គោរព​យ៉ាង​ខ្លាំង​ចំពោះ​អរិយធម៌​ខ្មែរ​។ នៅ​ឯ​សារមន្ទីរ Guimet Museum of Paris នៃ​ទី​ក្រុងប៉ារីស អរិយធម៌​ខ្មែរ​ត្រូវ​បាន​លើក​ឡើងជា​ការ​គោរព​យ៉ាង​អស្ចារ្យ​។ លោក Jacques Chirac អតីត​ប្រធានាធិបតី​បារាំង បាន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​សិល្បៈ​មួយ​នេះ ហើយ​បាន​បង្ហាញ​ចំណេះដឹង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នៅ​ពេល​ដែល​លោក​បានឃើញ​រូបចម្លាក់​ខ្មែរ​ដែល​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅ​ប្រទេស​សិង្ហ​បុរី នៅ​ពេល​ដែល​លោក​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​។

នៅ​ពេល​ដែល​ប្រទេស​វៀតណាម​មានការ​បែងចែក ដោយ​មានការ​គាំទ្រ​ពី​សហភាព​សូ​វៀត ហើយ​បាន​ឆ្លង​ចូល​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​១៩៧៨ ដើម្បី​កម្ចាត់​របប​ខ្មែរក្រហម មនុស្ស​ជា​ច្រើន​បូក​រួម​ទាំង​នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី លោក លី ក្វា​ន់​យូ ផង​ដែរ​បាន​គិត​ថា ប្រទេស​វៀតណាម​ដែល​គាំទ្រ​ដោយ​សូ​វៀត​នឹង​ក្លាយជា​ម្ចាស់​អាណានិគម​ថ្មី​របស់​កម្ពុជា​ដែល​ទទួល​បាន​ពី​បារាំង​ឥណ្ឌូចិន។

បន្ទាប់​ពី​រយៈពេល ១០​ឆ្នាំ ស្ថិត​ក្រោម​ការ​សម្របសម្រួល​សម្ពាធ​ពី​ប្រទេស​ចិន សហរដ្ឋអាមេរិក និង​អាស៊ាន ប្រទេស​វៀតណាម​បាន​ដកថយ​។ ប៉ុន្មាន​ឆ្នាំ​ក្រោយមក​តាម​រយៈ​ការ​តវ៉ា​ទាមទារ​ប្រាសាទព្រះវិហារ ប្រទេស​ថៃ និង​កម្ពុជា បាន​ឈាន​ដល់​សង្គ្រាម​នៅ​ឆ្នាំ​២០០៨​។

ក្នុង​សមរភូមិ ទាហាន​ខ្មែរក្រហម​ដ៏​ខ្លាំងក្លា​នៅ​ខាង​កម្ពុជា​អាច​នឹង​ក្លាយជា​កម្លាំង​ដែល​សំខាន់​សម្រាប់​តទល់​នឹង​កម្លាំង​ថៃ​។ តាម​រយៈ​ការ​ទទួលខុសត្រូវ​ល្អ​ៗ​របស់​អាស៊ាន ការ​យល់​ដឹង​និង​សន្តិភាព​ត្រូវ​បាន​រក្សា​។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បណ្ដា​ប​ស្ចឹ​ម​ប្រទេស​សម្ដែង​ការ​ព្រួយបារម្ភ​ថា ប្រទេស​កម្ពុជា​កំពុង​តែ​មានការ​ជិត​ស្និត​នឹង​ប្រទេស​ចិន​ដែល​រីក​លូតលាស់​ខាង​សេដ្ឋកិច្ច​។

នៅ​ពេល​ដែល​ប្រទេស​កម្ពុជា រារាំង​បញ្ហា​នៃ​សេចក្តីថ្លែងការណ៍​រួម​ដោយ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ស្តី​ពី​សមុទ្រ​ចិន​ខាងត្បូង​ក្នុង​ឆ្នាំ​២០១២ និង ២០១៦ មនុស្ស​ជា​ច្រើន​យល់​ថា ការ​សម្រេចចិត្ត​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ផ្គាប់ចិត្ត​ប្រទេស​ចិន​។

ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​ទទួល​បាន​ផលប្រយោជន៍​ដែល​កើតឡើង​ពី​ទំនាក់ទំនង​ល្អជា​មួយ​ប្រទេស​ចិន​និង​លើកទឹកចិត្ត​ដល់​ការ​វិនិយោគ​របស់​ចិន​លើ​ហេដ្ឋារចនាសម្ព័ន្ធ និង​ផលិតកម្ម ប្រជា​ជន​កម្ពុជា​នឹង​មិន​អនុញ្ញាត​ឱ្យ​ប្រទេស​កម្ពុជា​ក្លាយជា​ប្រទេស​ដែល​ជំនួស​ដោយ​ចិន​លើស​ពី​ការ​​អនុញ្ញាត​ឱ្យ​មាន​អំណាច​ក្នុង​តំបន់​ឬ​អន្តរជាតិ​ណាមួយ​ឡើយ​។

សហរដ្ឋអាមេរិក​មានការ​ព្រួយបារម្ភ​ថា កំពង់​ផែ និង​ការ​អភិវឌ្ឍ​អាកាសយានដ្ឋាន​ថ្មី​ក្នុង​ក្រុង​ព្រះសីហនុ​ដែល​ទទួល​បាន​ហិរញ្ញប្បទាន​ពី​ប្រទេស​ចិន​នឹង​ប្រែ​ក្លាយទៅជា​មូលដ្ឋាន​យោធា​ចិន​។ តាម​រយៈ​ការ​ស្វាគមន៍​ការ​ត្រួតពិនិត្យ​ទីតាំង​ដោយ​ផ្ទាល់​ពី​សហរដ្ឋអាមេរិក​នៅ​តាម​ទីតាំង​នានា រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​ថា វា​គ្មាន​អ្វី​ដែល​ត្រូវ​លាក់បាំង​ទេ​។

នៅ​ពេល​ដែល​ទន្លេមេគង្គ គឺជា​បន្ទាត់​បែងចែក​រវាង​ពិភពលោក​ពីរ​ក្នុង​កំឡុង​ពេល​សង្គ្រាមត្រជាក់​ប្រទេស​កម្ពុជា គឺជា​កន្លែង​មួយ​ដែល​ត្រូវ​បាន​ដណ្ដើម​យក​កាន់កាប់​ដោយ​ប្រទេស​មហាអំណាច​។ ដោយហេតុ​ថា​ស្ថានភាព​ផ្ទៃដី​ភាគច្រើន​រាបស្មើ​ពី​ទីក្រុង​ហូ​ជី​មិ​ញ ទៅ​ទីក្រុង​បាងកក រាល់​ប្រទេស​ទាំងឡាយ​ណា​ដែល​គ្រប់គ្រង​ប្រទេស​កម្ពុជា បាន​គំរាមកំហែង​ដល់​ប្រទេស​ជិតខាង​របស់​ខ្លួន​។ វា​បាន​ក្លាយជា​វាល​ពិឃាត​ក្នុង​របប​ប្រល័យពូជសាសន៍​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​។

ដោយ​មាន​សន្តិភាព និង​ការ​ពង្រីក​អាស៊ាន​ក្នុង​ការ​រួម​បញ្ចូល​តំបន់​ឥណ្ឌូចិន​ទាំងអស់ សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​កំពុង​តែ​ទទួល​បាន​អត្ថប្រយោជន៍​ពី​កំណើន​ទេសចរណ៍ ផលិតកម្ម និង​កសិកម្ម​។ ប្រទេស​នេះ​ក៏​កំពុង​តែ​ក្លាយជា​មជ្ឈមណ្ឌល​ដឹក​ជ​ញ្ចូ​ន​ដែល​ត​ភ្ជាប់​ប្រទេស​វៀតណាម​ទៅ​ប្រទេស​ថៃ និង​ប្រទេស​ឡាវ​ទៅ​កាន់​សមុទ្រ​ផង​ដែរ​។ គ្មាន​ប្រទេស​អាស៊ាន​ណាមួយ​ចង់​ឲ្យ​តំបន់​អាស៊ី​អាគ្នេយ៍​ក្លាយជា​តំបន់​ដែល​ត្រូវ​បាន​បែងចែក​ទៀត​ទេ ជា​ពិសេស​ប្រទេស​កម្ពុជា​។

ប្រឆាំង​នឹង​ស្ថានភាព​ប្រវត្តិសាស្ត្រ​នេះ វា​នឹង​ក្លាយជា​កំហុស​មួយ​ដែល​អា​មេ​រិ​ក និង​អឺរ៉ុប​ត្រូវ​ចាត់វិធានការ​ធ្ងន់ធ្ងរ​ប្រឆាំង​នឹង​កម្ពុជា​។ រួម​ជាមួយនឹង​ប្រទេស​មហាអំណាច​ផ្សេង​ទៀត សហ​រដ្ឋអាមេរិក និង​អឺរ៉ុប​បាន​ចូលរួម​ចំណែក​ក្នុង​ការ​ធ្លាក់​ចុះ​នៃ​ប្រទេស​ជាតិ​ដល់​កម្រិត​សូន្យ​។

ចាប់តាំងពី​ពេល​នោះ​មក សហរដ្ឋអាមេរិក និង​អឺរ៉ុប​បាន​ផ្តល់​ជំនួយ​នយោបាយ និង​សេដ្ឋកិច្ច​យ៉ាង​សំខាន់​ដែល​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា អាច​មាន​លទ្ធភាព​ដូចដែល​យើង​បានឃើញ​សព្វ​ថ្ងៃនេះ​។
ជំនួយ​របស់​សហរដ្ឋអាមេរិក​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ផ្នែក​ពាណិជ្ជកម្ម GSP និង​ជំនួយ​របស់​អឺរ៉ុប​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់មុខ​ទំនិញ​លើកលែង​ស​ព្វា​វុ​ធ‍​» (EBA) នឹង​ត្រូវ​បាន​លុប​ចោល​នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​។ ការ​ដែល​ប្រព័ន្ធ​ទាំងនេះ​ត្រូវ​បាន​បញ្ចប់​មុន​ពេល​កំណត់ វា​អាច​បង្ក​ជា​គ្រោះថ្នាក់​ដល់​ប្រទេស​កម្ពុជា​និង​បណ្តាល​ឱ្យ​សហរដ្ឋអាមេរិក​និង​អឺរ៉ុប​បាត់បង់​សុច្ឆន្ទៈ​។

ស្រប​ពេល​ដែល​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​មាន​សិទ្ធិ​ក្នុង​ការ​បញ្ចេញមតិ​របស់​ខ្លួន​លើ​ការ​វិវឌ្ឍន៍​នយោបាយ និង​សេដ្ឋកិច្ច​នៅ​កម្ពុជា ពួក​គេ​មិន​គួរ​វិនិច្ឆ័យ​ប្រទេស​ដោយ​ឈរ​លើ​រូបភាព​មួយ​​ចំនួន​ដែល​កើតឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ពួក​គេ​ត្រូវ​មើល​ឲ្យ​កាន់តែ​ទូលំទូលាយ​អំពី​អ្វី​ដែល​កើតឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា បន្ទាប់​ពី​យុទ្ធនាការ​វាយលុក​បុណ្យចូលឆ្នាំ​នៅ​វៀតណាម​ខាងត្បូង​ក្នុង​ឆ្នាំ​១៩៦៩ នៅ​ពេល​ដែល​ប្រទេស​ចិន​បាន​ដាក់​ទណ្ឌ​កម្ម​លើ​ប្រទេស​វៀតណាម ចំពោះ​ការ​លុកលុយ​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​១៩៧៩ នៅ​ពេល​ដែល​វៀតណាម​ដកខ្លួន​ចេញ​ក្នុង​ឆ្នាំ​១៩៨៩ នៅ​ពេល​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រួច​ផុត​ពី​ការ​ធ្វើឃាត​ក្នុង​ឆ្នាំ​១៩៩៩ នៅ​ពេល​ដែល​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា បាន​រួច​ផុត​ពី​វិបត្តិ​ហិរញ្ញវត្ថុ​សកល​ក្នុង​ឆ្នាំ ២០០៩ និង​អ្វី​ដែល​ប្រទេស​កម្ពុជា​មាន​សព្វថ្ងៃ​។

ទោះបីជា​ការ​បោះ​ឆ្នោត​ដែល​រៀបចំ​ដោយ​អង្គការសហប្រជាជាតិ​ក្នុង​ឆ្នាំ​១៩៩៣ គឺជា​ព្រឹត្តិការណ៍​សំខាន់​មួយ​ឆ្ពោះទៅ​រក​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រទេស​កម្ពុជា​ក៏​ដោយ ក្រុម​ដ៏​ទៃ​ផ្សេង​ៗ​បាន​បន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្នា​ទៅ​វិញ​ទៅ​មក​។

វា​ជា​ការ​លើកលែងទោស​ដោយ​ផ្អែក​លើ​គោលនយោបាយ​ឈ្នះ​ឈ្នះ​ដែល​ស្នើ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ដំណើ​ការ​ដែល​លោក​បាន​គ្រប់គ្រង​ក្នុង​ការ​មិន​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​បុគ្គល​ដែល​មាន​បំណង​ចង់​សម្លាប់​រូប​លោក ដែល​ទីបំផុត​បាន​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​ឆ្នាំ ១៩៩៩ និង​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​មាន​សន្តិភាព​និង​ការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់​។

គួរ​បញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា អ្វី​ដែល​ប្រទេស​កម្ពុជា​សម្រេច​បាន​ក្នុង​រយៈពេល​២០ ឆ្នាំ​ចុង​ក្រោយ​បន្ទាប់​ពី ​សង្គ្រាម​អស់​រយៈពេល​ជា​ច្រើន​ទស​វត្ស​នេះ គឺជា​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។ ទោះ​យ៉ាង​ណា​មិត្ត​ទាំងឡាយ​របស់​កម្ពុជា​គួរតែ​ចង​ចាំ​ថា ប្រទេស​នេះ​នៅ​តែ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​មួយ​ដែល​ផុយ​ស្រួយ​។ យើង​គួរតែ​ជួយ​ប្រទេស​ជាតិ​ឱ្យ​មានការ​រីក​ចម្រើន​ក្នុង​ទិស​ដៅ​ត្រឹមត្រូវ មិនមែន​ធ្វើ​ឱ្យ​មានដំណើ​ការ​រីក​ចំរើន​កាន់តែ​មាន​ភាព​ពិបាក​នោះ​ទេ​។

តាម​ទស្សនវិស័យ​របស់​បស្ចិមប្រទេស ប្រទេស​ជា​ច្រើន​ក្នុង​អាស៊ាន​មិន​មាន​ភាពល្អ​គ្រប់គ្រាន់​ទៅ​នឹង​ស្តង់ដា​របស់​ប្រទេស​ខ្លួន​នោះ​ទេ ប៉ុន្តែ​វា​នឹង​ក្លាយជា​រឿង​ដែល​ខុស​ដើម្បី​ធ្វើ​ឱ្យ​ប្រទេស​ទាំងនេះ​ចុះ​ខ្សោយ​។ ជា​ការ​ពិត​ណាស់ វា​មាន​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ប្រទេស​លោក​ខាងលិច​ក្នុង​ការ​គាំទ្រ​ដល់​អាស៊ាន​ដែល​មិនមែន​ជា​សម្ព័ន្ធ​ដែល​ពឹងផ្អែក​លើ​ប្រទេស​មហាអំណាច​ជាមួយ​និង​សេដ្ឋកិច្ច​រស់​រវើក​។

គួរ​បញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា លោក George Yeo គឺជា​អតីតរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម និង​ឧស្សាហកម្ម​សឹ​ង្ហ​បុរី​ចាប់ពី​ឆ្នាំ ១៩៩៩ ដល់ ២០០៤ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចាប់ពី​ឆ្នាំ ២០០៤ ដល់ ២០១១ ។

ប្រភព ៖ កាសែត​ខ្មែរ​ថា​ម​ស៍
បកប្រែ​ដោយ ៖ ភុ​ន ច័ន្ទ​ឧសភា
ដោយ​សយ​ហ​ការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ