រាជធានីភ្នំពេញ ៖ ខណៈការអភិវឌ្ឍន៍រាជធានីភ្នំពេញមានសន្ទុះហក់ឡើងយ៉ាងឆាប់រហ័សនឹកស្មានមិនដល់ដែលបានធ្វើឲ្យតម្លៃដីធ្លីនៅតំបន់មាសក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌដូនពេញជាដើម ដែលស្ថិតនៅចំកណ្តាលក្រុងមានតម្លៃចូលខ្ទង់ម៉ឺនដុល្លារក្នុងមួយម៉ែត្រការ៉េ អ្នកវិនិយោគិនទាំងក្នុងនិងក្រៅស្រុកហាក់ចាប់ផ្ដើមចាប់អារម្មណ៍ខ្លាំងលើការ វិនិយោគនៅតំបន់ជាយរាជធានី ខណៈកណ្ដាលក្រុងក៏ចាប់ផ្ដើមចង្អៀត តម្លៃដីខ្ពស់កប់ពពកហើយមានទំហំតូចៗ ។
ជាការកត់សម្គាល់នៅជាយរាជធានីភ្នំពេញ ជាពិសេសប៉ែកខាងកើត និងខាងជើង កំពុងមានការអភិវឌ្ឍន៍ខ្លាំងទៅលើលំនៅឋាន និងពាណិជ្ជកម្ម ដោយវិនិយោគិនក្នុងនិងក្រៅប្រទេសបានដាក់ទុនវិនិយោគលើគម្រោងរបស់ខ្លួនជាបន្តបន្ទាប់ ដោយភាគច្រើនផ្តោតលើវិស័យសំណង់ និងអចលទ្រព្យ។
បើតាមលោកឧកញ៉ា នួន រឹទ្ធី អគ្គនាយកក្រុមហ៊ុនវាយតម្លៃអចលនវត្ថុ Khmer Founder Appraisal បានមានប្រសាសន៍ថាការវិនិយោគនៅភ្នំពេញចាប់ផ្ដើមរីកសាយបន្តិចម្ដងៗហើយ និងរីកដុះដាលកាន់តែខ្លាំងឡើងៗទៅកាន់តំបន់ជាយៗរាជធានីភ្នំពេញជាបន្តបន្ទាប់ ព្រោះតំបន់មាស ឬហៅថាតំបន់កណ្តាលរាជធានីភ្នំពេញហាក់ណែនចង្អៀតគួរឲ្យកត់សម្គាល់ ។
លោកឧកញ៉ា នួន រឹទ្ធី បានបន្តថា «ការអភិវឌ្ឍន៍ជាយរាជធានីភ្នំពេញយើងឃើញថាសឹងតែគ្រប់ប៉ែកទាំងអស់ គឺទាំង៨ទិស គ្រាន់តែសក្ដានុពលនៃទិសនីមួយៗមានភាព
ខុសៗគ្នា ។ តំបន់ខ្លះកំពុងទទួលបាននូវការអភិវឌ្ឍន៍ជាលំនៅឋានយ៉ាងច្រើន ខណៈ តំបន់ខ្លះក៏កំពុងពេញនិយមការវិនិយោគជាតំបន់ពាណិជ្ជកម្ម និងតំបន់ខ្លះទៀតគឺសម្រាប់ជាតំបន់នៃការវិនិយោគនៃការសាងសង់ជារោងចក្រ សហគ្រាស ជាដើម» ។ លោកបានបន្តថា «អ្នកវិនិយោគត្រូវតែសម្លឹងមើលតំបន់ជាយៗក្រុង សម្រាប់ការអភិវឌ្ឍន៍នូវគម្រោងវិនិយោគរបស់ខ្លួនហើយ ពីព្រោះតំបន់កណ្ដាលក្រុងជាតំបន់ដែលតម្លៃដីធ្លីចាប់ផ្ដើមឡើងថ្លៃខ្ពស់ ដូច្នេះវិនិយោគិនដែលមានទុនតិចតួច ឬសមល្មម ត្រូវតែរកតំបន់ណាដែលមានតម្លៃដីធ្លីនៅទាបជាងកណ្ដាលក្រុង ។ម្យ៉ាងទៀត តំបន់កណ្ដាលក្រុងក្លាយជាតំបន់ពាណិជ្ជកម្ម ហើយជាយក្រុងជាតំបន់លំនៅឋាន សម្រាប់ស្នាក់នៅ ដូច្នេះ ពេលថ្ងៃពលរដ្ឋមកធ្វើការនៅកណ្ដាលក្រុង និងពេលយប់ត្រលប់ទៅសម្រាកនៅគេហដ្ឋានជាយរាជធានីវិញ»។
បើតាមលោកស្រី Deng Wanfang នាយកប្រតិបត្តិក្រុមហ៊ុន The Peninsula Capital មកពីទីក្រុងសៀងហៃប្រទេសចិន ដែលគ្រោងនឹងអភិវឌ្ឍន៍អគារខុនដូរមួយ នៅតំបន់ជាយរាជធានីភ្នំពេញ ប៉ែកខាងកើតតំបន់កោះនរា ច្បារអំពៅ បាននិយាយថាអ្វីដែលក្រុមវិនិយោគលោកស្រី យកតំបន់កោះនរាសម្រាប់ការវិនិយោគ ជាលំនៅឋាន និងពាណិជ្ជកម្ម ដោយសារតែ នៅកណ្ដាលក្រុងភ្នំពេញត្រូវបានមើលឃើញថា មានភាពចង្អៀតទៅលើការអភិវឌ្ឍន៍ ហើយជាក់ស្ដែង ដូចបានឃើញស្រាប់នៅកណ្ដាលក្រុងភ្នំពេញពោរពេញ ទៅដោយលំនៅឋាន ហើយចង្អៀតខ្លាំងណាស់ ដូច្នេះបើចង់បានដីធំហំធំ សម្រាប់អភិវឌ្ឍន៍ត្រូវការទិញផ្ទះទាំងនោះជាច្រើនដើម្បីយកដីអភិវឌ្ឍន៍ ។
លោកស្រីបានបន្តថា នេះជាកត្តាដែលជំរុញអោយក្រុមវិនិយោគលោកស្រី ត្រូវងាកទៅតំបន់ជាយរាជធានី ។ ម្យ៉ាងទៀត ជាយរាជធានីបច្ចុប្បន្ននេះ ក៏មិនខុសពីរាជធានីភ្នំពេញ ពីមុនដែរ ។ ការអភិវឌ្ឍន៍ កណ្ដារាជធានីភ្នំពេញ និងនៅជាយរាជធានី គឺមានភាពប្រហាក់ប្រហែលគ្នា មិនខុសគ្នាប៉ុន្មានទេ ក្នុងនោះដែរ កម្រិតជីវភាពនិងការរស់នៅរបស់ប្រជាពលរដ្ឋក៏កាន់តែកៀកគ្នាដែរ ។ លោកស្រីក៏បានបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនលោកស្រីបានសម្រេចដាក់ទុនវិនយោគនៅតំបន់ច្បារអំពៅជាអគារខុនដូ ប្រមាណ១០០លានដុល្លារ ហើយគម្រោងនឹងត្រូវផ្ដើមអនុវត្តន៍ នៅចុងឆ្នាំនេះ និងគ្រោងបញ្ចប់នៅចុងឆ្នាំ ២០២២ ។
បើតាមលោក ប៉ែន សុភា អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់រាជធានីភ្នំពេញ បានមានប្រសាសន៍ថា រាជធានីភ្នំពេញ នៅតែជាតំបន់មួយដែលមានសក្ដានុពលខ្លាំង ក្នុងការទាក់ទាញវិនិយោគិនបរទេស មកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ។ លោកបានបន្តថា «ដោយសារតែភ្នំពេញ ជារាជធានីនៃប្រទេសកម្ពុជា ដូច្នេះហើយ វិនិយោគិនបរទេសមកកម្ពុជា គេចង់ឃើញនិងមកអភិវឌ្ឍន៍នៅរាជធានីនៃប្រទេសយើង ដែលធ្វើអោយភ្នំពេញសំបូរទៅដោយអគារខ្ពស់ៗ និងការដ្ឋានសំណង់ជាច្រើនទៀតកំពុងដំណើរការសាងសង់ នឹងគ្រោងបញ្ចប់នៅពេលឆាប់ៗខាងមុខនេះ» ។
លោកហ៊ឹម សីហា នាយកផ្នែកស្រាវជ្រាវ នៃក្រុមហ៊ុនវាយតំលៃអចលនទ្រព្យ VTRUST បានឱ្យដឹងថា ការវិនិយោគលើហេដ្ឋារចនានៃរាជធានីភ្នំពេញ វិស័យសំណង់គេហដ្ឋាន តំបន់ឧស្សាហកម្មនឹងមានការកើនឡើងខ្ពស់នៅពេលអនាគត ។ ក៏ប៉ុន្តែដោយសារតែទីក្រុងបច្ចប្បន្នមានការចង្អៀតខ្លាំង ដូច្នេះអនាគតនៃទីក្រុងភ្នំពេញនឹងធ្វើការពង្រីកអភិវឌ្ឍន៍ទៅផ្នែកខាងត្បូង ខាងកើត ដែលនឹងបង្កើតទៅជាទីក្រុងរណបជាច្រើន ។ លោកបានបញ្ជាក់អះអាងយ៉ាងដូច្នេះថា « តំបន់ច្បារអំពៅគឺជាតំបន់មួយដែលមានសក្តានុពលខ្លាំងជាងតំបន់ផ្សេងៗទៀតដោយសារមានទីតាំងស្ថិតនៅដាច់ពីចំណុចកណ្តាលនៃទីក្រុង ហើយមានដីទំនេរជាច្រើនសំរាប់អភិវឌ្ឍន៍។ ទីក្រុងភ្នំពេញត្រូវបានរំពឹងទុកថានឹងក្លាយជាតំបន់សេដ្ឋកិច្ចស្នូលមួយនៃតំបន់ភាគកណ្តាលនិងភាគបូព៌ានៃឧបទ្វីបអាស៊ី » ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ