តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា អតីតកីឡាករឆ្នើម David Beckham កំពុងតែបោះនុយធំចាំចាប់យក Lionel Messi មកកាន់ក្លិបរបស់ខ្លួន Inter Miami ដោយឱ្យ Paul McDonough ដែលជាមនុស្សជំនិតក្នុងក្លិបទៅទីក្រុងឡុងដ៍ដើម្បីនិយាយថ្លៃជាងមួយនឹងឪពុករបស់ Messi លោក Jorge ។
អតីតកីឡាករ Manchester United និង ក្រុមជម្រើសជាតិអង់គ្លេស Beckham រំពឹងខ្ពស់សម្រាប់ក្លិបថ្មីរបស់លោក ហើយក៏ចង់បាន Messi មកកាន់ទីនេះផងដែរ ។ ក្លិប Inter Miami នឹងចូលក្នុងលីករបស់អាមេរិកនៅរដូវកាលក្រោយ បើទោះបីជាមានបញ្ហាក្នុងការរកកីឡដ្ឋានដែលខ្លួនចង់បានក៏ដោយ ។

សម្រាប់ Beckham ហើយនឹង McDonough គឺកំពុងតែបុកសម្រុកយកកីឡាករខ្លាំងមកកាន់ក្លិប ។ Messi ដែលមានឪពុកធ្វើជាទីប្រឹក្សាអាចចាកចេញពី Barcelona នៅពេលណាក៏បាន ក្រោយពីចប់រដូវកាលនីមួយៗដោយមិនចាំបាច់បង់ថ្លៃផ្តាច់កុងត្រា ។ នេះបានជា Beckham ខំប្រឹងទាក់យកជាច្រើនលើកច្រើនសារ ។
គួរបញ្ជាក់ផងដែរថា ចំពោះកីឡាករខ្លាំងដូចជា Messi គឺមិនខ្វះទេឱកាស និងក្លិបដែលត្រូវទៅ ហើយបើនិយាយពីប្រាក់ឆ្នាំទៀតនោះគឺមិនបាច់និយាយទេព្រោះវាមិនតិចឡើយសម្រាប់តារាឆ្នើមរូបនេះ ។ ដូចនេះយើងមានតែចាំមើលទេថា Beckham អាចយក Messi ចេញពី Barcelona បានសម្រេចដែរឬទេ ៕
ប្រភព ៖ thesun , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ