ល្ខោនបាសាក់​ប្រឈម​នឹង​ផលវិបាក​ក្នុង​យុគសម័យ​ទំនើប


រាជធានី​ភ្នំពេញ​៖ សិល្បៈ​ល្ខោនបាសាក់​កំពុង​តែ​ខំរ​ស់ទាំង​លំបាក នៅ​ក្នុង​យុគសម័យ​ដ៏​ទំនើប ដូច្នេះ​ហើយ​សិល្បៈ​មួយ​នេះ និង​សិល្បៈ​បុរាណ​ខ្មែរ​មួយ​ចំនួន​ទៀត​កំពុង​ទាមទារ​ការ​ជួយ​គាំទ្រ និង​សង្គ្រោះ​ជា​បន្ទាន់ ។ ស្ថិត​នៅ​ក្នុង​បរិបទ​នៃ​បច្ចេកវិទ្យា​ដ៏​ទំនើប​ដែល​មាន​លំហូរ​ចូល​ខ្សែភាពយន្ត ល្បី​ៗ​ជាមួយនឹង​ការ​ថត​មាន​បច្ចេកទេស​ល្អ បូក​រួម​ជាមួយនឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៏​ទូលំទូលាយ​ផង​នោះ ធ្វើ​ឲ្យ​សិល្បៈ​បុរាណ​ខ្មែរ ក្នុង​នោះ​ល្ខោនបាសាក់​ដែល​ធ្លាប់​ជាទី​ពេញ​និយម​ជួប​ការ​លំបាក​ដោយសារ​ខ្វះ​ការ​គាំទ្រ ។

បើ​ទោះបីជា​ល្ខោនបាសាក់​នៅ​តែ​មានការ​សម្តែង​នៅ​តំបន់​នានា និង​មានការ​ផ្សព្វផ្សាយ​តាម​រយៈ​ស្ថានីយ​ទូរទស្សន៍​ខ្លះ​ក៏​ដោយ ក៏​ប៉ុន្តែ​សិល្បៈ​នេះ​ធ្លាក់​ការ​គាំទ្រ​ខ្លាំង ខណៈ​ពេល​ដែល​យុវវ័យ​ភាគច្រើន​ស្ទើរតែ​មិន​បាន​ចាប់អារម្មណ៍​ទៅ​ហើយ ។ ឈរ​លើ​បញ្ហា​នេះ​អ្នក​ប្រតិបត្តិ​នៅ​ក្នុង​ផ្នែក​សិល្បៈ​ទស្សនីយភាព​មួយ​នេះ​បាន​សម្តែង​ការ​ព្រួយបារម្ភ​ខ្លាំង និង​បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ជា​ពិសេស​យុវជន​គួរ​ងាក​មក​គាំទ្រ​លើ​វិស័យ​សិល្បៈ​បុរាណ​ខ្មែរ​ខ្លះ​ផង ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ប្រធាន​ដឹកនាំ​ក្រុម​សិល្បៈ​ល្ខោនបាសាក់​មហាជន​រាជធានី​ភ្នំពេញ​លោក​អុល សំអាង ថ្លែង​ថា «​ដោយសារ​តែ​បច្ចុប្បន្ន​បច្ចេកវិទ្យា​កាន់តែ​ទំនើប​នោះ មហាជន​ជា​ច្រើន​បាន​ងាក​ទៅ​រក​អ្វី​ដែល ទំនើប​ៗ ហើយ​ភ្លេច​អតីតកាល និង​អនុស្សាវរីយ៍​ដែល​យើង​បាន​ធ្លាប់​ឃើញ​នូវ​ការ​សម្តែង​ល្ខោន​បាសាក់​នៅ​តាម​វត្ត​អារាម ។ កាលពី​ជាង​១០​ឆ្នាំ​មុន​នៅ​ពេល​ដែល​បច្ចេកវិទ្យា​មិន​ទាន់​ទំនើប ហើយ​ស្ថានីយទូរទស្សន៍​នៅ​មាន​កម្រិត​នោះ សិល្បៈ​ល្ខោនបាសាក់​បាន​ក្លាយ​ជាទី​ពេញ​និយម​ណាស់​សម្រាប់​មហាជន​ទូទៅ ។ មហាជន ចាស់​ៗ​មួយ​ចំនួន​ខ្លះ​ពួក​គាត់​ក៏​មិន​ដែល​ភ្លេច​នូវ​ការ​គាំទ្រ​ទៅ​លើ​ទស្សនីយ​ភាព​ល្ខោនបាសាក់​នេះ​ដែរ បើ​ទោះបីជា​ការ​សម្តែង​នៅ​តាម​ទី​តំបន់​នានា បច្ចុប្បន្ន​មាន​អ្នកចូលរួម​ទស្សនា​តិច​ឬ​ក៏​ដោយ »​។

សម្រាប់​សិល្បៈ​ល្ខោនបាសាក់​សម័យនេះ លោក​អុល សំអាង ថា​«​ចំណាប់អារម្មណ៍​របស់​យុវជន​យុវនារី និង​មនុស្ស​ចាស់​មួយ​ចំនួន​ហាក់​បាន​ឃ្លាតឆ្ងាយ​ពី​សិល្បៈ​មួយ​នេះ ដោយ​ពួក​គេ​បាន​ងាក​មក​រក​សិល្បៈ​សម័យ ទំនើប​ៗ​នេះ​វិញ​។ ពួក​គេ​អាច​នឹង​គិត​ថា សិល្បៈ​បុរាណ​គ្រាន់តែ​ជា​ការ​កំដរ ឬ​លម្អ​ឲ្យ​តែ មាន​ៗ​ប៉ុណ្ណោះ ទោះបីជា​បាន​ទស្សនា ឬ​មិន​បាន​គឺ​មិនជា​បញ្ហា​ឡើយ ក្នុង​ពេល​ដែល​ពួក​គេ​មិន​បានដឹង​ទេ​ថា សិល្បៈ​បុរាណ​ខ្មែរ​គឺ​មានការ​ខិតខំ​ថែរក្សា​ខ្លាំង​ណាស់​ពី​លោកគ្រូ​អ្នកគ្រូ ចាស់​ៗ ក្នុង​នោះ​ក៏​មាន​រូប​លោក​ផង​ដែរ »​។

បើ​តាម​លោក​អុល សំអាង បើ​ទោះជា​បច្ចុប្បន្ន​មានការ​គាំទ្រ ឬ​មិន​គាំទ្រ​ទៅ​លើ​សិល្បៈ​ល្ខោនបាសាក់​នេះ​ក្តី រូប​លោក​ក៏​នៅ​តែ​បន្ត​បេសកកម្ម​លើ​វិ​ថី​សិល្បៈ​បុរាណ​ជាតិ​នេះ​ដដែល ។​លោក​នឹង​ខិតខំ​ពុះពារ​ទោះ​មាន​ភាព​លំបាកលំបិន​យ៉ាងណា ទាំង​ការ​សម្តែង​នៅ​ទី​ជិត​ទី​ឆ្ងាយ ក្តៅ​ត្រជាក់​ក៏​ដោយ លោក​នៅ​តែ​មិន​បោះ​បង់​ចោល​ឡើយ ព្រោះ​នេះ​ក៏​ជា​ការ​ចូលរួម​ផ្សព្វផ្សាយ​នូវ​សិល្បៈ​បុរាណ​ខ្មែរ​ដ៏​ចំណាស់​មួយ​នេះ​ផង​ដែរ ។

ក្នុង​នាម​ជា​អ្នក​ប្រតិបត្តិ​លើ​សិល្បៈ​ល្ខោនបាសាក់ លោក​អុល សំអាង បាន​អំពាវនាវ​ដល់​មហាជន ជា​ពិសេស​យុវវ័យ​គួរ​ងាក​មក​ចូលរួម​គាំទ្រ​ខ្លះ​លើ​វិស័យ​សិល្បៈ​បុរាណ​ខ្មែរ ។ លោក​បាន​ស្នើ​ដល់​ភាគី​ពាក់​ព័ន្ធ​ទាំងអស់​ឲ្យ​រួម​គ្នា​ធ្វើ​សកម្មភាព ផ្សេង​ៗ ដើម្បី​ជា​ការ​បណ្តុះ​គំនិត​ដល់ ក្មេង​ៗ​ជំនាន់​ក្រោយ​ឲ្យ​យល់​ដឹង​ពី​គុណ​តម្លៃ​នៃ​សិល្បៈ​បុរាណ​ខ្មែរ និង​ចូលរួម​ថែរក្សា​នូវ​កេរ​មរតក​ដូនតា​មួយ​នេះ​ឲ្យ​គង់វង្ស​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ