រាជធានីភ្នំពេញ ៖ ក្នុងចេតនាការពារនូវស្នាដៃនៃការផលិត និងស្នាដៃសរសេរបទភ្លេង និងទំនុកច្រៀងថ្មីសម្រាប់វ៉ុលចូលឆ្នាំថ្មីនោះ ផលិតកម្មថោនបានធ្វើសេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរជាលើកដំបូងរបស់ខ្លួន ដោយក្នុងនោះបានធ្វើការព្រមានទារសងជំងឺចិត្តចំនួន៣០ម៉ឺនដុល្លារអាមេរិក ចំពោះជនណាមួយដែលបានធ្វើការលួចចម្លងស្នាដៃរបស់ផលិតកម្មរបស់ខ្លួនយកទៅធ្វើអាជីវកម្មបន្តដោយខុសច្បាប់។
សេចក្តីប្រកាសខាងលើនេះបានធ្វើឡើងកាលពីថ្ងៃទី១៨ មីនា ២០១៤ ដោយមានការចុះហត្ថលេខាពីចាងហ្វាងផលិតកម្មទីក្រុងភាពយន្ត អ្នកស្រី ជួប មាន។ នៅក្នុងសេចក្តីជូនដំណឹងនោះក៏បានបញ្ជាក់បន្ថែមថា ផលិតកម្មថោន បានត្រៀមខ្លួនរួចជាស្រេចសហការជាមួយគណៈកម្មាធិការអន្តរក្រសួងបង្រ្កាបបទល្មើសវីដេអូ និងភាពយន្ត ដើម្បីចុះបង្ក្រាបជនខិលខូចដែលកំពុងរំលោភលើកម្មសិទ្ធបញ្ញាយ៉ាងធ្ងន់ធ្ងរ ដោយបានលួចចម្លងស៊ីឌី វីស៊ីឌី ឌីវីឌី និងជាពិសេសរោងពុម្ពមួយចំនួនដែលបានលួចថតចម្លងបោះពុម្ពរូបលើគម្របស៊ីឌី វីស៊ីឌី ឌីវីឌី ដោយគ្មានការអនុញ្ញាតពីផលិតកម្មរបស់ខ្លួនយកទៅធ្វើអាជីវកម្មខុសច្បាប់ ។
ផលិតកម្មថោននឹងធ្វើការប្តឹងជនខិលខូចទាំងនោះទៅតុលាការ ដើម្បីធ្វើការរឹបអូសវត្ថុតាង និងទីតាំងផលិតឲ្យទទួលខុសត្រូវតាមផ្លូវច្បាប់ជាធរមាន ៕
ចែករំលែកព័តមាននេះ