រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានជំរុញ និងលើកទឹកចិត្តឲ្យក្រុមអ្នកសារព័ត៌មានហ៊ានបញ្ចេញមតិរិះគន់ «ដើម្បីស្ថាបនា និងនិយាយអ្វីដែលជាការពិត»។ នៅក្នុងផ្ញើសារលិខិតអបអរសាទរដល់ទិវាសេរីភាពសារព័ត៌មានពិភពលោក នៅថ្ងៃសុក្រ ទី៣ ខែឧសភានេះ សម្តេចនាយករដ្ឋមន្ត្រីលើកឡើងថា «ហើយរាជរដ្ឋាភិបាលតែងចាត់ទុកថា សារព័ត៌មាន គឺជាដៃគូរសំខាន់មិនអាចខ្វះបាននៅក្នុងសង្គមប្រជាធិបតេយ្យ» ។ ជាពិសេសវិស័យសារព័ត៌មានបាន «ចូលរួមចំនែករក្សាសុខសន្តិភាព ការអភិវឌ្ឍន៍ និងពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា» ។
នេះមិនមែនជាលើកទី១ទេ ដែលសម្តេចតេជោបានលើកទឹកចិត្តដល់វិជ្ជាជីវៈសារព័ត៌មាន ។ក្នុងជំនួបជាមួយក្រុមអ្នកកាសែតនាពេលកន្លងមកសម្តេចក៏បានលើកឡើងដូច្នេះផងដែរ ។ ប្រទេសកម្ពុជាបានចូលរួមប្រារព្ធទិវាសេរីភាពសារព័ត៌មានជារៀងរាល់ឆ្នាំ ដែលជាសញ្ញានៃការផ្តល់តម្លៃដល់វិស័យសារព័ត៌មាន ។ ជាមួយគ្នានេះដែរប្រទេសកម្ពុជាក៏កំពុងរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ។
ក្នុងសិក្ខាសាលាស្តីពីការអបអរទិវាសេរីភាពសារព័ត៌មានដែលធ្វើឡើងនៅថ្ងៃនេះ ក្នុងរាជធានីភ្នំពេញ លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានក៏បានសង្កត់ធ្ងន់ពីការឲ្យតម្លៃលើការលើកស្ទួយសេរីភាពនៃការបញ្ចេញមតិសេរីភាពខាងសារព័ត៌មាន ការការពារឯករាជ្យភាពប្រព័ន្ធផ្សព្វផ្សាយដោយគ្មានការជ្រៀតជ្រែក ហើយលោកក៏បានឧទ្ទិសផងដែរដល់អ្នកសារព័ត៌មានដែលបានបាត់បង់ជីវិតក្នុងការបំពេញភារកិច្ចនាពេលកន្លងមក ។ ថ្លែងទៅកាន់អង្គសិក្ខាសាលានេះដែរលោករដ្ឋមន្ត្រីក្រសួងព័ត៌មានក៏បានទាញចំណាប់អារម្មណ៍ពីសារសំខាន់នៃការប្រយុទ្ធប្រឆាំងនឹងការផ្សាយព័ត៌មានក្លែងក្លាយដែលមានលក្ខណៈ «លាបពណ៌ការញុះញុងអុចអាលជេរប្រមាថដោយការស្អប់គ្នា ដើម្បីឲ្យមានការបែកបាក់សាមគ្គីផ្ទៃក្នុងដែលធ្វើឲ្យសាកលលោកមានចលាចល» រហូតដល់បង្កឲ្យមានអំពើហិង្សា និងជម្លោះប្រដាប់អាវុធទៀតផង ។
ឧទ្ទិសទៅដល់ទិវាសេរីភាពសារព័ត៌មាននេះដែរ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានឲ្យតម្លៃលើប្រពន្ធ័ផ្សព្វផ្សាយឯករាជ្យដោយចាត់ទុកថា ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ «គឺជាមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ» ។ ស្ថានទូតអាមេរិកបញ្ជាក់បន្ថែមថា «ការធានាសេរីភាពសម្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅជុំវិញពិភពលោក គឺជាអាទិភាពមួយ ។ ហើយប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ គឺជាមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យទាំងអស់មិនថា ប្រជាធិបតេយ្យនៅក្មេងខ្ចី ឬប្រជាធិបតេយ្យចាស់ទុំទេ» ៕
ចែករំលែកព័តមាននេះ