ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ខាតបង់​រាប់រយ​លាន​ដុល្លារ ក្នុង​សេដ្ឋកិច្ចជាតិ ដោយសារ​តែ​ការ​ធ្លុះធ្លាយ​ក្នុង​វិស័យ​ទេសចរណ៍

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ទេសចរណ៍ លោក ថោ​ង ខុន បាន​ថ្លែង​ឲ្យ​ដឹង​ថា​ដើម្បី​ភាព​រីក​ចម្រើន​នៃ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា គឺ​ទាមទារ​ឲ្យ​គ្រប់​ភាគី​ចូលរួម​ក្នុង​ការ​ជំរុញ​ការ​នាំ​ចេញ​នឹង​កន្លែង និង​ការ​កាត់​បន្ថយ​ការ​ធ្លុះធ្លាយ​សេដ្ឋកិច្ច​ក្នុង​វិស័យ​ទេសចរណ៍ រួមចំណែក​រក្សា​ស្ថិរភាព…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ទេសចរណ៍ លោក ថោ​ង ខុន បាន​ថ្លែង​ឲ្យ​ដឹង​ថា​ដើម្បី​ភាព​រីក​ចម្រើន​នៃ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា គឺ​ទាមទារ​ឲ្យ​គ្រប់​ភាគី​ចូលរួម​ក្នុង​ការ​ជំរុញ​ការ​នាំ​ចេញ​នឹង​កន្លែង និង​ការ​កាត់​បន្ថយ​ការ​ធ្លុះធ្លាយ​សេដ្ឋកិច្ច​ក្នុង​វិស័យ​ទេសចរណ៍ រួមចំណែក​រក្សា​ស្ថិរភាព និង​កំណើន​សេដ្ឋកិច្ចជាតិ ព្រោះ​ការ​ធ្លុះធ្លាយ គឺ​កើតឡើង​ដោយសារ​ការ​នាំ​ចូល​វត្ថុធាតុដើម​ពី​ក្រៅប្រទេស មក​កម្ពុជា ។

លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ មាន​ប្រសាសន៍​បញ្ជាក់​ថា «​បើ​កម្ពុជា​ទប់ស្កាត់ ការ​ធ្លុះ​ធ្លោយ​ក្នុង​វិស័យ​ទេសចរណ៍​បាន​១០% បន្ថែម​ទៀត កម្ពុជា​នឹង​អាច​ចំណេញ​បាន​ប្រមាណ ៤០០​លាន​ដុល្លារ ក្នុង​សេដ្ឋកិច្ចជាតិ ខណៈ​បច្ចុប្បន្ន​យើង​នៅ​មានការ​ធ្លុះធ្លាយ​ក្នុង វិស័យ​ទេសចរណ៍​ប្រមាណ ២៥% នៅឡើយ​»​។ ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត​ផ្ទៃក្នុង​ក្រសួង ដើម្បី​បូក​សរុប​ការងារ​ប្រចាំឆ្នាំ​២០១៨ ត្រីមាស​ទី​១ ឆ្នាំ​២០១៩ និង​លើក​ទិស​ដៅ​បន្ត​នៅ​ត្រីមាស​ទី​២ និង​ទី​៣ ឆ្នាំ​២០១៩ ដែល​ពិធី​នេះ​ធ្វើ​ឡើង​នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​០២-០៣ ខែមេសា ឆ្នាំ​២០១៩ លោក​រដ្ឋមន្ត្រី​បញ្ជាក់​បន្ថែម​ថា ការ​ធ្លុះធ្លាយ​ទូទៅ​ក្នុង​វិស័យ​ទេសចរណ៍​នេះ នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍​ក៏​នៅ​តែ​មាន​ប្រមាណ ១៥% ដូច​ជា ការ​នាំ​ចូល​ស្រា​ល្អ​ៗ​ជាដើម​។

លោក ថោ​ង ខុន មាន​ប្រសាសន៍​ពន្យល់​ថា «​ការ​ធ្លុះធ្លាយ​ថវិកា​ក្នុង​វិស័យ​ទេសចរណ៍​នេះ មិនមែន​កើតឡើង​ដោយសារ​អំពើ​ពុក​រលួយ ឬ​ការ​បាត់​ថវិកា​អ្វី​នោះ​ទេ គឺ​កើតឡើង​ដោយសារ​ការ​នាំ​ចូល​វត្ថុធាតុដើម​ពី​ក្រៅប្រទេស ដើម្បី​យក​មក​បម្រើ​ដល់​វិស័យ​ទេសចរណ៍ ដូច​ជា​ការ​នាំ​ស្រា​ល្អ​ៗ បន្លែ សាច់ សូ​ម្បី​ការ​ទិញ​សង្ហា​រឹម និង​ការ​ទិញ​ដែក​ពី​ក្រៅប្រទេស​យក​មក​ធ្វើ​សណ្ឋាគារ ក៏​គេ​ចាត់ទុកជា​ការ​ធ្លុះធ្លាយ​ផងដែរ​»​។ ហេតុ​ដូច្នេះ​ហើយ​ទើប​ឯកឧត្តម​រដ្ឋមន្ត្រី​ដ៏​មមាញឹក​រូប​នេះ តែងតែ​ដាស់តឿន​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នៅ​ក្នុង​វិស័យ​ទេសចរណ៍ ត្រូវ​រួម​គ្នា​ជំរុញ​ផែនការ​នេះ​ឱ្យ​អស់ពី​លទ្ធភាព ដើម្បី​បង្កើន​ចំណូល​ពី​វិស័យ​ទេសចរណ៍​ចាក់​បញ្ចូល​ក្នុង​សេដ្ឋកិច្ចជាតិ​ឱ្យ​បាន​កាន់តែ​ច្រើន ខណៈ​កម្ពុជា​រំពឹង​ទុក​ថា នឹង​ទទួល​បាន​ចំណូល ៥​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​២០២០ និង​រំពឹង​ថា​នឹង​បាន​ប្រមាណ​១០​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​២០៣០​។ សូម​ជម្រាប​ថា វិស័យ​ទេសចរណ៍​ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ចាត់ជា «​មាស​បៃតង​» ដែល​បាន​នាំ​ថវិកា​ចាក់​បញ្ចូល​ក្នុង​សេដ្ឋកិច្ច​ជាតិប្រមាណ ៣,៦៣៨​លាន​ដុល្លារ នៅ​ឆ្នាំ​២០១៧ និង​ប្រមាណ ៤,៣៥៦​លាន​ដុល្លារ នៅ​ឆ្នាំ​២០១៨ កន្លង​ទៅ ។

ពាក់ព័ន្ធ​នឹង​ការ​នាំ​ចេញ​នៅ​នឹង​កន្លែង និង​ការ​កាត់​បន្ថយ​ការ​ធ្លុះធ្លាយ​សេដ្ឋកិច្ច​ក្នុង​វិស័យ​ទេសចរណ៍​នេះ លោក ថោ​ង ខុន បាន​ជំរុញ​ឱ្យ​គ្រប់​គោលដៅ​ទេសចរណ៍ ត្រូវ​ខិតខំ​អនុវត្តន៍​ឱ្យ​មាន​ប្រសិទ្ធភាព​នូវ​អនុសាសន៍​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី គឺ​ការ​រៀបចំ​ឱ្យ​មានការ​អភិវឌ្ឍន៍ «​ខ្សែក្រវាត់​បៃតង​» ការ​ខិតខំ​ផលិត​នូវ​ផលិតផល​ដែល​មានគុណ​ភាព និង​សោភ័ណ​ភាព ឆ្លើយ​តប​នឹង​តម្រូវការ​ទីផ្សារ​ទេសចរណ៍​ជាតិ​-​អន្តរជាតិ ដែល​រាប់​តាំងពី​គ្រឿង​សង្ហា​រឹម ផលិតផល សិប្បកម្ម កសិកម្ម ម្ហូបអាហារ​បន្លែ សាច់ ផ្លែ​ឈើ ផ្កា​ជាដើម ធ្វើ​យ៉ាងណា​កាត់​បន្ថយ​ឱ្យ​បាន​ច្រើន​ចំពោះ​ការ​ការ​នាំ​ចូល​ពី​ខាងក្រៅ ។

យោង​តាម​ព័ត៌មាន​ពី​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់ ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹង​ថា វិស័យ​ទេស ចរណ៍​កម្ពុជា មានការ​រីក​ចម្រើន​គួរ​កត់សម្គាល់​ក្នុង​ទស្ស​វត្ស​ចុង​ក្រោយ​នេះ ដោយ​ឆ្នាំ​២០១៨ កម្ពុជា​ទទួល​ទេសចរ​អន្តរជាតិ​បាន​ប្រមាណ ៦,២​លាន​នាក់ ក្នុង​កំណើន ១០,៧% ដោយ​បាន​នាំ​មក​នូវ​ចំណូល​ជូន​ជាតិ ៤.៣៥៦​លាន​ដុល្លារ​អា​មេ​រិ​ក រួមចំណែក ១២,៧% នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) និង​បង្កើត​ការងារ​ដោយ​ផ្ទាល់​ប្រមាណ ៦២​ម៉ឺន​នាក់​។ ជាក់ស្តែង ក្នុង​រយៈពេល ០២​ខែ ដើមឆ្នាំ​២០១៩​នេះ ទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា​មាន​ចំនួន ១,២​លាន​នាក់ ក្នុង​កំណើន ៩,៣% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ