ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​យន្ត​ខ្នាត​ខ្លី​13​រឿង​របស់​យុវវ័យ​ខ្មែរ​បញ្ចាំង​ឱ្យ​ទស្សនា​ដោយ​សេរី​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ កាល​ពី​វេលា​ម៉ោង​៨​ និង​៣០​នាទី​ព្រឹក​ រហូត​ដល់​ម៉ោង​១១​ និង​៣០​នាទី​ព្រឹក​ នា​ថ្ងៃ​ទី​២១​ កញ្ញា​ ឆ្នាំ​២០១៣​ រោង​ភាព​យន្ត​លំដាប់​អន្តរ​ជាតិ​ផ្លាទីនៀម​ស៊ីណេ​ផ្លិច​ បាន​ប្រមូល​ខ្សែ​ភាព​យន្ត​ខ្នាត​ខ្លី​ចំនួន​១៣​រឿង​ យក​ទៅ​ចាក់​បញ្ចាំង​ដោយ​មិន​គិត​ថ្លៃ​ចូល​ទស្សនា​ឡើយ​ ។​

រាជធានីភ្នំពេញ​ ៖ កាល​ពី​វេលា​ម៉ោង​៨​ និង​៣០​នាទី​ព្រឹក​ រហូត​ដល់​ម៉ោង​១១​ និង​៣០​នាទី​ព្រឹក​ នា​ថ្ងៃ​ទី​២១​ កញ្ញា​ ឆ្នាំ​២០១៣​ រោង​ភាព​យន្ត​លំដាប់​អន្តរ​ជាតិ​ផ្លាទីនៀម​ស៊ីណេ​ផ្លិច​ បាន​ប្រមូល​ខ្សែ​ភាព​យន្ត​ខ្នាត​ខ្លី​ចំនួន​១៣​រឿង​ យក​ទៅ​ចាក់​បញ្ចាំង​ដោយ​មិន​គិត​ថ្លៃ​ចូល​ទស្សនា​ឡើយ​ ។​

ការ​ចាក់​បញ្ចាំង​ខ្សែ​ភាព​យន្ត​ខ្នាត​ខ្លី​នេះ​ គឺ​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​យុវ​វ័យ​ជំនាន់​ក្រោយ​ដែល​ស្រឡាញ់​សិល្បៈ​ភាព​យន្ត​ ចង់​ផលិត​ និង​ដឹក​នាំ​ភាព​យន្ត​នៅ​ថ្ងៃ​អនា​គត​ ។​ បន្ថែម​ពី​ការ​ផ្តល់​សំបុត្រ​ចូល​ទស្សនា​ដោយ​មិន​គិត​ថ្លៃ​ អ្នក​ចូល​រួម​ទស្សនា​ទាំង​អស់​ក៏​មាន​ឱកាស​សាក​សួរ​ពី​បច្ចេក​ទេស​ ឬ​គំនិត​ច្នៃ​ប្រឌិត​ផលិត​ និង​ដឹក​នាំ​ភាព​យន្ត​ពី​អ្នក​ផលិត​ខ្សែ​ភាព​យន្ត​ខ្នាត​ខ្លី​ទាំង​អស់​នោះ​ផង​ដែរ​ ។​

លោក​សៅ​ សុខនី​ អ្នក​គ្រប់​គ្រង​រោង​ភាព​យន្ត​ផ្លាទីនៀម​សុីណេ​ផ្លិច​ ប្រាប់​កោះ​សន្តិ​ភាព​ឱ្យ​ដឹង​ថា​ លោក​យក​ខ្សែ​ភាព​យន្ត​ទាំង​នោះ​ចាក់​បញ្ចាំង​មាន​គោល​បំណង​២​យ៉ាង​ គឺ​លើក​តម្កើង​ លើក​ទឹក​ចិត្ត​ និង​ចង់​បង្ហាញ​អំពី​ស្នាដៃ​កូន​ខ្មែរ​ជំនាន់​ក្រោយ​ ដើម្បី​ឱ្យ​ពួក​គេ​មាន​ទឹក​ចិត្ត​ផលិត​ឡើង​បន្ត​ទៀត​ ។ ជា​ពិសេស​ បើ​សិន​ជា​ស្នាដៃ​ដែល​ពួក​គេ​ផលិត​បាន​ល្អ​ និង​ទទួល​បាន​ជោគ​ជ័យ​នោះ​ ក៏​ជា​ការណ៍​ល្អ​សម្រាប់​រោង​ភាព​យន្ត​របស់​លោក​ដែរ​ ដែល​នេះ​ជា​ប្រយោជន៍​រួម​ទាំង​អ្នក​ផលិត​ និង​រោង​កុន​របស់​លោក​ ។​

លោក​សៅ​ សុខនី​ សំណូម​ពរ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ឱ្យ​ជួយ​លើក​ស្ទួយ​វិស័យ​សិល្បៈ​ភាព​យន្ត​ខ្មែរ​ ដើម្បី​ភាព​រីក​ចម្រើន​ ។​ លោក​ស៊ុំ សុីផែន​ តំណាង​ក្រុម​យុវ​ជន​ស្ម័គ្រ​ចិត្ត​កុន​ខ្មែរ​កូន​ខ្មែរ​ ប្រាប់​ឱ្យ​ដឹង​ថា​ នៅ​ក្នុង​ចំណោម​រឿង​ទាំង​១៣​ នោះ​ក៏​មាន​រឿង​ដែល​ក្រុម​របស់​លោក​ផលិត​ចំនួន​៥​រឿង​ផង​ដែរ​។​ ការ​ចាក់​បញ្ចាំង​រឿង​ទាំង​នោះ​ គឺ​ដើម្បី​ចង់​បង្ហាញ​អំពី​ស្នាដៃ​កូន​ខ្មែរ​ជំនាន់​ក្រោយ​ ដែល​ផលិត​ដោយ​ខ្លួន​ឯង​ បើ​ទោះ​បី​ជា​រឿង​មាន​ត្រឹម​តែ​រយៈ​ពេល​ខ្លី​ក៏​ដោយ​ ។​ មួយ​ទៀត​គឺ​ដើម្បី​ពិភាក្សា​កែ​សម្រួល​រាល់​ចំណុច​ខ្វះ​ខាត​នៃ​រឿង​ នីមួយៗ​ ដើម្បី​កែ​ប្រែ​ឱ្យ​ល្អ​ជាង​នេះ​ ។​ ជាង​នេះ​ទៅ​ទៀត​ លោក​ចង់​ឱ្យ​ស្ថាប័ន​ ផ្សេងៗ​ផ្តល់​ច្រក​ និង​ផ្តល់​ឱកាស​ដល់​អ្នក​ជំនាន់​ក្រោយ​ ដូច​ជា​ក្រុម​របស់​លោក​ផង​ដែរ​ ។​

រឿង​ ខ្លីៗ​ទាំង​១៣​រឿង​នោះ​ ចាក់​បញ្ចាំង​ឱ្យ​ចូល​ទស្សនា​តែ​មួយ​ថ្ងៃ​គត់​ គឺ​ចាប់​ពី​ម៉ោង​៨​ និង​៣០​នាទី​ព្រឹក​ រហូត​ដល់​ម៉ោង​១១​ និង​៣០​នាទី​ព្រឹក​ នា​ថ្ងៃ​ទី​២១​ កញ្ញា​ ឆ្នាំ​២០១៣​ នៅ​រោង​កុន​លំដាប់​ថ្នាក់​អន្តរ​ជាតិ​ផ្លាទីនៀម​សុីណេ​ផ្លិច​ នៃ​ផ្សារ​ទំនើប​សូរិយា​ ជាន់​ទី​៥៕​