ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ចង់​មាន​បញ្ហា​ខូច​តម្រងនោម គួរ​បញ្ឈប់​​ទម្លាប់​ទាំងនេះ និង​អាហារ​ត្រូវ​ទទួលទាន

4 ឆ្នាំ មុន

តម្រងនោម​ដើរតួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​រក្សា​សុខភាព​រាង​កាយ​ល្អ​ប្រសើរ​។ វា​ជួយ​ផលិត​កោសិកា​គ្រាប់​ឈាមក្រហម​, គ្រប់គ្រង​កម្រិត​នៃ​សម្ពាធ​ឈាម​, បន្សាប​ជាតិពុល​សរីរាង្គ​ខាងក្នុង​, បញ្ចេញ​ជាតិ​ទឹក ឬ​សារធាតុ​រាវ​ដែល​លើស​, បញ្ចេញ​កាក​សំណល់​តាម​រយៈ​ទឹកនោម​, ច្រោះ​ឈាម​, ផលិត​អ័រម៉ូន និង​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​រ៉ែ​ចាំបាច់​ទាំងអស់​ក្នុង​ឈាម​។​…

តម្រងនោម​ដើរតួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​រក្សា​សុខភាព​រាង​កាយ​ល្អ​ប្រសើរ​។ វា​ជួយ​ផលិត​កោសិកា​គ្រាប់​ឈាមក្រហម​, គ្រប់គ្រង​កម្រិត​នៃ​សម្ពាធ​ឈាម​, បន្សាប​ជាតិពុល​សរីរាង្គ​ខាងក្នុង​, បញ្ចេញ​ជាតិ​ទឹក ឬ​សារធាតុ​រាវ​ដែល​លើស​, បញ្ចេញ​កាក​សំណល់​តាម​រយៈ​ទឹកនោម​, ច្រោះ​ឈាម​, ផលិត​អ័រម៉ូន និង​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​រ៉ែ​ចាំបាច់​ទាំងអស់​ក្នុង​ឈាម​។​

ទាំងនេះ​ហើយ​ជា​មូលហេតុ​ដែល​អ្នក​គួរ​ព្យាយាម​ធ្វើ​យ៉ាងណា​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​តម្រងនោម​ដោយ​ជៀសវាង​ការ​ទទួលទាន​អាហារ​មួយ​ចំនួន​ជា​បន្ទាន់ និង​ជំនួស​ដោយ​អាហារ​ដែល​ល្អ​សម្រាប់​សុខ​ភាព​តម្រងនោម​វិញ​។ ថា​តើ​អាហារ​អ្វី​ខ្លះទៅ​ដែល​ជួយ​លាង​សម្អាត និង​ថែរក្សា​តម្រង​នោម? ខាង​ក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​អោយ​ដឹង​ពី​អាហារ​ដែល​គួរ​ទទួលទាន​ឱ្យ​បាន​ច្រើន រួម​ជាមួយ​ទម្លាប់​ដែល​អ្នក​ត្រូវ​បញ្ឈប់​ ដើម្បី​ជៀស​ផុត​ពី​ហានិភ័យ​នៃ​ជំងឺ​ខ្សោយតម្រងនោម ឬ​ខ្សោយ​ក្រលៀន ៖

+ អ្វី​ដែល​គួរ​រួម​បញ្ចូល​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ

១. ត្រី​សម្បូរ​ខ្លាញ់ ៖ ប្រូតេអុីន គឺ​សំខាន់​ណាស់​សម្រាប់​សុខភាព​តម្រងនោម​ល្អ​ប្រសើរ​ផង​ដែរ​។ ហើយ​ប្រភព​ដ៏​ល្អ​បំផុត​នៃ​ប្រូតេអ៊ីន គឺ​ត្រី​សម្បូរ​ខ្លាញ់ រួម​មាន​ត្រី​ធូ​ណា ត្រី​សាល​ម៉ុ​ន និង​ត្រី​សា​ឌី​ន​ជាដើម​។ ត្រី​សម្បូរ​ខ្លាញ់​ក៏​មាន​ផ្ទុក​បរិមាណ​ខ្ពស់​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែល​មាន​ប្រយោជន៍​មិនមែន​តែ​សម្រាប់​រក្សាសុខ​ភាព​ស​សៃ​ឈាម​បេះដូង​ឡើយ ប៉ុន្តែ​ក៏​ប្រសើរ​ចំពោះ​តម្រងនោម​គួរ​អោយ​កត់សម្គាល់​។

២. ផ្លែ​ប៉ោម ៖ ​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​ស​សៃ​ដែល​មាន​ប្រសិទ្ធិ​ភាព​កម្ចាត់​ជាតិពុល​ពី​បំពង់​រំលាយ​អាហារ​នៅ​មុន​ពេល​រាង​កាយ ហើយ​ដំណើរការ​នេះ​ជួយ​សម្រាល​បន្ទុក​លើ​តម្រងនោម​។ ផ្លែ​ប៉ោម​ក៏​ជួយ​កាត់​បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល និង​ការ​រលាក​ផ្សេង​ៗ​ក្នុង​រាង​កាយ​ផង​ដែរ​។

៣. ម្ទេស​ប្លោក​ក្រហម ៖ នោះ​ក៏​ព្រោះតែ​វា​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម lycopene ដែល​ល្អ​សម្រាប់​សុខភាព​តម្រងនោម​។ សារធាតុ lycopene ក៏​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​នឹង​ជំងឺមហារីក​ដែល​ជួយ​ទប់ស្កាត់​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​តម្រងនោម​ផង​ដែរ​។

៤. បន្លែ​បៃតង ៖ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ folate វីតាមីន C វីតាមីន K ជាតិ​ស​សៃ និង​សារ​ធាតុចិញ្ចឹម phytonutrients ដែល​ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម ព្រមទាំង​ភាព​តានតឹង​លើ​តម្រងនោម​, ប្រយុទ្ធ​ប្រឆាំង​ការ​រលាក រក្សា​តុល្យភាព​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម បង្កើន​ការ​ផលិត​ទឹកនោម ហើយ​ក៏​លាង​សម្អាត​តម្រងនោម​ផង​ដែរ​។

៥. ខ្ទឹមស​និង​ខ្ទឹមបារាំង ៖ ជា​ឱសថ​បែប​ធម្មជាតិ​ដ៏​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​បំផុត​មួយ​ជួយ​ព្យាបាល​បញ្ហា​ផ្សេង​ៗ​នៃ​តម្រង នោម​។ ខ្ទឹមស និង​ខ្ទឹមបារាំង​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ allicin ដែល​ជួយ​ក្នុង​ការ​សម្អាត​តម្រងនោម​បាន​យ៉ាង​ប្រសើរ រួម​ជាមួយនឹង​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​, សម្លាប់​មេរោគ​បាក់តេរី និង​កម្ចាត់រោគ​ផ្សិត​។

+ ទម្លាប់​ដែល​ត្រូវ​បញ្ឈប់

១. ទប់​នោម​យូរ ៖ ការ​ទប់​នោម​យូរ គឺជា​មូលហេតុ​ចម្បង​នៃ​បញ្ហា​តម្រងនោម​។ ប្រសិនបើ​អ្នក​ឧស្សាហ៍​ទប់​នោម នោះ​ទឹកនោម​នឹង​ត្រូវ​ស្ថិត​នៅ​ក្នុង​ផ្លោ​ក​នោម​យូរ ហើយ​បាក់តេរី​ចាប់ផ្ដើម​លូតលាស់​កាន់តែ​លឿន​។ នៅ​ទីបំផុត​វា​អាច​បណ្ដាល​ឱ្យ​កើត​មាន​ផលវិបាក​ធ្ងន់ធ្ងរ​មួយ​ចំនួន​ដូច​ជា ការ​ឆ្លង​មេរោគ​ក្នុង​តំរងនោម និង​អាកា​រៈ​នោម​ទាស់​។

២. ទទួលទាន​ទឹក​តិច​ពេក ៖ តម្រងនោម ក៏​ដូច​ទៅ​នឹង​ផ្នែក​ផ្សេង​ទៀត​នៃ​រាង​កាយ​ផង​ដែរ គឺ​ត្រូវការ​ជាតិ​ទឹក​គ្រប់គ្រាន់​ដើម្បី​រក្សា​បាន​នូវ​សុខភាព​ល្អ​ប្រសើរ និង​ដំណើរការ​មុខងារ​ត្រឹមត្រូវ​។ កង្វះ​ជាតិ​ទឹក​អាច​នាំ​អោយ​មាន​លំហូរ​ឈាម​តិច​ទៅ​តម្រងនោម​។ ជា​លទ្ធផល​ឈាម​នឹង​ប្រែជា​ខាប់​បង្ក​ផល​ប៉ះពាល់​ដល់​សមត្ថភាព​នៃ​តម្រងនោម​ក្នុង​ការ​កម្ចាត់​ជាតិពុល​ចេញពី​រាង​កាយ​។ ថា​តើ​អ្នក​អាច​ដឹង​បាន​ថា​ខ្លួនឯង​ទទួលទាន​ទឹកបាន​គ្រប់គ្រាន់​ឬ​នៅ​បែប​ណា​ទៅ0x017d7 ងាយ​ណាស់ ប្រសិនបើ​អ្នក​ទទួលទាន​ទឹក​បាន​គ្រប់គ្រាន់​នោះ​ទឹកនោម​របស់​អ្នក​នឹង​មាន​ពណ៌​លឿង​ស្រាល ហើយ​ទឹកនោម​ដែល​មាន​ពណ៌​ដិត​ណាមួយ​នោះ​អាច​ជា​រោគ​សញ្ញា​នៃ​បញ្ហា​ខូច​តម្រងនោម​។

៣. ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន ៖ ប្រសិនបើ​អ្នក​ឧស្សាហ៍​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​លើស​ពី ១ កែវ​ក្នុង​មួយ​ថ្ងៃ​សម្រាប់​នារី និង ២ កែវ​ក្នុង​មួយ​ថ្ងៃ​សម្រាប់​បុរស​នោះ អ្នក​ប្រាកដជា​ត្រូវ​ប្រឈម​មុខ​នឹង​ហានិភ័យ​នៃ​បញ្ហា​តម្រងនោម​មិន​ខាន​ឡើយ​។

៤. ទទួលទាន​អាហារ​ប្រៃ​ច្រើន​ពេក ៖ ការ​ទទួលទាន​អំបិល ឬ​អាហារ​ប្រៃ​ច្រើន​ពេក​ជា​ប្រចាំ​មិនល្អ​សោះ​ឡើយ​ចំពោះ​សុខភាព​រាង​កាយ​ទាំងមូល រួម​ទាំង​តម្រងនោម​។ តម្រងនោម​បំបែក​ជាតិ​សូ​ដ្យូ​ម​ប្រមាណ ៩៥% ពី​អាហារ​ដែល​អ្នក​ទទួលទាន​។ នេះ​មាន​ន័យ​ថា​ការ​ទទួលទាន​អាហារ​ជាតិ​អំបិល​ច្រើន​នឹង​ធ្វើ​អោយ​តម្រងនោម​ទទួល​បន្ទុក​លើស​កម្រិត​។ មិនយូរ​ប៉ុន្មាន​តម្រងនោម​ចាប់ផ្ដើម​ចុះ​ខ្សោយ​ប៉ះពាល់​សមត្ថភាព​មុខងារ ហើយ​បង្កើន​ការ​ស្ដុក​ទុក​សារធាតុ​រាវ​។

៥. ទទួលទាន​ជាតិ​ប្រូតេអុីន​ច្រើន​ពេក ៖ រាង​កាយ​ត្រូវការ​ប្រូតេអ៊ីន ប៉ុន្តែ​មិនមែន​ច្រើន​ពេក​ឡើយ ក៏​ព្រោះ​វា​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​តម្រងនោម​។ ហើយ​ការ​ទទួលទាន​ជាតិ​ប្រ​តេ​អ៊ី​ន​ចេញពី​សាច់សត្វ​ច្រើន​ពេក​បង្កើត​ជាតិ​អាស៊ីត​ក្នុង​ឈាម​ដែល​បណ្ដាល​ឱ្យ​កើត​ជំងឺ acidosis ស្ថានភាព​មួយ​ដែល​តម្រងនោម​របស់​អ្នក​មិន​អាច​រក្សា​កម្រិត pH ក្នុង​រាង​កាយ​ឱ្យ​មាន​តុល្យភាព​បាន​។ យូរ​ទៅ​បញ្ហា​នេះ​បង្ក​ជា​បញ្ហា​សុខ​ភាព​ធ្ងន់ធ្ងរ​ផ្សេង​ទៀត​ដូច​ជា បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ និង​ជំងឺ​តម្រងនោម​រ៉ាំរ៉ៃ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ