រាជធានីភ្នំពេញ ៖ កម្មវិធីប្រកួតហ្វ្រេសីុឆ្នាំ២០១៤ បានចាប់ផ្តើមវគ្គបង្ហាញមុខបេក្ខជន-បេក្ខនារី ហើយនៅណាហ្គាវើលនៃរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ កុម្ភៈ ២០១៤ ។ ក្នុងវគ្គនេះបេក្ខជន និងបេក្ខនារីត្រូវឡើងបង្ហាញមុខម្តងម្នាក់ជូនភ្ញៀវកិត្តិយសទស្សនា ។ កម្មវិធីប្រកួតដ៏ធំប្រចាំឆ្នាំក្នុងប្រទេសកម្ពុជា បានត្រឡប់មកជាថ្មី ព្រមទាំងមានការផ្លាស់ប្តូរអស្ចារ្យជាងមុន នោះគឺកម្មវិធីប្រកួត Freshie Girls & Boys ជំនាន់ទី១៣ ។
នេះជាកម្មវិធីប្រកួតដ៏ធំតែមួយគត់ដែលទទួលបានការគាំទ្រពីទស្សនិកជន យុវជន យុវតីខ្មែរ ។ សិល្បករ-សិល្បការិនី តារាចម្រៀង ពិធីករ ពិធីការិនី បច្ចុប្បន្ននេះប្រមាណ៧០% បានកើតឡើងពីកម្មវិធីប្រកួតនេះដែលរៀបចំធ្វើអស់ចំនួន១២ឆ្នាំកន្លងមកហើយ ។ ក្នុងឆ្នាំនេះដូចបណ្តាឆ្នាំកន្លងទៅ កម្មវិធីប្រកួតទទួលការផ្តល់អាជ្ញាប័ណ្ណពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោមការគាំទ្រពីនាយកដ្ឋានអភិវឌ្ឍវប្បធម៌ ដោយមានការឧបត្ថម្ភកម្មវិធីពី ភេសជ្ជៈPepsi, ទឹកអប់ Cologne និង Roll On 12 Plus, ភេសជ្ជៈប៉ូវកម្លាំង M150, Wuttisak Clinic, តែស Puriku, បណ្តាញទូរស័ព្ទចល័ត Cellcard, សំឡីអនាម័យ GaGa, ផលិតផលវេជ្ជសាស្ត្រ NEOGEN, អាកាសចរណ៍ Thai Air Asia, សហការឧបត្ថម្ភកម្មវិធីដោយស្ករកៅស៊ូ KidKid, ស្ករគ្រាប់ Extra Parrot Green Mint, គ្រឿងសម្អាង Beauty Buffet បានត្រឡប់មកជាថ្មី ដោយចាប់ផ្តើមប្រកាសទទួលបែបបទដាក់ពាក្យពីយុវជនយុវតីខ្មែរតាំងពីខែមករាមកម៉្លេះ ។
កម្មវិធីប្រកួតកាលពីឆ្នាំទៅគម្រប់ខួប១២ឆ្នាំប្រកបដោយជោគជ័យ ។ ទាំងនេះកើតឡើងដោយមានការគាំទ្រពីមាតាបិតា យុវជន យុវតីខ្មែរ និងទស្សនិកជនគ្រប់រូប ។ លើសពីនេះទៅទៀតគឺការផ្តល់នូវការឧបត្ថម្ភកម្មវិធីពីក្រុមហ៊ុនទាំងឡាយ រួបរួមគ្នាក្នុងការបណ្តុះបណ្តាល ផ្តល់ឱកាស និងវេទិកាកិត្តិយសដើម្បីឱ្យយុវជនយុវតីខ្មែរបានបញ្ចេញសមត្ថភាព ទេពកោសល្យធម្មជាតិ អង់អាចក្លាហានហ៊ានសម្តែង ចូលរួមក្នុងកម្មវិធីប្រកួតប្រជែងនេះ ដើម្បីលើកតម្កើងសិល្បៈវប្បធម៌ខ្មែរ ក៏ដូចជាផ្លាស់ប្តូរបទពិសោធន៍ ទទួលបាននូវចំណេះដឹងបន្ថែម ស្វែងរកនូវមិត្តភាពថ្មី ព្រមទាំងប្រើប្រាស់ពេលវេលាទំនេរពីការសិក្សា ងាកមករកសិល្បៈ ប្រសើរជាងងាកទៅអំពើមិនគប្បី អបាយមុខគ្រប់ប្រភេទ និងគ្រឿងញៀនជាដើម ។ សម្រាប់ឆ្នាំនេះ ជាកម្មវិធីប្រកួតជំនាន់ទី១៣ ហេតុដូច្នេះហើយមានការផ្លាស់ប្តូរទម្រង់ ខ្លះៗកើតឡើង ក្នុងកម្មវិធីទាំងមូលដើម្បីភាពអស្ចារ្យកាន់តែគួរឱ្យតាមដានទស្សនាជាងមុនដល់ទស្សនិកជនគ្រប់រូប ដែលតែងតែនិយមគាំទ្រចំពោះកម្មវិធី ព្រមទាំងជាឆ្នាំទី២ ដែលចូលរួមសហការជាមួយស្ថានីយទូរទស្សន៍ MyTV ដើម្បីផ្សាយផ្ទាល់ក្នុងកម្មវិធីនេះ ។
ក្នុងឆ្នាំនេះមានយុវជន យុវតីខ្មែរ ចូលរួមដាក់ពាក្យប្រកួតប្រជែងចំនួនជិត២.០០០រូប មានមកពីបណ្តាខេត្តផងដែរ ។ បេក្ខជន-បេក្ខនារីទាំងអស់ត្រូវឆ្លងកាត់វគ្គទី១ វគ្គជម្រុះរូបថតដែលបានភ្ជាប់មកតាមរយៈបែបបទដាក់ពាក្យ វគ្គទី២ វគ្គសម្ភាសន៍ផ្ទាល់ បេក្ខជន១៥០រូប និងបេក្ខនារី១៥០រូប ជាមួយគណៈកម្មការជំនាញ និងវគ្គទី៣ វគ្គបង្ហាញបុគ្គលិកលក្ខណៈ ទេពកោសល្យផ្ទាល់ បេក្ខជន៥០រូប និងបេក្ខនារី៥០រូប ទើបទទួលបាន Freshie Girls ចំនួន២៤រូប និង Freshie Boy ចំនួន២៣រូប បង្ហាញខ្លួនដំបូងជូនគណៈអធិបតី ភ្ញៀវកិត្តិយសទស្សនា ។ ប្រិយមិត្តទស្សនិកជនអាចចូលរួមដោយផ្ទាល់ និងសេរី កម្មវិធីប្រកួត Freshie Girls & Boys ជំនាន់ទី១៣ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី២៧ កុម្ភៈ វេលាម៉ោង៥និង៣០នាទីល្ងាច នៅស្ទូឌីយោប្រគំតន្ត្រី ស្ថានីយទូរទស្សន៍ MyTV ឫស្សីកែវ រាជធានីភ្នំពេញ ព្រមទាំងអាចតាមដានទស្សនាការផ្សាយផ្ទាល់ដែលមាន Freshie Girls ចំនួន១៥រូប និងFreshie Boy ចំនួន១៥រូប ជ្រើសរើសឈានចូលក្នុងវគ្គបន្ត ។ កម្មវិធីប្រកួតចាប់ផ្តើមបន្ទាប់ពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាបន្តបន្ទាប់នៅរៀងរាល់ថ្ងៃព្រហស្បតិ៍ប្រចាំសប្តាហ៍ នោះជាកម្មវិធីជម្រុះប្រចាំសប្តាហ៍ ។
កម្មវិធីប្រកួតផ្តាច់ព្រ័ត្រ Freshie Girls & Boys ជំនាន់ទី១៣ នឹងរៀបចំឡើងនៅថ្ងៃទី១០ ខែមេសា ដែលនឹងជ្រើសរើសជ័យលាភី Freshie Girls ចំនួន៥រូប និង Freshie Boy ចំនួន៥រូប ព្រមទាំងនៅតែមានការសហការផ្សាយផ្ទាល់តាមស្ថានីយទូរទស្សន៍ MyTV ៕
ចែករំលែកព័តមាននេះ