រាជធានីភ្នំពេញ ៖ តារាចម្រៀងលំដាប់យុវវ័យកំពុងតែលេចធ្លោប្រចាំផលិតកម្មសាន់ដេ នាងអុីវ៉ា គេនៅចាំបានថា កាលពីអំឡុងដើមឆ្នាំ រហូតជិតពាក់កណ្តាលឆ្នាំ២០១៣នេះ ប្រជាប្រិយភាពរបស់នាងឡើងខ្ពស់ ដោយមានបទផ្ទាល់ខ្លួនជាច្រើនលក់នៅទីផ្សារសុទ្ធតែជាបទយុវវ័យគាប់ចិត្ត ។ ផ្ទុយទៅវិញនៅចុងឆ្នាំនេះនាងស្ងាត់បទ ល្បីៗ ខណៈតារាផ្សេងមានបទថ្មី និង ម្នាក់ៗលោតឡើងប្រជែងគ្នា ។ យុវវ័យខ្លះដែលគាំទ្រអុីវ៉ា រអ៊ូរទាំរឿងបទចម្រៀងរបស់នាងមិនទាក់ទាញ ខណៈដែលនាងមានសំឡេងល្អ តែបែរជាបានបទចម្រៀងមិនល្អ ។
អុីវ៉ា ចាប់ផ្តើមមានឈ្មោះល្បីក្នុងអំឡុងពេលជិត២ឆ្នាំមកនេះ តាំងពីនាងចូលច្រៀងឱ្យផលិតកម្មសាន់ដេមក ព្រោះតែមានទឹកដមសំឡេងខ្ពស់ពីរោះរណ្តំចិត្ត បូករួមនឹងរូបសម្បត្តិស្រស់ស្អាត ឯការតែងខ្លួនឡើងច្រៀងមើលទៅទាក់ទាញចិត្តយុវវ័យ ។ មានបទចម្រៀងបែបមនោសញ្ចេតនា ល្បីៗជាច្រើនរបស់អុីវ៉ា ដែលវាយលុកទីផ្សារធ្វើឱ្យនាងមានហាងឆេងខ្ពស់ក្នុងអាជីព ។ ឈានចូលដល់ចុងឆ្នាំ២០១៣នេះ អុីវ៉ា អត់សូវមានបទល្បីខ្លាំងដូចមុនទេ ខណៈអ្នកចម្រៀងកម្រិតប្រហែលនាងសុទ្ធតែមានបទចម្រៀងចេញលក់ ថ្មីៗ ហើយរំលេចដោយក្បាច់រាំរស់រវើកសម្ញែងដាក់គ្នាមើលទៅម៉្យាងម្នាក់ ។ តារាខ្លះមិនពូកែបញ្ចេញក្បាច់រាំ ក៏ខំហាត់រាំដើម្បីទាញប្រជាប្រិយភាព ។
ពេលច្រៀងក្នុងកម្មវិធី «តន្ត្រីថ្ងៃអាទិត្យ» របស់សុីធីអិន កាលពីពេល ថ្មីៗនេះតារាចម្រៀងខ្ពស់ស្រឡូនមានឈ្មោះពិត ឃីង ស្រីនិច ហៅអុីវ៉ា រំលេចដោយឈុតសម្លៀកបំពាក់ទំនើបទាន់សម័យត្រូវចិត្តយុវវ័យ ។ នាងបានអះអាងប្រាប់អ្នកយកព័ត៌មានកោះសន្តិភាពនៅខាងក្រោយឆាកថា នាងដឹងព័ត៌មានដែរថា នាងអត់មានបទចម្រៀងលេចធ្លោ តែនេះជាការយល់ឃើញរបស់ប្រិយមិត្តអ្នកស្តាប់ប៉ុណ្ណោះ ខណៈនាងមានបទចម្រៀងថ្មីចាស់ជាច្រើនលក់នៅលើទីផ្សារដូចតារាដទៃដែរ ។ ទោះជានាងលេចធ្លោ ឬមិនលេចធ្លោប្រិយមិត្តអ្នកស្តាប់យល់ហើយ ព្រោះនាងកន្លងមកមិនហ៊ានថា ច្រៀងល្អជាងគេទេ ហើយទុកឱ្យមហាជនដាក់ពិន្ទុ ។ បើគេថាល្អ នាងសប្បាយចិត្ត តែបើគេថាមិនល្អ នាងនឹងកែប្រែចំណុចខ្វះខាតដើម្បីឱ្យល្អឡើង គឺនាងមិនខឹងគេរិះគន់ទេ ។
នៅពេលសួរថា អ្នកសិល្បៈឥឡូវនេះក្រៅពីច្រៀង ចេះរាំក្បាច់ ប្លែកៗជាមួយក្រុមរាំ មើលទៅមិនចាញ់តារាចម្រៀងស្រុកគេទេ ចុះចំណែកនាងវិញយ៉ាងណាដែរ ។ អុីវ៉ា ញញឹមឆ្លើយថា វាស្ថិតនៅលើពេលខាងមុខ នាងអត់ហ៊ានប្រាប់មុនថា នឹងចេះរាំដូចគេទេ ។ នាងយល់ថា អ្នកចម្រៀងទាល់តែពូកែរកឃើញចំណុចប្លែក គឺពិតជាល្អ ហើយនាងក៏ខំដើរឱ្យទាន់ចំណុចនេះ ដើម្បីចង់ដឹងថា អាជីពមានការចាប់អារម្មណ៍យ៉ាងណាទៀត ៕
ចែករំលែកព័តមាននេះ