រាជធានីភ្នំពេញ ៖ យូរមកហើយដែលតារាចម្រៀង និងវិវឌ្ឍខ្លួនជាតារាសម្តែងអ្នកនាង ព្រីម មន្ថា ក្លាយជាស្ត្រីមេម៉ាយ ដោយមិនរវល់អើពើនឹងជីវិតមានគូគាប់ថ្មីទេ ទោះជាមានអ្នកសុំចូលស្អំបេះដូងក៏ដោយ ។ ស្របពេលមានសិល្បការិនីជាច្រើននាក់ បានដឹកដៃគ្នាចូលរោងការផ្អើលពិភពសិល្បៈ អ្នកនាងព្រីម មន្ថា នៅតែប្រកាន់ជំហរមិនខ្វល់នឹងរឿងស្នេហា ថែមទាំងអះអាងថា ជាតិនេះបើគ្មានគូក៏មិនអីដែរ ព្រោះនៅខ្លួនមួយស្រួលជាងមានគ្នានាំតែកើតរឿង ។
អ្នកនាងព្រីម មន្ថា ដ្បិតតែអាយុច្រើនបន្តិចមែន តែថែរក្សារូបរាងមើលទៅនៅតែស្រស់ស្អាត ។ នាងបានកាត់សក់ខ្លីមើលទៅដូចមនុស្សប្រុស តែថាវាធ្វើឱ្យយីអ៊ុនក្នុងវិថីសិល្បៈទ្បើងខ្ពស់ត្រដែត ។ ក្រៅពីជាតារាចម្រៀងបែបមនោសញ្ចេតនានាង មន្ថា ថែមទាំងក្លាយជាតារាសម្តែងម្នាក់ដ៏ប៉ិនប្រសប់អាចសម្តែងបានគ្រប់រូបភាព ។
កាលពីអំទ្បុងឆ្នាំ២០១៣ តារាមួយដួងនេះ បានទៅសម្តែងនៅប្រទេសអូស្ត្រាលី និងល្បីថាទទួលបានភាពជោគជ័យ ព្រោះក្រៅពីច្រៀងបទពីដើមបានល្អ នាងបានធ្វើឱ្យទស្សនិកជននៅទីនោះចាប់អារម្មណ៍លើរូបសម្បត្តិ ។ ក្នុងជំហានចេញទៅក្រៅប្រទេសលើកនោះ ព្រីម មន្ថា មានបុរសច្រើនតាមចែចង់ ព្រោះតែដឹងថានាងជាតារានៅទំនេរមេម៉ាយរូបស្រស់ ។ មានបុរសខ្លះហ៊ានទទួលខុសត្រូវគ្រប់យ៉ាងទៀតផង ប្រសិនជា ព្រីម មន្ថា បើកចិត្តទទួលយកខ្លួនជាគូគាប់ ។ ទោះជាយ៉ាងណាក្តី មិនត្រឹមតែអ្នកនៅក្រៅប្រទេសទេ សូម្បីតែនៅក្នុងស្រុកតាមស្រទ្បាញ់ក៏តារាចម្រៀងរូបនេះច្រានចោលជាច្រើននាក់មកហើយ ។ បើសិនជានាងព្រមទទួលនោះ ពិតជាមិនខ្វះទេ ស្រួលមិនស្រួលថែមទាំងបានរៀបការផ្អើលគេឯងទៀតផង ។ នាងបដិសេធមកពីគិតថា ធ្លាប់ឆ្លងកាត់ជីវិតស្នេហាជួបរូបភាពគ្រប់បែបយ៉ាងទាំងរីករាយ ជូរចត់ក្នុងជីវិតបង្កជារឿងស្មុគស្មាញ ទើបខ្ជិលគិតទទួលស្នេហាថ្មីសុខចិត្តនៅខ្លួនមួយ វិញ ។
ថ្លែងប្រាប់អ្នកយកព័ត៌មានកោះសន្តិភាពកាលពីពេល ថ្មីៗនេះ អ្នកនាង ព្រីម មន្ថា ដែលកំពុងតែជាប់ឈ្មោះជាបេក្ខនារីប្រកួតប្រជែងកម្មវិធីពានរង្វាន់អប្សរាឆ្នាំ២០១៤ និយាយថា «កន្លងមកបើសិនជានាងខ្ញុំទទួលយកបុរសណាមួយសាជាថ្មីនោះ ពិតជាមិនអត់ទេ តែមកពីគិតថា ធ្លាប់មានបញ្ហារឿងនេះ ហើយមានរសជាតិយ៉ាងណា គឺធ្លាប់ដឹងហើយ ល្មមថាអាចមិនគិតរឿងនេះបាន ។ ព្រោះបញ្ហាបេះដូងអីនោះហាក់ដូចជាបាត់រលត់ក្នុងចិត្តអស់ហើយ ។ នាងខ្ញុំខ្ជិលគិតណាស់ ព្រោះយល់ថាខ្លួនមួយស្រួលជាង ចង់ទៅឆ្វេងៗ ទៅស្តាំគឺស្តាំ មិនបាច់ប្រឹងយកចិត្តអ្នកណាទេ ហើយបើនៅព្រៅអស់មួយជីវិតក៏មិនគិតទេ ស្រេចទៅលើភ័ព្វព្រេងវាសនាទៅចុះ» ។
តារាដែលនៅតែប្រកាន់ជំហរមិនបើកបេះដូងទទួលយកសេ្នហាថ្មីរូបនេះ និយាយថា រាល់ថ្ងៃសប្បាយចិត្តម៉្យាងដែរ ព្រោះការងារមានធ្វើមិនខ្វល់គិតដល់បុរសណាទេ គឺគិតទៅហាក់ដូចជាម៉្យាងដែរ ។ ពេលនេះគឺធ្វើឱ្យខ្លួនឯងសប្បាយមិនគិតពីអ្នកណា ។ អ្វីដែលសំខាន់គឺនាងមានពេលធ្វើការ ខណៈដែលពេលនេះនាងជក់ចិត្តនឹងការសម្តែងភាពយន្ត ក្រោយដឹងថាមានការគាំទ្រច្រើន គឺនាងយកចិត្តទុកដាក់តែលើការសម្តែងឱ្យកាន់តែស្ទុះទៅមុខ ឱ្យបានល្អដូចតារាផ្សេង ។
បច្ចុប្បន្ននាង ព្រីម មន្ថា បានចូលរួមប្រកួតប្រជែងយកពានរង្វាន់តារាឆ្នើមឆ្នាំ២០១៤ ប្រចាំទូរទស្សន៍៍អប្សរា ដើម្បីឱ្យដឹងថានាងពូកែសម្តែងបែបណាខ្លះ ព្រោះកម្មវិធីនោះរំលេចដោយទម្រង់សិល្បៈសម្បូរបែប មានទាំងរបាំ យីកេ រឿងបែបអប់រំ កំប្លែង និងសៀកជាដើម។ នាងប្រឹងសម្តែងប្រាថ្នាយកពានរង្វាន់ជាងយកអារម្មណ៍ទៅគិតរឿងស្នេហានាំតែចំបែងចិត្ត ៕
ចែករំលែកព័តមាននេះ