រាជធានភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ជនសង្ស័យលួចឡើងលើដំបូងផ្ទះម្ចាស់ផ្ទះដេញវាយ បណ្តាលឲ្យរងរបួសធ្ងន់បែកក្បាលសន្លប់ស្តូកស្តឹង បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែតុលានេះ នៅផ្ទះជួល (ផ្ទះល្វែង) ភូមិក្បាលដំរីទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។
ម្ចាស់ផ្ទះឈ្មោះ សុខ ទ្រី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកហាងចិន រស់នៅភូមិក្បាលដំរីទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។ ជនសង្ស័យឈ្មោះ អាន សុភ័ស្សភេទប្រុស អាយុ៣៥ឆ្នាំ មុរបររត់ម៉ូតូឌុប ស្នាក់នៅភូមិថ្មគោល សង្កាត់ទី២ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មានពីបុរសម្ចាស់ផ្ទះបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុគាត់បានត្រឡប់មកពីធ្វើការនៅហាងចិនហើយបន្ទាប់មកជនរងគ្រោះជាម្ចាស់ផ្ទះបានងូតទឹក និងបោកសំលៀកបំពាក់យកទៅហាលនៅលើដំបូងផ្ទះ ឃើញជនសង្ស័យអង្គុយពួនលើ (អាវុង) បាំងសាចទឹកលើបង្អួច ក៏ស្រាប់តែគាត់យកដុំថ្មគប់ពីលើដំបូលផ្ទះមកជាន់ខាងក្រៅ បណ្តាលឲ្យជនសង្ស័យភ័យរត់គេចខ្លួន ។
ជនរងគ្រោះជាម្ចាស់ផ្ទះបានចុះដេញជនសង្ស័យម្តងទៀតមកដល់ផ្លូវសហព័ន្ធរុស្ស៊ីទល់មុខប្រលានយន្តហោះអន្តរជាតិភ្នំពេញ ជនសង្ស័យបំរុងតដៃម្ចាស់ផ្ទះ តែម្ចាស់ផ្ទះបានយកដំបងឈើជ្រុលវាយ បណ្តាលឲ្យបែកក្បាលសន្លប់ស្តូកស្តឹង ។ បន្ទាប់ពីម្ចាស់ផ្ទះតេប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ភ្លាមៗផងដែរ ដោយសមត្ថកិច្ចឃើញជនសង្ស័យរងរបួសធ្ងន់ធ្ងរពេកបានហៅរថយន្តមកដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ ។
ក្រោយពេលកើតហេតុបន្ទាប់ពីជនសង្ស័យសង្គ្រោះភ្លាមៗនោះសមត្ថកិច្ចបាននាំជនរងគ្រោះជាម្ចាស់ផ្ទះយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២ ដើម្បីសាកសួរភ្លាមៗផង
ដែរ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ