ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«ឆៃយ៉ាំ» ​ស្ទើរតែ​បាត់បង់ និង​គ្មាន​ទីផ្សារ​​សម្ដែង… ខាត់ សុឃីម​ អំពាវ​នាវ​ឱ្យ​ជួយផង!!!

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អ្នក​នាង​ខាត់ សុ​ឃី​ម បាន​អំពាវនាវ​ដល់​មហាជន​ឲ្យ​ចូលរួម​គាំទ្រ​សិល្បៈ​ឆៃយ៉ាំ ក្នុង​ពេល​ដែល​សិល្បៈ​មួយ​នេះ​ស្ទើរតែ​បាត់បង់ និង​គ្មាន​ទីផ្សារ​សម្ដែង​។ ក្នុង​នាម​ជា​អ្នកសិល្បៈ​បុរាណ​ម្នាក់​ផង​ដែរ​នោះ អ្នក​នាង​ខាត់ សុ​ឃី​ម តែងតែ​ព្យាយាម​បំផុស…

រាជធានី​ភ្នំពេញ​៖ អ្នក​នាង​ខាត់ សុ​ឃី​ម បាន​អំពាវនាវ​ដល់​មហាជន​ឲ្យ​ចូលរួម​គាំទ្រ​សិល្បៈ​ឆៃយ៉ាំ ក្នុង​ពេល​ដែល​សិល្បៈ​មួយ​នេះ​ស្ទើរតែ​បាត់បង់ និង​គ្មាន​ទីផ្សារ​សម្ដែង​។ ក្នុង​នាម​ជា​អ្នកសិល្បៈ​បុរាណ​ម្នាក់​ផង​ដែរ​នោះ អ្នក​នាង​ខាត់ សុ​ឃី​ម តែងតែ​ព្យាយាម​បំផុស លើក​ស្ទួយ និង​បំផុស​ឲ្យ​មហាជន​ចាប់អារម្មណ៍​លើ​សិល្បៈ​បុរាណ ក្នុង​ពេល​ដែល​អ្នក​អាជីព​សិល្បៈ​បុរាណ ម្នាក់​ៗ​ស្ទើរតែ​បាត់បង់​អាជីព​ដោយសារ​គ្មាន​អ្នកគាំទ្រ ។

ជា​ថ្មី​ម្តងទៀត​ខាត់ សុ​ឃី​ម បាន​អំពាវនាវ​ដល់​មហាជន​នៅ​ទូ​ទាំង​ប្រទេស​សូម​ឲ្យ​ចូលរួម​គាំទ្រ​សិល្បៈ​ស្គរ​ឆៃយ៉ាំ​ផង ខណៈ​ពេល​ដែល​អ្នក​អាជីព​សិល្បៈ​មួយ​នេះ​បាន​ត្អូញត្អែរ​ពី​ការ​ខ្វះ​ទីផ្សារ និង​មិន​ផ្ដល់​តម្លៃ​លើ​សិល្បៈ​មួយ​នេះ ។

បើ​យោង​តាម​សារ​ដែល​អ្នក​នាង​ខាត់ សុ​ឃី​ម បាន​បង្ហោះ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​អំពី​បញ្ហា​នេះ​ថា «​ខ្ញុំ​ពិតជា​ស្រឡាញ់ និង​ពេញចិត្ត​ឆៃយ៉ាំ​ណាស់ ចេញពី​ចិត្ត ។ សូម​ចិត្ត​បង​ប្អូន​ជួយ​ឆៃយ៉ាំ​ផង​។ សព្វថ្ងៃ​អ្នកចេះ​ឆៃយ៉ាំ គឺ​ទីផ្សារ​មួយ​ឆ្នាំ​មាន​តែ​២៩​ថ្ងៃ ។ បើ​នៅ​ស្រុកស្រែ ចង់​ដាច់​ពូជ ។ ប្រហែលជា​មិនសូវ​មាន​ទីផ្សារ ទើប​អ្នកលេង​គិត​ថា ខ្លួន​អត់​តម្លៃ ហើយ​ដើម្បី​លេង​ទាល់តែ​អស់​មួយ​លី​ត្រ​ឡើង​ទៅ​»​។

បើ​តាម​អ្នក​នាង​ខាត់ សុ​ឃី​ម​«​តាម​ពិត​ឆៃយ៉ាំ​គឺ​ត្រូវ​តែ​មាន​តម្លៃ ។ ក្រៅពី​ដង្ហែ​គ្រឿង​សក្ការៈ គឺ​ដង្ហែ​បុណ្យ ម្តេច​ក៏​ដូច្នេះ ? តើក​ន្ទ្រឹ​ម និង​ឆៃយ៉ាំ ខុស​គ្នា​ប៉ុនណា ? ម្តេច​ក៏​ក​ន្ទ្រឹ​ម​លេចមុខ​មាត់​កើត »​។

ក្នុង​សម័យ​បច្ចុប្បន្ន គេ​សង្កេត​ឃើញ​ថា មានការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ការ​គាំទ្រ​ទៅ​សិល្បៈ​បុរាណ​ស្ទើរ​គ្រប់​ទម្រង់ មិនមែន​តែ​សិល្បៈ​ឆៃយ៉ាំ​មួយ​នេះ​ទេ ពោល​គឺ​បើ​និយាយ​ពី​សិល្បៈ​បុរាណ​មាន​ដូច​ជា យីកេ ល្ខោនបាសាក់ និង​ល្ខោនខោល និង​ប្រភេទ​សិល្បៈ​បុរាណ​ជា​ច្រើន​ទម្រង់​ទៀត​ក៏​មិនសូវ​មានការ​គាំទ្រ​ច្រើន​នោះ​ឡើយ ។ ភាគច្រើន​អ្នកសិល្បៈ​បច្ចុប្បន្ន​អាច​ចាប់​ឈោង​ភាព​ល្បីល្បាញ និង​ទាញ​ស្រូប​យក​កម្រៃ​បាន​ច្រើន​តែ​ទៅ​លើ​សិល្បៈ​បែប​សម័យ​ប៉ុណ្ណោះ មាន​ដូច​ជា​ច្រៀង និង​សម្តែង ក្នុង​ពេល​ដែល​យុវវ័យ​បច្ចុប្បន្ន​ក៏​មានការ​គាំទ្រ​យ៉ាង​គគ្រឹកគគ្រេង​តែ​លើ​សិល្បៈ​បែប​សម័យ ។

របាំ​ឆៃយ៉ាំ គឺជា​របាំ​បុរាណ ដែល​អ្នក​វាយ​ស្គរ​តុបតែង​កាយ​បែប​កំប្លែង ក្រមិចក្រមើម​។ ការ​រាំ ត្រូវ​បាន​បង្ហាញ​ពី​សញ្ញា​នៃ​ការ​ហៅ និង​ការ​ឆ្លើយ​តប​មាន​អ្នក​ទះដៃ និង​អ្នក​វាយ​ឃ្មោះ ខណៈ​អ្នក​រាំ​ស្លៀកពាក់​បែប​កំប្លែង គូរ​មុខមាត់​។

តន្ត្រី​ឆៃយ៉ាំ គឺ​ក្បួន​ហែ​នាំមុខ​គេ ដែល​ទាក់ទង​ទៅ​នឹង​អ្នក​កាន់​ពុទ្ធសាសនា​ក្នុង​ការ​ប្រារ​ព្ឋ​ពិធី​ដូច​ជា​ការ​ពិធី​ចេញ​ព្រះ​វស្សា និង​បុណ្យ​កឋិនទាន បុណ្យផ្កា និង​ពិធីបុណ្យ ផ្សេង​ៗ​ទៀត​ដើម្បី បង្កើត​នូវ​ភាព​សប្បាយ​រីករាយ​ទាំងអស់​គ្នា ។

ប្រវត្តិ​របាំ​ឆៃយ៉ាំ គឺ​ពុំ​ទាន់​មាន​ឯកសារ ឬ​ការ​ស្រាវជ្រាវ​ជាក់លាក់​ណា​មក​បង្ហាញ​ថា មាន​ប្រវត្តិ ឬ​ប្រភព​ច្បាស់លាស់​នៅឡើយ​ទេ ។ ក៏​ប៉ុន្តែ​អ្នកខ្លះ​ឱ្យ​យោបល់​ថា របាំ​ឆៃយ៉ាំ ទំនងជា​មានកំណើត​ចេញពី​មនុស្ស​ជំនាន់​ដើម ដែល​មាន​សភាព​ភ្ញាក់ផ្អើល ខ្លាចរអា​ប្រៀប​បាន​ទៅ​នឹង​សត្វព្រៃ​ផ្អើល​នៅ​ពេល​បានឃើញ​មនុស្ស និង​អ្នកខ្លះ​ទៀត​យល់​ថា នៅ​ពេល​មនុស្ស​ជោគជ័យ​ក្នុង​កិច្ចការ​របស់​ខ្លួន​តែង​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ហើយ​ក៏​បាន​បង្កើត​របាំ​នោះ​ឡើង ដើម្បី​រំឭក​នូវ​ជ័យជម្នះ​នោះ។

នេះ​បើ​តាម​សៀវភៅ​អក្សរសាស្ត្រ​ខ្មែរ​ថ្នាក់​ទី​១២ នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បោះ​ពុម្ពផ្សាយ​ក្នុង​ឆ្នាំ​២០១៥ ។ ថ្វី​ដ្បិតតែ​ការ​សិក្សា​ស្រាវជ្រាវ​ពី​ប្រវត្តិ​របាំ​នេះ​ពុំ​ទាន់​បាន​លទ្ធផល​ច្បាស់លាស់​នៅឡើយ ប៉ុន្តែ​នៅ​ក្នុង​សៀវភៅ​អរិយធម៌​ខ្មែរ​របស់​អ្នកស្រី​ត្រឹង ងា បោះពុម្ព​ឆ្នាំ​១៩៧៤ បាន​សន្និដ្ឋាន​ថា របាំ​ឆៃយ៉ាំ​ប្រាកដជា​មាន​សំណល់​មក​ពី​អរិយធម៌​របស់​មនុស្ស​ជាន់​ដើម ដែល​បាន​រស់នៅ​លើ​ទឹកដី​ខ្មែរ​នេះឯង ៕ (​កែសម្រួល​ដោយ​៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ