ខេត្តកែប ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ក្មេងប្រុស-ស្រី២នាក់កំពុងជិះម៉ូតូ ស្រាប់តែត្រូវរថយន្តឡិចស៊ីសមួយគ្រឿងបុកពេញទំហឹងក្នុងទិសដៅស្របគ្នា បណ្តាលឱ្យស្លាប់ទាំង២នាក់យ៉ាងអាណោចអាធ័មបំផុត ។ ក្រោយមក ភាគីរថយន្តឡិចស៊ីស មិនបានឈប់នៅដោះស្រាយនោះទេ ដោយព្យាយាមបើកគេចខ្លួន ហើយក៏ត្រូវសមត្ថកិច្ចជិះប្រដេញតាមពីក្រោយ ។
លុះដេញមកដល់ចំណុចរង្វង់មូលផ្លូវបំបែកឡើងភ្នំវល្លិ ៍ក្នុងភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប បានទុករថយន្តចោល ហើយរត់គេចខ្លួនបាត់ស្រមោល តែម្តង ។ ហេតុការណ៍ដ៏រន្ធត់នេះ កើតឡើងកាលពីវេលាម៉ោង០៤ និង៤០នាទីរសៀលថ្ងៃទី១០ កក្កដា ស្ថិតនៅចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃធំ ផ្លូវ៣៣ ចន្លោះគីឡូម៉ែត្រលេខ១៨-១៩ ក្នុងភូមិដំណាក់ ចង្អើរ ឃុំព្រៃធំ ខេត្តកែប ។
សេចក្តីរាយការណ៍បន្តថា ក្មេងរងគ្រោះទាំង២នាក់ ម្នាក់ជាអ្នកឌុបឈ្មោះយ៉ោង ភូពេជ្រមន្នីរ័ត្ន ភេទស្រី អាយុ១៤ឆ្នាំ មានទីលំនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ជិះម៉ូតូម៉ាកស្មាស ពណ៌.សលាយខ្មៅ ពាក់ស្លាកលេខកែប១B-០២៤៧ ត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យប្រទេសវៀតណាម (តែបានស្លាប់នៅមន្ទីរពេទ្យ )។ រីឯអ្នកជិះពីក្រោយឈ្មោះ ទី អរុណ ភេទប្រុស អាយុ១១ឆ្នាំ មានទី លំនៅភូមិដំណាក់ចង្អើរ សង្កាត់កែប ក្រុងកែប ខេត្តកែប (ស្លាប់នៅនឹងកន្លែងកើតហេតុ) ។ ដោយឡែកអ្នកបើករថយន្ត មិនបានស្គាល់អត្តសញ្ញាណទេ បន្សុកទុករថយន្តម៉ាកឡិចសីុស ពណ៌.ស ពាក់ផ្លាកលេខ ភ្នំពេញ២AI-១៣០៧ ។
បច្ចុប្បន្ន រថយន្តបង្កត្រូវបានយកមករក្សាទុកនៅអធិការនគរបាលក្រុងកែប ដើម្បីស្រាវជ្រាវរកម្ចាស់រថយន្ត មកដោះស្រាយតាមនីតិវិធី ។ ប្រសិនជាម្ចាស់ខ្លួន (ភាគីឡាន) បានទទួលដំណឹងនេះហើយ សូមមេត្តាមកទទួលខុសត្រូវផង ព្រោះជីវិតក្មេងទាំង២នាក់ ត្រូវបាត់បង់ដោយសារការបើកបរប្រហែស និងគ្មានការប្រុងប្រយ័ត្ននេះ ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ