ខេត្តព្រៃវែង ៖ មុខរបរបណ្តុះផ្សិតចំហុយលក់ត្រូវបានប្រជាកសិករនៅភូមិស្រះកែវ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច បោះបង់ចោលទាំងស្រុង ហើយនាំគ្នាងាកទៅចាប់យកមុខរបរធ្វើស្រែចម្ការ និងមុខរបរផ្សេងៗជំនួសវិញដោយសារតែមុខរបរនេះធ្វើមិនចំណេញខាតបង់ដើមទុនច្រើន ។
លោកស្រី ជា សាបាន ប្រធានសហគមន៍បណ្តុះផ្សិតចំហុយ នៅភូមិស្រះកែវ បានមានប្រសាសន៍ថា នៅក្នុងសហគមន៍របស់គាត់មានប្រជាកសិករចំនួន២៣គ្រួសារដែលជាសមាជិក និងចាប់យកមុខរបរបណ្តុះផ្សិតចំហុយលក់ដូចៗគ្នា ក្រោមការជួយឧបត្ថម្ភពីគម្រោងកសិកម្ម និងអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ច និងគាំទ្របច្ចេកទេសដោយមន្ទីរកសិកម្មខេត្ត ដែលចាប់អនុវត្ត កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៧ ។
លោកស្រី ជា សាបាន បញ្ជាក់ថា ពីដំបូងការងារបណ្តុះផ្សិតនេះ គឺទទួលបានជោគជ័យល្អណាស់ផ្សិតដែលពួកគាត់បណ្តុះផ្តល់ទិន្នផលបានច្រើន គួបផ្សំ និងតម្លៃនៅលើទីផ្សារលក់បានថ្លៃផងនោះធ្វើអោយពួកគាត់ចំណេញបានច្រើនគួរសម ។ ប៉ុន្តែមួយរយៈពេលចុងក្រោយនេះ មិនដឹងមកពីមូលហេតុអ្វីពួកគាត់គ្រប់គ្នាបណ្តុះផ្សិតមិនដុះសោះទោះបីពួកគាត់ខំប្រើវិធីសាស្ត្រផ្លាស់ប្តូរមេពូជផ្សិតដោយយកពូជផ្សិតមកពីខេត្តកំពង់ចាមផង និងយកពីប្រទេសថៃ ផង និងធ្វើតាមរូបមន្តបច្ចេកទេសដែលបានរៀនពីមន្ត្រីជំនាញកសិកម្មហើយក្តី ក៏ផ្សិតដែលពួកគាត់បណ្តុះចេញមកនៅតែមិនបានល្អ និងអោយផលបានទាបបំផុតធ្វើអោយពួកគាត់ម្នាក់ៗត្រូវខាតដើមមិនក្រោម៤លានរៀលនោះទេ ។
ក្រុមប្រជាកសិករនៅភូមិស្រះកែវបានបញ្ជាក់ប្រាប់ថា ផ្សិតចំហុយបើបណ្តុះបាន គឺលក់បានថ្លៃណាស់ ហើយមានប៉ុន្មានក៏លក់អស់ដែរមិនខ្វះទីផ្សារទេ ប៉ុន្តែពួកគាត់ប្រើគ្រប់វិធីសាស្ត្រ និងធ្វើយ៉ាងត្រឹមត្រូវតាមការបង្ហាត់បង្ហាញរបស់មន្ត្រីបច្ចេកទស នៃមន្ទីរកសិកម្មហើយក្តី ក៏ការបណ្តុះផ្សិតរបស់ពួកគាត់នៅតែបរាជ័យទើបនៅអំឡុងដើមខែឧសភា ពួកគាត់ទាំងអស់គ្នា បានសម្រេចចិត្តបោះបង់មុខរបរនេះចោល ហើយនាំគ្នាងាកទៅប្រកបមុខរបរផ្សេងជំនួសវិញ ដោយអ្នកខ្លះធ្វើស្រែចម្ការ ខ្លះទៅធ្វើសំណង់ និងខ្លះទៀតនាំគ្នាចំណាកស្រុកទៅរកការងារធ្វើនៅភ្នំពេញ និងនៅខេត្តផ្សេងៗតាមដែលអាចធ្វើបានរហូតមកដល់បច្ចុប្បន្ននេះតែម្តង ។
ឆ្លើយតបទៅ និងបញ្ហានេះលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងបានអោយដឹងតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី១៨ កក្កដាថា បងប្អូនប្រជាកសិករនៅភូមិស្រះកែវនោះ មិនមែនបោះបង់មុខរបរបណ្តុះផ្សិតនេះចោលទេមកពីពួកគាត់មិនចេះនិយាយតាមពិត គឺគ្រាន់តែពួកគាត់ផ្អាកធ្វើមុខរបរនេះមួយរយៈប៉ុណ្ណោះ ដោយសារអត់មានមេពូជផ្សិត គួបផ្សំ និងកត្តាមួយចំនួនទៀតដូចជា ខ្វះចំបើង និងអាកាសធាតុមិនអំណោយផលជាដើម ។
លោក អ៊ុក សំណាង បានបញ្ជាក់ថា បច្ចុប្បន្ននេះខាងមន្ទីរក៏កំពុងព្យាយាមស្វែងរកមេពូជផ្សិតជូនប្រជាកសិករទាំងនោះផងដែរ ប៉ុន្តែនៅរកមិនទាន់បាន ដោយសារអ្នកផលិតមេពូជផ្សិតនៅខេត្តត្បូងឃ្មុំ ដែលធ្លាប់ទិញកន្លងមកគេឈប់ផលិត ហើយបើធ្វើការផលិតខ្លួនឯងក៏ទៅមិនរួចដែរ ព្រោះត្រូវចំណាយដើមទុនច្រើនណាស់ លើឧបករណ៍សម្ភារ ។ តែទោះជាយ៉ាងណាលោកបានបញ្ជាក់ថា នៅពេលដែលយើងរកមេពូជបាននោះកសិករទាំងអស់នៅភូមិស្រះកែវ និងត្រឡប់មកចាប់ធ្វើមុខរបរបណ្តុះផ្សិតលក់វិញហើយ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ