រាជធានីភ្នំពេញ ៖ ថ្វីដ្បិតតែលោកស៊ី នឿន ហៅធីអូ ទើបតែប្រឡូកនៅក្នុងសង្គមសិល្បៈ តែអាចចាត់ទុកជាតារាកំប្លែងមួយរូបមានទេពកោសល្យល្អគួរសម ។ លោកស៊ី នឿន ត្រូវគេស្គាល់តាមរយៈការសម្ដែងខារ៉ាអូខេមួយបទដែលច្រៀងដោយលោកអាន គុណកូឡា គឺបទ «ខាន់ស្លា២លាន» ។
ជួបជាមួយកោះសន្ដិភាពផ្ទាល់កាលពីពេល ថ្មីៗនេះ លោកស៊ី នឿន អាយុ២៩ឆ្នាំ ប្រាប់ឱ្យដឹងថា លោកមានស្រុកកំណើតនៅភូមិផ្លូវបត់ ឃុំភ្នំតូច ស្រុកមង្គលបុរី ខេត្ដបន្ទាយមានជ័យ ។ ឪពុកម្ដាយរបស់លោកជាកសិករ និងមានបងប្អូនចំនួន៧នាក់ ក្នុងនោះប្រុស៣នាក់ ចំណែករូបលោកជាកូនទី៤ ។ នៅក្នុងចំណោមបងប្អូនលោកទាំង៧នាក់ មិនមានអ្នកណាជាអ្នកសិល្បៈដូចរូបលោកទេ ។
បន្ទាប់ពីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ លោកស៊ី នឿន បានបន្ដការសិក្សានៅសាកលវិទ្យាល័យ CUS ផ្នែកទីផ្សារ ។ ដោយសារតែមានចិត្ដស្រឡាញ់សិល្បៈ ពេលរៀនចប់មហាវិទ្យាល័យ ក្នុងឆ្នាំ២០១២ លោកស៊ី នឿន បានចូលធ្វើការនៅក្នុងក្រុមតន្ដ្រីសម័យមួយនៅជិតផ្សារបឹងកេងកងនៃរាជធានីភ្នំពេញ ។ ដោយមាននិស្ស័យខាងកំប្លែង ខណៈពេលស្ថានីយទូរទស្សន៍ស៊ីធីអិន ជ្រើសរើសតារាកំប្លែង លោកស៊ី នឿន បានដាក់ពាក្យចូលរួមប្រកួតប្រជែង តែបានធ្លាក់ក្នុងវគ្គទី៣ ។ ទោះជាយ៉ាងណាក្ដី បន្ទាប់ពីនោះមក លោកស៊ី នឿន បានចូលរួមសម្ដែងឱ្យផលិតកម្ម ខេអេច ក្នុងរឿង «លងម៉ាឆ្ងាញ់» ជាមួយនាយពៀង និងនាយកណ្ដុរ ។
តាំងពីពេលនោះមក លោកស៊ី នឿន ត្រូវគេទាក់ទងឱ្យទៅថតរឿងជាច្រើនទៀតដូចជារឿង «សន្យាស្នេហ៍» «រលកបោកខ្សាច់» «កម្មលោកិយ» និងរឿង«ខ្មោចយាយខ្ញុំ» ជាដើម ។ ក្រៅពីនោះលោកស៊ី នឿន បានថតខារ៉ាអូខេឱ្យផលិតកម្មថោន ផលិតកម្មសាន់ដេ និងស្ប៉តពាណិជ្ជកម្មមួយចំនួនទៀត ។ ទោះជាយ៉ាងណាក្ដី គេស្គាល់លោកស៊ី នឿន ខ្លាំងតាមរយៈខារ៉ាអូខេ ជាពិសេសក្នុងបទ «ខាន់ស្លា២លាន» ។
លោកស៊ី នឿន ប្រាប់ឱ្យដឹងថា ក្រៅពីអាជីពកំប្លែង លោកចង់ក្លាយជាអ្នកដឹកនាំការសម្ដែងដ៏ល្បីឈ្មោះនៅក្នុងសង្គមសិល្បៈ ដូច្នេះហើយទើបរាល់ថ្ងៃនេះលោកខិតខំហាត់រៀនដើម្បីឆ្ពោះទៅគោលដៅរបស់លោកនោះ ៕
ចែករំលែកព័តមាននេះ