រាជធានីភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយសម្តេចហេង សំរិន ប្រធានរដ្ឋសភាលោកឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថាន បានប្តេជ្ញាបន្តធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាលើវិស័យនយោបាយ ទេសចរណ៍ សេដ្ឋកិច្ច និងពាណិជ្ជកម្ម ។
លោកបេកេតហ្សាន ហ្សូម៉ាខាណូវ (Mr.Bekerzhan Zhumakhanov) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកាហ្សាក់ស្ថានបានលើកឡើងក្នុងជំនួបជាមួយសម្តេច ហេង សំរិន នាព្រឹកថ្ងៃទី១៤ ខែមីនា នៅវិមានរដ្ឋសភាថា ក្នុងនាមជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា លោកនឹងប្តេជ្ញាថា នឹងខិតខំធ្វើយ៉ាងណាឲ្យទំនាក់ទំនងទ្វេភាគីទាំងផ្នែកសេដ្ឋកិច្ច នយោបាយ ទេសចរណ៍ ឲ្យកាន់តែមានភាពល្អប្រសើរថែមទៀត ។ លោកបានបញ្ជាក់ទៀតថា «ខ្ញុំប្តេជ្ញាចិត្តថា នឹងខិតខំធ្វើយ៉ាងណាឲ្យអស់ពីសមត្ថភាព ដើម្បីពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរ (កាហ្សាក់ស្ថាន -កម្ពុជា) ឲ្យកាន់តែល្អប្រសើរមួយកម្រិតទៀត» ។
ជាមួយគ្នានោះដែរលោកទូតក៏បានសម្តែងការគាំទ្រចំពោះក្រុមមិត្តភាពរវាងសភាកាហ្សាក់ស្ថាន និងកម្ពុជានៃប្រទេសទាំងពីរ ។ ជាមួយគ្នានោះដែរលោកទូតក៏បាននាំលិខិតអញ្ជើញរបស់ប្រធានរដ្ឋសភាកាហ្សាក់ស្ថានប្រធានសភារ៉ូស្ស៊ី និងប្រធានសភាកូរ៉េ ក្នុងការអញ្ជើញសម្តេចហេង សំរិន ប្រធានរដ្ឋសភាទៅចូលរួមកិច្ចប្រជុំកំពូលអឺរ៉ាស៊ីដែលជាកិច្ចប្រជុំសភាអឺរ៉ុប-អាស៊ីលើកទី៤ នៃកាហ្សាក់ ស្ថាននៅពេលខាងមុខនេះ ។
លោកបានបញ្ជាក់ថា លោកនឹងខិតខំធ្វើយ៉ាងដំណើរទស្សនកិច្ចការងាររបស់សម្តេចប្រធានរដ្ឋសភាទទួលបានជោគជ័យនៅពេលខាងមុខនេះ ។ ក្នុងជំនួបនោះដែរសម្តេច ហេង សំរិនប្រធានរដ្ឋសភាបានលើកឡើងថា កម្ពុជា និងកាហ្សាក់ស្ថានមានទំនាក់ទំនងការទូតជាមួយគ្នាអស់រយៈជា៦ទស្សវត្សរ៍មកហើយ ។ ទំនាក់ទំនងដ៏យូរលង់នេះត្រូវបានបន្តពង្រឹងពង្រីកជាបន្តបន្ទាប់ ។
សម្តេចបន្តថា វត្តមានរបស់លោកទូតនៅកម្ពុជាពិតជាមានសារៈសំខាន់ណាស់នៅក្នុងការបន្តជំរុញលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកាហ្សាក់ស្ថានឲ្យកាន់តែមានសកម្មភាពរស់រវើកបន្ថែមទៀត ។ សម្តេចប្រធានបញ្ជាក់ថា រដ្ឋសភាពេញចិត្ត និងគាំទ្រចំពោះកាហ្សាក់ស្ថាន និងគាំទ្រចំពោះការអភិវឌ្ឍថ្មីទៀតរវាងប្រទេសទាំងពីរ ។ សភាកម្ពុជា និងកាហ្សាក់ស្ថានមានទំនាក់ទំនងគ្នាជាប្រចាំតាមរយៈវេទិការក្នុងតំបន់ និងសកលលោក ដូចជាវិទិការសភា APA , IPUជាដើម ៕
ចែករំលែកព័តមាននេះ