ខេត្តកណ្ដាល ៖ បុរសម្នាក់ក្នុងចំណោមគ្នា៤នាក់ ដើររើសអេតចាយពេលយប់ ហើយបានប្រទះឃើញដែកគ្រោងទ្វារបង្អួច និងដែកជណ្ដើរនៅមុខផ្ទះមួយកន្លែងក៏បានធ្វើសកម្មភាពលួចដាក់លើរ៉ឺម៉កម៉ូតូដឹកចេញគេចខ្លួន ។ ប៉ុន្តែត្រូវបានម្ចាស់ទាន់ដេញតាមចាប់បានម្នាក់នាំយកទៅប្រគល់ជូននគរបាលចាត់ការតាមច្បាប់ ចំណែក៣នាក់ទៀតរត់គេចខ្លួនបាត់ ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ។
នគរបាលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួននោះឈ្មោះកុយ គក់ អាយុ២៥ឆ្នាំ ជនជាតិខ្មែរមុខរបររើសអេតចាយពេលយប់ ចំណែកបក្សពួកដែលរត់រួច រួមមាន១-ឈ្មោះកុយ ញ៉ាញ់ អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ២-ឈ្មោះមិនស្គាល់អត្តសញ្ញាណគេចខ្លួន ។ អ្នកទាំង៣ស្នាក់នៅក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ក្រោយចាប់ខ្លួនដកហូតបានម៉ូតូម៉ាកស៊ីទីសេ១០០កូរ៉េ ពណ៌ក្រហម០១គ្រឿង មានសណ្ដោងកន្ទុយរ៉ឺម៉ក ជណ្តើរដែក០១ ដែកគ្រោងបង្អួច១ផ្ទាំង ទ្វារដែក១ផ្ទាំង ដែលជាកម្មសិទ្ធិរបស់បុរសម្នាក់ឈ្មោះហេង ផល្លី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅក្នុងភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ប្រភពដដែលបានបន្តថា នៅវេលាម៉ោងខាងលើជនសង្ស័យមានគ្នា០៣នាក់ ជិះម៉ូតូម៉ាកស៊ីទីសេ១០០កូរ៉េ ពណ៌ក្រហម០១ គ្រឿង មានសណ្ដោងកន្ទុយរ៉ឺម៉កផងដើររើសអេតចាយតាមបណ្តោយផ្លូវជាតិលេខ៤ ។
លុះពេលទៅដល់ត្រង់ចំណុចកើតហេតុជនសង្ស័យបានចូលលួចដែកខាងលើ ដែលទុកមុខផ្ទះដាក់លើរ៉ឺម៉ក រួចដឹកចេញគេចខ្លួន ។ ប៉ុន្តែខណៈនោះត្រូវទើបម្ចាស់ភ្ញាក់ទាន់ក៏បានជិះម៉ូតូដេញតាមរហូតដល់មុខសាលាក្តីខ្មែរក្រហម ស្ថិតនៅក្នុងភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទើបតាមទាន់ ។ បន្ទាប់មកបានចាប់ខ្លួននាំទៅប្រគល់ជូននគរបាលស្រុកអង្គស្នួល ដើម្បីចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ