រាជធានីភ្នំពេញ ៖ បុរសម្នាក់តូចចិត្តសុំលុយបងស្រីចំនួន២ម៉ឺនរៀលមិនបានក៏បានសម្រេចចិត្តគិតខ្លី ធ្វើអត្តឃាតសម្លាប់ខ្លួន ដោយបានយកអាវចង.ក បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតនៅដើមឈើទាលក្នុងវត្តស្លែងតាមបំណង ហើយបានធ្វើឲ្យក្រុមគ្រួសារមានការហួសចិត្តយ៉ាងខ្លាំងព្រោះនឹកស្មានមិនដល់ថា បុរសនេះហានធ្វើបែបនេះឡើយ ។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងវត្តស្លែង ស្ថិតនៅក្នុងភូមិវត្តស្លែង សង្កាត់ពងទឹក រាជធានីភ្នំពេញ ។
បុរសខាងលើឈ្មោះ ម៉ែន សំអន អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ ។ ស្ត្រីម្នាក់ត្រូវជាបងស្រីបង្កើតបានឲ្យដឹងថា ប្អូនប្រុសរបស់នាងម្នាក់នេះមានប្រពន្ធ និងមានកូនស្រី២នាក់ តែប្រពន្ធបាននាំកូនរត់ចោលជាយូរណាស់ហើយ ទើបធ្វើឲ្យបុរសរូបនេះខូចចិត្តលែងគិតអី គិតតែពីដើរផឹកស្រាស្រវឹងរាល់ថ្ងៃ ។
ដោយឡែកមូលហេតុឈានដល់ការធ្វើអត្តឃាតសម្លាប់ខ្លួនឯងបែបនេះ ព្រោះតែខឹង និងគាត់មិនឲ្យលុយ ដោយកាលពីវេលាល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ប្អូនប្រុសរូបនេះបានសុំលុយពីនាងចំនួន២ម៉ឺនរៀល ដើម្បីយកទៅបង់រំលោះថ្លៃបញ្ចាំទូរស័ទ្ទ ដែលរូបគេបានដាក់បញ្ចាំច្រើនថ្ងៃមកហើយ ។ ប៉ុន្តែខណៈនោះនាងគ្មានលុយឲ្យ ព្រមទាំងស្ដីបន្ទោសឲ្យថា «មិនគិតធ្វើការសន្សំលុយទេ គិតតែផឹក អញគ្មានលុយឲ្យទេ» ទើបធ្វើឲ្យប្អូនប្រុសរូបនេះតូចចិត្ត និងសម្រេចចិត្តមកចង.កសម្លាប់ខ្លួនបែបនេះតែម្តង ប៉ុន្តែនាងក៏មិននឹកស្មានថា ប្អូនប្រុសហានធ្វើបែបនេះឡើយ ។
នគរបាលបានឲ្យដឹងថា នៅមុនពេលភ្ញាក់ផ្អើលក្រោយពេលឆាន់ត្រង់រួច នេន១អង្គបានកាន់សៀវភៅនិមន្តទៅក្រោយកុដិក្នុងវត្តក្បែរចេតិយ ស្រាប់តែប្រទះឃើញបុរសខាងលើចង.កជាប់នឹងដើមឈើទាលស្លាប់បាត់ទៅហើយ ទើបភ្លាមៗនោះនេនខាងលើបាននិមន្តទៅប្រាប់ព្រះចៅអធិការវត្ត ហើយរាយការណ៍ដល់សមត្ថកិច្ចមូលដ្ឋានអោយចុះមកពិនិត្យមើលជាក់ស្ដែងតែម្ដង ៕ (កែសម្រួលដោយ ៖ សុឃាក់)
ចែករំលែកព័តមាននេះ