រាជធានីភ្នំពេញ ៖ តារាចម្រៀង និងសម្តែងទាំងអស់នៅក្នុងរឿង «ព្រាយក្បាលប្រាំបី» របស់ផលិតកម្មសាន់ដេ បានជួបជុំគ្នានៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលរៀបចំធ្វើនៅផ្សារទំនើបសុវណ្ណា កាលពីថ្ងៃទី២ វិច្ឆិកា ឆ្នាំ២០១៣ ដើម្បីបង្ហាញចំណាប់អារម្មណ៍ពីការសម្តែងនៅក្នុងសាច់រឿង មុនពេលវណ្ណកម្មទី៤របស់ផលិតកម្មសាន់ដេមួយនេះចាក់បញ្ចាំងចាប់ពីថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០១៣តទៅ ។
នៅក្នុងសន្និសីទកាសែតនោះ គ្រប់តារាសម្តែងនៅក្នុងរឿង «ព្រាយក្បាលប្រាំបី» ទាំងអស់សុទ្ធតែបង្ហាញចំណាប់អារម្មណ៍ស្រដៀងគ្នាថា ខ្សែរឿងមួយនេះពិតជាល្អមើល និងអ្វីដែលពិសេសថែមទៀតនោះ គឺសាច់រឿងទាំងមូលតម្រូវឱ្យតួអង្គទាំងអស់សម្តែងផ្ទុយពីអត្តចរិតខាងក្រៅរបស់ពួកគេ ។
តារាចម្រៀងខេមរៈ សិរីមន្ត បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា រឿង «ព្រាយក្បាលប្រាំបី» លោករំពឹងទុកថា នឹងទទួលបានជោគជ័យដោយសារសាច់រឿងល្អ ហើយជាពិសេសទៀតនោះ គឺលោកបានផ្លាស់ប្តូរអត្តចរិតជាតួកំប្លែង ។ តាមរយៈការដើរតួកំប្លុកកំប្លែងនេះ លោកចង់ឱ្យទស្សនិកជនទាំងអស់ចូលរួមទស្សនា ដើម្បីវិនិច្ឆ័យទៅលើសមត្ថភាពរបស់លោកថា អាចធ្វើបានដល់កម្រិតណា ។ ម្ចាស់បទ «ស្រឡាញ់បងគ្មានអនាគត» រូបនេះបញ្ជាក់ថា នៅក្នុងសាច់រឿងទាំងមូល លោកពិបាកសម្តែងស្ទើរតែគ្រប់ឈុតទាំងអស់ ដោយសារតែផ្លាស់ប្តូរចរិតពីមនុស្សសុភាពរាបសាមកជាតួអង្គបែបកំប្លែង វិញ ។
ស្រដៀងគ្នានេះដែរ តារាចម្រៀងសាច់សដូចបណ្តូលចេក នាងសុខ ពិសី អះអាងថា ខ្សែភាពយន្តនេះពិតជាខុសប្លែកពីបណ្តារឿង មុនៗ ដោយសារតែតម្រូវឱ្យនាងផ្លាស់ប្តូរអត្តចរិតទាំងស្រុង ដោយមកសម្តែងជាតួអង្គកំប្លែងវិញ ។ ម្ចាស់បទ «ហេតុអ្វីខលមកអូនតែពេលស្រវឹង» រូបនេះ បញ្ជាក់ថា ឈុតដែលនាងពិបាកសម្តែងជាងគេ គឺឈុតថតនៅលើផ្នូរខ្មោច ដោយសារតែនេះជាលើកទី១ហើយ ដែលនាងបានទៅដល់ និងបានមើលឃើញផ្នូរខ្មោចរាប់រយពាន់ ហើយតម្រូវឱ្យនាងថតនៅម៉ោង១២អធ្រាត្រ ។
ចំណែកម្ចាស់បទ «សង្សារលួចលាក់» លោកឆាយ វីរៈយុទ្ធ បញ្ជាក់ថា នៅក្នុងសាច់រឿងនេះ គឺលោកសម្តែងជាតួអង្គប្រធានក្រុមនិស្សិត ដើម្បីស្វែងរកចាប់ព្រាយក្បាលប្រាំបី ហើយមានអត្តចរិតក្រមិចក្រមើម កំប្លែង ។ នៅក្នុងការសម្តែងនេះ គឺលោកមានការពិបាកស្ទើរតែគ្រប់ឈុតទាំងអស់ ដោយសារតែវាជារឿងបែបកំប្លែង ហើយអ្វីដែលរឹតតែពិបាកទៀតនោះ គឺតួអង្គទាំងអស់ត្រូវស្នាក់នៅលើភ្នំគិរីរម្យ ដែលមានអាកាសធាតុត្រជាក់មួយយប់ទល់ភ្លឺ ។
ដោយឡែកសម្រាប់តារាចម្រៀងនាងសុខ ស្រីនាង និយាយថា ខ្សែរឿងនេះ គឺមិនពិបាកអ្វីច្រើនសម្រាប់រូបនាងឡើយ ប៉ុន្តែវាគ្រាន់តែធ្វើឱ្យនាងអត់ងងុយបន្តិចប៉ុណ្ណោះ ។ បើទោះបីជានៅក្នុងសាច់រឿងនេះ អ្នកដឹកនាំរឿងតម្រូវឱ្យនាងដើរតួអង្គដែលមានចរិតសុភាពរាបសាយ៉ាងណាក៏ដោយ ប៉ុន្តែនាងក៏តម្រូវឱ្យមានសកម្មភាពកំប្លុកកំប្លែងខ្លះដែរ ។ ចំណែកតារាសម្តែងផ្សេងទៀត ក៏បានអះអាងស្រដៀងគ្នានោះដែរថា គ្រប់ឈុតគ្រប់ឆាកនៅក្នុងរឿងព្រាយក្បាលប្រាំបី គឺបានផ្លាស់ប្តូរអត្តចរិតរបស់ពួកគេទាំងស្រុង ដោយសារសាច់រឿងមានលក្ខណៈបែបកំប្លែងស្ទើរគ្រប់ឈុត ។
អ្នកចាត់ការទូទៅក្នុងផលិតកម្មសាន់ដេ លោកឡាយ សុខចំរើន រំពឹងថា រឿងព្រាយក្បាលប្រាំបី នឹងទទួលបានការគាំទ្រច្រើន ។ លោកស្នើឱ្យទស្សនិកជនចូលទស្សនាខ្សែភាពយន្តដែលផលិតកម្មរបស់លោកផលិតនេះ ឱ្យបានច្រើន ដើម្បីលើកកម្ពស់វិស័យភាពយន្តរបស់ជាតិឱ្យបោះជំហានទៅមុខ ។ អ្នកចាត់ការវ័យក្មេងរូបនេះបញ្ជាក់ថា រឿង «ព្រាយក្បាលប្រាំបី» ជាស្នាដៃទី៤របស់ផលិតកម្មសាន់ដេ បន្ទាប់ពីរឿង «អង្គុលីមាល» «ព្រាយដែកគោល» និងរឿង «វិញ្ញាណបិសាចជញ្ជក់ឈាម» ។ ខ្សែភាពយន្តនេះ នឹងដាក់បញ្ចាំងនៅថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០១៣ នៅសាលមហោស្រពចេនឡា និងនៅថ្ងៃទី៩ វិច្ឆិកា បញ្ចាំងនៅរោងភាពយន្តលុច្ស ៕
ចែករំលែកព័តមាននេះ