ពិត ឬ​អត់​ខ្មែរ​នៅ​ក្រៅប្រទេស​ត្រូវ​បាន​ទិញ​ក្នុង​តម្លៃ​២០០​ដុល្លារ ដើម្បី​ទៅ​ជួប​សម្តេច​តេ​ជោ ?


រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​បង្ហាញ​នូវ​ការ​សោកស្តាយ​ដែល​មាន​ជន​អគតិ​មួយ​ចំនួន​បាន​បន្ត​វាយប្រហារ​ទៅ​លើ​បងប្អូន​ខ្មែរ​នៅ​ក្រៅប្រទេស​មួយ​ចំនួន​ដែល​បាន​ទៅ​ចូលរួម​កម្មវិធី​ជាមួយ​សម្តេច ដោយ​ការ​ចោទប្រកាន់​ថា អ្នក​ទាំងនោះ​ត្រូវ​បាន​ជួល ឬ​ទិញ​ក្នុង​តម្លៃ​ពី​២០០​ទៅ​២០០០​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ទៅ​ចូលរួម​កម្មវិធី​ជួបជុំ​ជាមួយនឹង​សម្តេច ។

ថ្លែង​នៅ​ក្នុង​ពិធី​ជួប​សំ​ណោះ​សំ​ណា​ល​ជាមួយ​ប្រជាពលរដ្ឋ សិស្ស និង​និស្សិត នៅ​ក្នុង​ប្រទេស​ស្វី​ស និង​ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប​ប្រមាណ​ជាង​៧០០​នាក់​នា​រសៀល​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស (Geneva, Switzerland) សម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្ហាញ​នូវ​ក្តី​រីករាយ​ដែល​បងប្អូន​ធ្វើ​ដំណើរ​ពី​ចម្ងាយ ដើម្បី​ស្កាត់​មក​រក​ជួប​ជាមួយ​សម្តេច ដែល​នេះ គឺជា​ការ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​យកចិត្តទុកដាក់​ចំពោះ​មាតុភូមិ​របស់​ខ្លួន​តាម​រយៈ​តំណាង​ស្របច្បាប់​របស់​ប្រទេស ។

សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​បន្ត​ទាំង​ហួសចិត្ត​ថា «​ប៉ុន្តែ​ជា​អកុសល​ណាស់ ដែល​ខ្ញុំព្រះករុណា​ខ្ញុំ​បាន​ទទួល​ឃើញ​នូវ​ការ​បង្ហោះ​នៅ​តាម​ហ្វេ​ស​ប៊ុ​ក ដោយ​មនុស្ស​ខ្លះ​ដែល​បាន​ថា បងប្អូន​ត្រូវ​បាន​ជួល​ក្នុង​ម្នាក់​ពី​២០០​ទៅ​២០០០​ដុល្លារ ។ ខ្ញុំ​គិត​ថា​នេះ គឺជា​ការ​ប្រមាថ​ធ្ងន់ធ្ងរ​ពេក​ហើយ​សម្រាប់​បងប្អូន​ជនរួមជាតិ​ដែល​បាន​ធ្វើ​ដំណើរ​មកា​ន់ទី​នេះ​ក្នុង​ដំណើរ​ផ្លូវ​ដ៏​វែង​ឆ្ងាយ​មួយ​។ ខ្លះ​ធ្វើ​ដំណើរ​ដោយ​យន្តហោះ​ខ្លះ​ដោយ​រថយន្ត​ជាង​១០​ម៉ោង​ក៏​មាន ។ ប៉ុន្តែ​បាន​ត្រូវ​ទទួល​នូវ​ការ​ប្រមាថ​នេះ ដែល​ខ្ញុំព្រះករុណា​ខ្ញុំ​នឹក​មិន​ដល់​ថា មាន​ជនជាតិ​ខ្មែរ ដែល​អាច​ធ្វើការ​ប្រមាថ​ជនជាតិ​ខ្លួនឯង​បែប​នេះ​ទៅ​រួច​» ។

ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​គណប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ទៀងទាត់​លើក​ទី​៤១​នៃ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស អង្គការសហប្រជាជាតិ និង​បាន​ឆ្លៀត​ជួប​សំណេះសំណាល​បងប្អូន​ខ្មែរ​នៅ​ក្រៅប្រទេស​បាន​ថ្លែង​បញ្ជាក់​បន្ត​ថា រូប​សម្តេច​បាន​ចូល​ទាក់ទិន​នឹង​នយោបាយ​តាំងពី​វ័យក្មេង​នៅ​អាយុប្រមាណ​១៨​ឆ្នាំ តែ​សម្តេច​មិន​ដែល​មានចិត្ត​គំនិត​ណាមួយ​ប្រមាថ​ចំពោះ​ជាតិ​ឯង ។ សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​បន្ត​ថា «​មាន​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន​មួយ​ចំនួន​ដែល​បាន​ចាក​ចេញពី​គណបក្ស​ប្រជាជន ហើយ​ទៅ​ចូលរួម​ជាមួយនឹង​គណបក្ស​ផ្សេង តែ​ខ្ញុំព្រះករុណា​ខ្ញុំ មិន​ដែល​ចាត់​ទុក​ថា ពួក​គេ​ក្បត់បក្ស ពួក​គេ​លក់​ឧត្តមគតិ​នោះ​ទេ​» ។

សម្តេច​បាន​បន្ត​ថា «​ក៏​ប៉ុន្តែ​អ្វី​ដែល​ខ្ញុំព្រះករុណា​ខ្ញុំ​ធ្លាប់​គិត ។ ទី​១ នោះ គឺជា​សេរីភាព​របស់​បុគ្គល​ម្នាក់​ៗ​ដែល​ពួក​គេ​ជ្រើសរើស​ផ្លូវ​ដើរ​ដោយ​ខ្លួនឯង ។ ព្រោះ​ស្ថានភាព​ប្រទេស​របស់​យើង​គឺជា​ប្រទេស​ពហុបក្ស ដូច្នេះ​គេ​មាន​សេរីភាព​រស់នៅ​ក្នុង​បក្ស​របស់​យើង ហើយ​ក៏​មាន​សេរីភាព​អាច​ទៅ​ជ្រើសរើស​បក្ស​ផ្សេង​» ។ សម្តេច​ក៏​បន្ត​ថា «​ផ្ទុយ​ទៅ​វិញ​មួយទៀត​ខ្ញុំព្រះករុណា​ខ្ញុំ​គិត​ថា ប្រហែលជា​យើង​មិន​អាច​បំពេញ​អ្វី​សម្រាប់​ពួក​គេ​បាន ឬ​ក៏​យើង​បាន​សាង​កំហុស​អ្វី​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ចាក​ចេញពី​យើង​បាន ។ សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​បន្ថែម​ទៀត​ថា «​ប៉ុន្តែ​យើង​អត់​បាន​នឹក​ដល់​ថា មាន​មេដឹកនាំ​បក្សនយោបាយ​ខ្លះ បើ​គេ​នៅ​ជាមួយ​ខ្លួន​ចាត់​ទុក​ថា ជា​អ្នក​សេ្ន​ហា​ជាតិ ។ បើ​គេ​ដើរ​ចេញពី​ខ្លួន គឺ​ក្បត់ជាតិ​ភ្លាម រាប់​ទាំង​បងប្អូន​នៅ​ទី​នេះ​ក្លាយទៅជា​ទំនិញ​ដែល​ទិញ​ដូរ​បាន​ទៅ​ហើយ​» ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ