រាជធានីភ្នំពេញ ៖ មហោស្រពសិល្បៈមហាជនអភិវឌ្ឍន៍ថ្នាក់ជាតិឆ្នាំ២០១៤ នឹងប្រារព្ធធ្វើឡើងរយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី២១ កុម្ភៈ ដល់ថ្ងៃទី៣ មីនា ឆ្នាំ២០១៤ នៅសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ ក្រោមប្រធានបទ «អ្វីៗដើម្បីសុខដុមរមនាវប្បធម៌» ។ មហោស្រពនោះមានស្នាដៃសិល្បៈចំនួន២៤ពីបណ្តាខេត្ត-រាជធានីទូទាំងប្រទេស ចូលរួមប្រកួតប្រជែងគ្នា ។
ស្នាដៃសិល្បៈទាំង២៤នោះរួមមាន ក្រុមសិល្បៈមហាជនខេត្តកំពង់ឆ្នាំងសម្តែងអាយ៉ៃរឿង «ពុកខុសហើយកូន», ក្រុមសិល្បៈមហាជនខេត្តតាកែវ សម្តែងល្ខោនយីកេរឿង «សុវណ្ណសាម» និងការនិទានរឿង, ក្រុមសិល្បៈរាជធានីភ្នំពេញ សម្តែងល្ខោនបាសាក់រឿង «ព្យុះកម្មជីវិត», ក្រុមសិល្បៈខេត្តកំពង់ស្ពឺសម្តែងលោ្ខនមហោរីរឿង «កេងកងបាត់កូន» ,ក្រុមសិល្បៈខេត្តកណ្តាល សម្តែងល្ខោនក្បាច់រឿង «ស្លាកស្នាមអតីត», ក្រុមសិល្បៈខេត្តកំពង់ចាម សម្តែងរឿង «របៀនបីបទ», ក្រុមសិល្បៈខេត្តព្រៃវែង សម្តែងរបាំ «ចាបព្រៃវែង» , ក្រុមសិល្បៈខេត្តស្វាយរៀង សម្តែងអាយ៉ៃរឿង «រួមគ្នាអភិវឌ្ឍភូមិ-ឃុំ», ក្រុមសិល្បៈខេត្តកំពត សម្តែងរបាំ «គីរីបូកគោសម្បូរធម្មជាតិ», ក្រុមសិល្បៈខេត្តកែប សម្តែងល្ខោនបាសាក់រឿង «សុវណ្ណកុមារចំបា៉មុនី», ក្រុមសិល្បៈខេត្តព្រះសីហនុ សម្តែងល្ខោនមហោរីរឿង «ល្បើកចចក», ក្រុមសិល្បៈខេត្តកោះកុង សម្តែង «របាំព័ន្ធរ៉ុង», ក្រុមសិល្បៈខេត្តក្រចេះ សម្តែង«របាំផ្សោត», ក្រុមសិល្បៈខេត្តរតនគិរី សម្តែងរបាំ «ជនជាតិបង្កបង្កើនផល», ក្រុមសិល្បៈខេត្តមណ្ឌលគិរី សម្តែងរបាំ «សែនស្រូវ», ក្រុមសិល្បៈខេត្តស្ទឹងត្រែង សម្តែងរបាំ «បាយសី»,ក្រុមសិល្បៈខេត្តបាត់ដំបង សម្តែងល្ខោនយីកេរឿង «ពុទ្ធប្រវត្តិ,នាងសុជាតា», ក្រុមសិល្បៈខេត្តពោធិ៍សាត់ សម្តែងឆាកកំប្លែងរឿង «ដឹងខុសទើបដឹងថាត្រូវ», ក្រុមសិល្បៈខេត្តប៉ៃលិន សម្តែងកំប្លែងរឿង «ចង់បានហួសមាឌ ឃា្លតចាកការណែនាំ», ក្រុមសិល្បៈខេត្តបន្ទាយមានជ័យ សម្តែងរបាំ «តម្បាញឫស្សី», ក្រុមសិល្បៈខេត្តសៀមរាប សម្តែង «សិល្បៈកំប្លែងសិស្ស»,ក្រុមសិល្បៈខេត្តឧត្តរមានជ័យ សម្តែងរបាំនិងចម្រៀងជនជាតិ «កន្តុលអុក», ក្រុមសិល្បៈខេត្តកំពង់ធំ សម្តែងល្ខោនខោលរឿង «កំហឹងពាលី», និងក្រុមសិល្បៈខេត្តព្រះវិហារ សម្តែងរបាំ «វាយខែល» ។
លោក សំរាំង កំសាន្ត រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងក្នុងសន្និសីទសារព័ត៌មានស្តីពីការបើកមហោស្រពសិល្បៈមហាជនអភិវឌ្ឍន៍ថ្នាក់ជាតិ និងទិវាវប្បធម៌ជាតិ៣ មីនា លើកទី៦ ឆ្នាំ២០១៤ ដែលរៀបចំធ្វើឡើងនៅទីស្តីការក្រសួង កាលពីថ្ងៃទី១៨ មីនា ឆ្នាំ២០១៤ថា មហោស្រពសិល្បៈមហាជនអភិវឌ្ឍន៍ថ្នាក់ជាតិធ្វើឡើងដោយមានការប្រកួតប្រជែងក្នុង១ថ្ងៃ៣ស្នាដៃ ក្នុងនោះព្រឹក២ស្នាដៃ ល្ងាច១ស្នាដៃ ។ គណៈកម្មការមេប្រយោគ នឹងវាយតម្លៃ និងកែលម្អនៅចន្លោះពេលនៃការប្រកួតប្រជែងនោះ ។ នៅក្នុងឆ្នាំនេះមានស្នាដៃសរុបចំនួន២៤ មកពីទូទាំងប្រទេសដោយបានចម្រាញ់ និងជម្រុះដើម្បីយកស្នាដៃឯកប្រចាំខេត្តនីមួយៗមកប្រកួតប្រជែងគ្នា ក្នុងនោះរបាំមាន១១ ល្ខោន៨រឿង ឆាកកំប្លែង៣រឿង និងអាយ៉ៃរឿងចំនួន២ ។ សរុបសិល្បករ និងថ្នាក់ដឹកនាំដែលចូលរួមមានចំនួន៧៤៨នាក់ ។ លោករដ្ឋលេខាធិការថ្លែងថា នៅថ្ងៃទី១និងទី២ ខែមីនា នឹងស្រង់ស្នាដៃឯកចំនួន២ស្នាដៃ និងស្នាដៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផលិតចម្រៀង «កម្ពុជាព្រះរាជាណាចក្រវប្បធម៌» ៣ស្នាដៃដើម្បីអបអរទិវាវប្បធម៌ជាតិ ៣ មីនា ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រា៉នី ហ៊ុន សែន ។
ចំពោះការចាត់ថ្នាក់ លោកសំរាំង កំសាន្តឱ្យដឹងថា ពីលេខ១ដល់លេខ៣ ដោយគ្មានលេខ៤ឡើយ ។ អ្នកដែលមានស្នាដៃល្អគឺទទួលបានចំណាត់ថ្នាក់លេខ១ និងលេខ២ ចំណែកសល់ប៉ុន្មានទៀតទទួលបានចំណាត់ថ្នាក់លេខ៣ទាំងអស់ ដោយហេតុថា ចង់លើកទឹកចិត្ត និងសរសើរ ព្រោះមិនអាចមិនគិតពីការខិតខំជារួមបានឡើយ ។
លោករដ្ឋលេខាធិការឱ្យដឹងថា «គោលដៅពិតដែលយើងបានរៀបចំឱ្យមានមហោស្រពសិល្បៈមហាជនអភិវឌ្ឍន៍ថ្នាក់ជាតិនេះឡើង គឺដោយសារយើងចង់ឱ្យសិល្បករបានសិក្សារៀនសូត្រពីគ្នាទៅវិញទៅមក ប្រែក្លាយព្រះរាជាណាចក្រកម្ពុជាឱ្យទៅជាមជ្ឈមណ្ឌលផ្សព្វផ្សាយសិល្បៈទស្សនីយភាពសិល្បៈ សិប្បកម្ម និងសូនរូប ហើយប្រែក្លាយប្រទេសឱ្យទៅជាព្រះរាជាណាចក្រវប្បធម៌» ។
ទស្សនិកជនអាចចូលរួមទស្សនាមហោស្រពសិល្បៈមហាជនអភិវឌ្ឍន៍ថ្នាក់ជាតិនេះដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០១៤ នៅសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ ៕
ចែករំលែកព័តមាននេះ