រាជធានីភ្នំពេញ ៖ «ចាប់ពីពេលនេះទៅរាល់ការឡើងសម្តែងរបស់នាងខ្ញុំ មិនស្លៀកពាក់សិចស៊ីហួសហេតុទៀតទេ…» នេះជាសម្តីរបស់ឆៃលី ដាឡែន ហើយថានាងរាងចាល ខ្លាចស្រមោលរិះគន់ និងការរាំងខ្ទប់អាជីពតាមលងនាងជាថ្មីម្តងទៀត ។
តារាចម្រៀងនិយមតែងខ្លួន យេៗ កញ្ញាឆៃលី ដាឡែន ពេលនេះអាជីពសិល្បៈប្រែស្រស់បំព្រងឡើងវិញហើយ បន្ទាប់ពីបាក់អំនួតរឿងសិចសីុហួសហេតុ ដោយសារតែត្រូវស្ថានីយទូរទស្សន៍បើកឱកាសឱ្យចូលរួមសម្តែងដូចមុន ។ ដើម្បីឱ្យកាន់តែទទួលបានភាពប្រសើរឡើងក្នុងអាជីព ឆៃលី ដាឡែន កំពុងតែរៀបចំគម្រោងធ្វើខួបកំណើតនៅអំឡុងចុងខែកុម្ភៈ នៃឆ្នាំ២០១៤នេះ ។ ខួបកំណើតនោះនាងធ្វើក្នុងន័យលើករាសី និងអបអរខ្លួនឯងដែលរួចផុតពីបម្រាមសម្តែងតាមទូរទស្សន៍កន្លងមកអស់ពេលពីរឆ្នាំ សើ្ទរតែក្ស័យបង់អាជីព ។
ដាឡែន មានឱកាសឡើងសម្តែងនៅតាមទូរទស្សន៍វិញមកពីនាងភ្ញាក់ខ្លួនរឿងស្លៀកពាក់សិចស៊ីហួសហេតុ ងាកមកស្លៀកពាក់សមរម្យ បិទបាំងរូបរាងកាយ និងបានសូមទោសជាសាធារណៈនាពេលកន្លងមក ។ ពេលនាងដាឡែន គ្រងឈុតសម្លៀកបំពាក់បែបប្រពៃណីឡើងសម្តែងមើលទៅប្លែកភ្នែកម្យ៉ាងដែរ ។ វាបញ្ជាក់ថា ដាឡែន រាងចាលចំពោះការលេងខ្លួនជ្រុលហួសហេតុកន្លងមក ហាក់ដូចជាសម្លាប់អាជីពខ្លួន ឯង ។
បច្ចុប្បន្នក្រៅពីមានឱកាសឡើងសម្តែងតាមទូរទស្សន៍ ឆៃលី ដាឡែន មមាញឹកច្រៀងតាមពិធីមង្គលការ និងមានពេលខ្លះទៀតចេញទៅច្រៀងនៅតាមខេត្ត ឆ្ងាយៗ ។ តារារូបនេះញញឹមរីករាយឡើងវិញនៅពេលអាជីពសិល្បៈត្រឡប់ទៅដូចមុន ។ ម៉្លោះហើយទើបពិធីខួបកំណើតរបស់ខ្លួននាពេលខាងមុខ ឆៃលី ដាឡែន នឹងរៀបចំដើម្បីឱ្យរាសីការងារកាន់តែប្រសើរឡើង និងទទួលការអបអរសាទរពីភ្ញៀវកិត្តិយស ។
ឆៃលី ដាឡែន ប្រាប់អ្នកយកព័ត៌មានកោះសន្តិភាពតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី១០ កុម្ភៈ ២០១៤ ថា ពិធីខួបកំណើតគឺនាងរៀបចំធ្វើមិនឱ្យខកខានទេ បើទោះជាពេលនេះនាងមមាញឹកជាមួយអាជីពសិល្បៈស្ទើរតែរើខ្លួនមិនរួចក៏ដោយ ។ នាងធ្វើខួបកំណើតក្នុងរូបភាពធំ ឬតូច គឺអាស្រ័យទៅលើពេលវេលាអំណោយផល បើមានពេលវេលាល្អនោះនាងនឹងរៀបចំឱ្យអធិកអធមអូ៊អរ តែបើចំពេលរវល់នាងនឹងធ្វើបែបធម្មតាប៉ុណ្ណោះ ។ ធ្វើធម្មតាគឺទៅច្រៀងដល់ណា នាងធ្វើខួបនៅកន្លែងនោះ មានតែមិត្តភក្តិពីរបីនាក់ក៏បានដែរ ។ គោលបំណងរបស់នាងធ្វើខួបកំណើតនេះ ដើម្បីជូនពរខ្លួនឯងឱ្យមានភាពរីកចម្រើនតទៅទៀតក្នុងឆ្នាំថ្មីនេះ ដែលមានឱកាសបានឡើងសម្តែងដូចពីមុន បន្ទាប់ពីនាងជួបរឿងស៊យផ្ទាល់ខ្លួនបាំងបិទជីវិតសិល្បៈជិត២ឆ្នាំ ។
ឆៃលី ដាឡែន និយាយថា «ចាប់ពីពេលនេះទៅរាល់ការឡើងសម្តែងរបស់នាងមិនស្លៀកពាក់សិចស៊ីហួសហេតុដូចមុនទេ ។ ពេលនេះនាងខ្ញុំយល់ច្បាស់ពីអ្វីដែលតារាចូលចិត្តតែងខ្លួន យេៗបញ្ចេញសាច់ ច្បាស់ណាស់គ្មានជួយយើងបានឡើយក្រៅពីការរិះគន់ ។ អីុចឹងហើយទើបឱ្យតែមានកម្មវិធីឡើងសម្តែងនៅលើកញ្ចក់ទូរទស្សន៍ នាងខ្ញុំផ្ចិតផ្ចង់បំផុតចំពោះការស្លៀកពាក់ដោយធ្វើយ៉ាងណាបញ្ចៀសការរិះគន់ដើម្បីកុំឱ្យរូបភាព ដដែលៗតាមមកលងយើងទៀត» ។ ទន្ទឹមនេះ ដាឡែន ថ្លែងអំណរគុណដល់មហាជន និងស្ថានីយទូរទស្សន៍នានាដែលជួយឱ្យនាងលេចមុខឡើងវិញ ៕
ចែករំលែកព័តមាននេះ