ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កម្ពុជា​ព្រមាន​ដាក់​ពាក្យ​ប្តឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក ការ​ដាក់​ពន្ធ​អង្ករ​កម្ពុជា​ដោយ EU តែ​ជា​ជម្រើស​ចុង​ក្រោយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បញ្ហា​នៃ​ការ​យកពន្ធ​អង្ករ​កម្ពុជា​សម្រាប់​ការ​នាំ​អង្ករ​ចូល​ទីផ្សារ​អឺរ៉ុប ហាក់​កំពុង​តែ​ឡើង​កំ​ដៅ បន្ទាប់​ពី​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជា​សហព័ន្ធ​ស្រូវ​អង្ករ បញ្ជាក់​ជំហរ​ចង់​ដាក់​ពាក្យ​ប្តឹង​ប្រឆាំង នឹង​សហគមន៍​អឺរ៉ុប​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភព លោក (WTO)…

រាជធានី​ភ្នំពេញ ៖ បញ្ហា​នៃ​ការ​យកពន្ធ​អង្ករ​កម្ពុជា​សម្រាប់​ការ​នាំ​អង្ករ​ចូល​ទីផ្សារ​អឺរ៉ុប ហាក់​កំពុង​តែ​ឡើង​កំ​ដៅ បន្ទាប់​ពី​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជា​សហព័ន្ធ​ស្រូវ​អង្ករ បញ្ជាក់​ជំហរ​ចង់​ដាក់​ពាក្យ​ប្តឹង​ប្រឆាំង នឹង​សហគមន៍​អឺរ៉ុប​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភព លោក (WTO) ដោយ​ចាត់​ទុក​ការ​សម្រេច​យកពន្ធ​អង្ករ​កម្ពុជា ហាក់​មាន​ភាព​អយុត្តិធម៌​ខ្លាំង​សម្រាប់​កម្ពុជា ។

យ៉ាងណាមិញ ថ្នាក់ដឹកនាំ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ឲ្យ​ដឹង​ថា​សហព័ន្ធ​កំពុង​តែ​ធ្វើការ​ពិភាក្សា​លើ​បញ្ហា​ផ្លូវច្បាប់ ក្នុង​ការ​ដាក់​ពាក្យ​ប្តឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក រឿង​សហភាព​អឺរ៉ុប​ដាក់​ពន្ធ​លើ​អង្ករ​កម្ពុជា ខណៈ​ការ​ដាក់​ពន្ធ​លើ​អង្ករ​នេះ​ត្រូវ​ថ្នាក់ដឹកនាំ​ថា ជា​ការ​គាំពារ​និយម​របស់​សហភាព​អឺរ៉ុប​សម្រាប់​ប្រទេស​អុ​ី​តា​លី​។ ហើយ​គោលដៅ​នៃ​ការ​ប្តឹង​ទាស់​ទៅ​នឹង​ការ​ដាក់​ពន្ធ​នេះ ចំពោះ​អង្ករ​ក្រអូប​របស់​កម្ពុជា ដោយសារ​ថា​ការ​ដាក់​ពន្ធ​នេះ គាត់​ដាក់​ពន្ធ​លើ​អង្ករ​ក្រអូប​បូក​ជាមួយ​អង្ករ​សរ ហ្នឹង​មក​ចាត់ការ​លើ​បន្ទាត់​ពន្ធគយ​។

ថ្នាក់ដឹកនាំ​សហព័ន្ធ​ស្រូវ​អង្ករ​ពន្យល់​ថា ការ​យកពន្ធ​នេះ គឺ​ហាក់​មិន​ច្បាស់លាស់​ពី​ប្រភេទ​នៃ​អង្ករ ត្រង់នេះ​គឺ​មាន​ន័យ​ថា តាម​ពិត​ទៅ​វា​ជា​អង្ករ​ពីរ​ប្រភេទ​ខុស​គ្នា គឺ​អង្ករ​ក្រអូប​កម្ពុជា និង​អង្ក​រស​អុ​ី​តា​លី ។ អីចឹង​ការ​ប្រកួតប្រជែង​ហ្នឹង អង្ករ​កម្ពុជា​ប្រកួតប្រជែង​ជាមួយ​ប្រជាជន​គាត់ គាត់​ការពារ​ប្រជាជន​គាត់​គួរតែ​ដាក់​ពន្ធ​លើ​អង្ករ​សរ​ហ្នឹង​ទេ មិន​គួរ​ដាក់​ពន្ធ​លើ​អង្ករ​ក្រអូប និង​អង្ករ​ប្រឌិត​នោះ​ទេ ពីព្រោះ​កសិករ​អឺរ៉ុប​មិន​អាច​ផលិត​អង្ករ​នេះ​បាន​ទេ ដោយសារ​លក្ខខណ្ឌ​សីតុណ្ហភាព និង​ភូមិសាស្ត្រ​មិន​អាច​អនុញ្ញាត​ឱ្យ​កសិករ​អឺរ៉ុប​ផលិត​អង្ករ​ក្រអូប​នេះ​បាន​ទេ​»​។

ថ្មី​ៗ​នេះ​សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​ក្នុង​វេទិការ​រាជរដ្ឋាភិបាល​កម្ពុជា​-​ផ្នែក​ឯកជន​លើក​ទី​១៨ កាលពី​ថ្ងៃ​ទី​២៩​មីនា​ថា ចំនួន​អង្ករ​សម្រាប់​នាំ​ចេញ​នៅ​ឆ្នាំ​នេះ​មានការ​កើនឡើង​បើ​ប្រៀបធៀប​ទៅ​និង​ឆ្នាំទៅ​។ អីចឹង​អ្វី​ដែល​សហភាព​អឺរ៉ុប​ដាក់​ពន្ធ​លើ​យើង​វា​មិន​បណ្តាល​ឱ្យ​មានការ​ខូចខាត​ណាមួយ​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​នោះ​ទេ ។ សម្តេច​មាន​ប្រសាសន៍​បញ្ជាក់​នា​ពេល​នោះ​ថា « ឥឡូវ​ខាង​សហព័ន្ធ​ស្រូវ​អង្ករ​របស់​យើង​បាន​សំណូមពរ​មក​ខ្ញុំ​ផ្ទាល់ តែ​ខ្ញុំ​អត់​ទាន់​ឆ្លើយ​តប​នោះ​ទេ ខ្ញុំ​ទុក​ឱ្យ​នាំ​គ្នា​សិក្សា​។ គេ​សុំ​ប្តឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ព្រោះ​រឿង​នេះ​វា​មិន​ត្រឹមត្រូវ​»​។

ថ្លែងប្រាប់​កោះសន្តិភាព​នា​ថ្ងៃ​ទី ១ ខែមេសា​នេះ លោក ឧកញ៉ា ហ៊ុន ឡាក់ អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​មាន​ប្រសាសន៍​ថា «​សហព័ន្ធ​ស្រូវ​អង្ករ​យើង​បាន​ប្រជុំ​ពិភាក្សា​គ្នា​ជាមួយ​ទីប្រឹក្សា​អ្នក​ច្បាប់ ដើម្បី​ឱ្យ​គាត់​ផ្តល់​យោបល់​ថា​ការ​ដាក់​កំហិត​ឱ្យ​ត្រូវ​បង់ពន្ធ​ក្នុង​ការ​នាំ​ចេញ​អង្ករ​ទៅ​សហភាព​អឺរ៉ុប​នេះ វា​មិន​ឆ្លើយ​តប​ទៅ​និង​ភាព​អនុគ្រោះ ។ យើង​អាច​នៅ​មាន​សិទ្ធិ​ក្នុង​ការ​ពន្យល់​សហគមន៍​អឺរ៉ុប​ឬ​ឱ្យ​ស្ថាប័ន​ណាមួយ​មាន​សិទ្ធ​អំណាច​ក្នុង​ការ​ធ្វើការ​តវ៉ា ឬ​ក៏​កែសម្រួល​ឡើង​វិញ​នូវ​អ្វី​ដែល​ជា​បំរាម​ដែល​គេ​(EU) ចេញ​សេចក្តី​ប្រកាស​»​។

លោក​ឧកញ៉ា បន្ត​ថា សហព័ន្ធ​ស្រូវ​អង្ករ ត្រូវការ​ពិភាក្សា ពិសេស​ពិភាក្សា​ជាមួយ​ក្រសួង ពាណិជ្ជកម្ម ដើម្បី​រក​យន្តការ​ណាមួយ​ឱ្យ​វា​សម​ស្រប តាម​ច្បាប់​គតិ​យុ​ត្ត​។ បាន​ន័យ​ថា​ត្រូវការ​សិក្សា​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​មុន​នឹង​ដាក់​ទៅ​តែ​សព្វ​ថ្ងៃនេះ​វា​ស្ថិត​ក្នុង​អន្តរ​ការ​ពិភាក្សា​។ ទោះជា​យ៉ាងណា​សហព័ន្ធ​ត្រូវ​តែ​ជួយ​ឱ្យ​សហព័ន្ធ​អាច​ឱ្យ​កម្ពុជា​នាំ​ចូល​អង្ករ​ទៅ​អឺរ៉ុប​បាន​ដូច​ដើម​វិញ​។ លោក​ឧកញ៉ា បញ្ជាក់​ថា ជា​ទូទៅ​ការ​ជជែក​គ្នា សម​ស្រប​ហើយ តែ​ផ្លូវការ​មិន​ទាន់​បាន​ដាក់​ទេ ព្រោះ​យើង​នៅ​សិក្សា​បន្ត​ទៅ​ទៀត វា​នៅ​មាន​រយៈពេល​ជាង​១​ឆ្នាំ​។​ស្ថាប័ន​ពាក់ព័ន្ធ​កំពុង​ជជែក​គ្នា​ឱ្យ​បាន​ស៊ីជម្រៅ​ពាក់ព័ន្ធ​និង​ការងារ​ផ្លូវច្បាប់​។
ចំណែក លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម​មាន​ប្រសាសន៍​ថា រឿង​នេះ​យើង​បាន​ធ្វើ​មួយ​ជំហាន​រាយការណ៍​ជូន​ដល់​សម្តេច​រួច​ហើយ​។

លោក​រដ្ឋមន្ត្រី ពន្យល់​ថា «​រឿង​នេះ ជា​រឿង ការ​ការពារ​ផលិតផល​ក្នុងស្រុក​ពិសេស​នៅ​សហ ភាព​អឺរ៉ុប គឺ​ប្រទេស​អុ​ី​តា​លី​គាត់​ថា អង្ករ​យើង​ចូល​ទៅ​ប្រកួតប្រជែង​ជាមួយ​អង្ករ​របស់​គាត់ ហើយ​គាត់​ក៏​ដាក់​ភាព​ការពារ ហើយ​ខ្មែរ​យើង​ក៏​មាន​ដែរ គេ​ហៅ​ថា​ច្បាប់​ឧបាស្រ័យ ហើយ​ច្បាប់​នេះ​មិន​អាច​ដាក់​រហូត​បាន​ទេ​អាច​មាន​រយៈពេល​បី​ឆ្នាំ​នាំ​ចូល​ត្រូវ​បង់ពន្ធ​»​។
តែ​ទោះជា​យ៉ាងណា​លោក ប៉ាន សូរ​ស័ក្តិ បញ្ជាក់​ថា « យើង​បាន​ធ្វើ​មួយ​ជំហាន​ហើយ ខ្ញុំ​មាន​ស្ថាន​បេស​កម្ម​នៅ​ហ្សឺ​ណែវ WTO គាត់​កំពុង​តែ​ធ្វើការ​និង​បាន​ជជែក​ជាមួយ​សម​ភាគី​ខាង EU […] ដោយ​ពន្យល់​ថា អង្ករ​ដែល​គាត់​ដាក់​ការពារ​នេះ​វា​ខុស ។ ខ្មែរ​យើង​អត់​មាន​អង្ក​រស​ទេ ខ្មែរ​យើង​ហៅ​ថា​អង្ករ​ក្រអូប អីចឹង​គាត់​ច្រ​លំ ។ យើង​អាច​ប្រាប់​គេ​ថា អ្នកឯង​ត្រូវ​បំបែក​អង្ករ​នេះ​ជា​ពីរ ព្រោះ​យើង​អត់​មាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អង្ករ​អុ​ី​តា​លី​ទេ​»​។ លោក​រដ្ឋមន្ត្រី លើក​ឡើង​ថា ទាក់ទង​រឿង EU ដាក់​ពន្ធ​លើ​អង្ករ​កម្ពុជា កម្ពុជា​បាន​នឹង​កំពុង​ធ្វើ​សន្សឹម​ហើយ​ព្យាយាម​ពន្យល់​ទៅ​ដល់​ខាង EU ក្នុង​សកម្មភាព​មួយ​ទន់ភ្លន់​តែបើ EU​នៅ​តែ​បន្ត​ដាក់​ពន្ធ​លើ​អង្ករ​កម្ពុជា​។ ជម្រើស​ចុង​ក្រោយ​កម្ពុជា​នឹង​ដាក់​ពាក្យ​ប្តឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ឱ្យ​ជួយ​ដោះស្រាយ ។

សូម​រម្លឹក​ថា គណៈកម្មការ​អឺរ៉ុប បាន​ឲ្យ​ដឹង​ទៀត​ថា ចាប់ពី​ថ្ងៃ​ទី​១៨ មក​រា តទៅ អឺរ៉ុប​នឹង​កំណត់​ដកហូត​ពន្ធ​លើ​អង្ករ​នាំ​ចូល​ពី​កម្ពុជា និង​មី​យ៉ា​ន់​ម៉ា​ផង​ដែរ ដោយ​ឆ្នាំ​ទី​១ គឺ​ឆ្នាំ​២០១៩​នេះ នឹង​កំណត់​ដកហូត​ពន្ធគយ​ក្នុង​តម្លៃ ១៧៥ អឺ​រ៉ូ ឬ​ស្មើនឹង​ប្រមាណ ២០០ ដុល្លារ​អា​មេ​រិ​ក ក្នុង​អង្ករ​មួយ​តោន​។ នៅ​ឆ្នាំ​ទី​២ នឹង​កំណត់​ដកហូត​ពន្ធ​មក​នៅ​ត្រឹម ១៥០ អឺ​រ៉ូ ឬ​ស្មើនឹង​ជាង ១៧០​ដុល្លារ​អាម​រិ​ក និង​ឆ្នាំ​ទី​៣ ការ​ដកហូត​ពន្ធ​នឹង​ថយ​ចុះ​មក​នៅ ១២៥ អឺ​រ៉ូ ឬ​ស្មើនឹង​ជាង ១៤០ ដុល្លារ​អា​មេ​រិ​ក នៅ​ក្នុង​អង្ករ​មួយ​តោន​។ ការ​សម្រេច​យកពន្ធ​នេះ​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ទៅ​ទីផ្សារ​អឺរ៉ុប​ត្រូវ​បង់ពន្ធ​ប្រមាណ​ជាង ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ឆ្នាំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ