រាជធានីភ្នំពេញ ៖ ប្រតិបត្តិការ Nokia ប្រចាំនៅកម្ពុជាបានប្រកាសថា ទូរស័ព្ទ Nokia Asha 503ស៊ីម២មានចេញលក់នៅកម្ពុជាហើយ ។ ទូរស័ព្ទនេះគឺម៉ូដែល Asha ដំបូងបំផុតដែលទ្រទ្រង់បណ្តាញទូរស័ព្ទ3.5 ។ វាមានតម្លៃទាបសមរម្យ ការរចនាល្អវិចិត្រ និងមានអេក្រង់៣ អីុង មុខរាងកោងធ្វើពីកញ្ចក់ Gorrilla ដែលធន់ នឹងភាពកោសឆ្កូតផ្សេងៗ មានទម្ងន់១១០,២ ក្រាម ។ ដោយមានកាមេរ៉ា 5MP និង មានភ្លើង LED flash ផងនោះ Nokia Asha 503 ផ្តល់នូវបទពិសោធន៍ប្រើប្រាស់យ៉ាងល្អប្រសើរ ងាយស្រួលបញ្ជាប្រើប្រាស់ ជាពិសេសកម្មវិធីបណ្តាញសង្គម ។ ក្រៅពីផ្តល់ជូននូវគុណភាពរឹងមាំ និងថ្មកាន់ភ្លើងបានយូររហូតដល់៣៥ថ្ងៃ Nokia Asha 503 ថែមទាំងផ្តល់ជូននូវតម្លៃពិសេសថែមទៀតគឺ ៩៨ដុល្លារអាមេរិក ។
Nokia Asha 503 រួមជាមួយនឹង Nokia Asha 500 និង Nokia Asha 501ជាប្រជុំក្រុមស្មាតហ្វូនដែលមានតម្លៃទាបសមរម្យ ប្រកបដោយសមត្ថភាពខ្ពស់ សមស្របទៅតាមសេចក្តីត្រូវការនៃអ្នកប្រើប្រាស់ ។
Nokia Asha 503 ភ្ជាប់មកជាមួយស្រាប់នូវកម្មវិធីកែរូបភាព ដើម្បីផ្តល់លទ្ធភាពឱ្យអ្នកប្រើប្រាស់បញ្ចេញសមត្ថភាពកែច្នៃទៅលើ រូបថតរបស់ខ្លួន ។ កម្មវិធីទាក់ទងនៅនឹងរូបភាពដែលអាចទាញយកពី Nokia Store ដូចជា Picfeed សម្រាប់ឱ្យអ្នកប្រើប្រាស់តាមដានព័ត៌មាននៅលើបណ្តាញសង្គម Instagram, កម្មវិធី Pictag សម្រាប់ Tag, កម្មវិធី Photofunia សម្រាប់ប្តូរពណ៌រូបភាពប្រមាណជាង៣០០ ពណ៌នឹងធ្វើឱ្យអ្នកដែលនិយមថតរូបភាពទទួលបានភាពរីករាយទ្វេឡើង ។
ក្រៅពីមានកម្មវិធីភាសាខ្មែរសម្រាប់សរសេរ និងអាន ប្រព័ន្ធប្រតិបត្តិការ Asha នេះក៏មានកម្មវិធី Whatsapp ផងដែរ ។ ក្រៅពីនេះមានកម្មវិធីជជែកកម្សាន្តជាច្រើនទៀតដូចជា WeChat, Line, eBuddy, Nimbuzz និងកម្មវិធីដទៃរាប់រយពាន់ ដែលអាចទាញយកពី Nokia Store ។ ស្មាតហ្វូន Nokia Asha 503មានអង្គចងចាំ 4GB នៅក្នុងម៉ាស៊ីនរួចជាស្រេច ថែមទាំងអាចថែមអង្គចងចាំក្រៅ 32GB បានទៀតផង ៕
ចែករំលែកព័តមាននេះ