រាជធានីភ្នំពេញ ៖ អតីតតារាចម្រៀងប្រចាំផលិតកម្មរ៉ុកលោកទិត្យ វិច្ឆិកា ដែលបាត់មុខពីសង្គមសិល្បៈជិត៥ឆ្នាំមកនេះមានឱកាសបង្ហាញមុខជាថ្មីតាមកញ្ចក់ទូរទស្សន៍ ។តារាចម្រៀង និងជាកងទ័ពឆត្រយោងប្រចាំការនៅបន្ទាយកំបូលជាយរាជធានីភ្នំពេញរូបនេះ បាត់មុខពីសង្គមសិល្បៈស្ទើរទាំងស្រុង បន្ទាប់ពីផលិតកម្មរ៉ុកដួលរលំធ្វើឱ្យតារាចម្រៀងចែកជើងគ្នារកផលិតកម្មថ្មី ។ ដោយឡែក សម្រាប់តារាចម្រៀងថ្គាមខ្លា និងជាម្ចាស់បទ «កុំត្រាប់កាកី»ទិត្យ វិច្ឆិកា ហាក់នៅទ្រឹងដោយមិនបានលេចឮដំណឹងថាចូលរួមនៅក្នុងផលិតកម្មណាមួយឡើយខណៈពេលដែលឱកាសបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍ក៏ស្ទើរតែគ្មានដែរ ។
កត្ដានេះនាំឱ្យមានការលើកឡើងថា តារាចម្រៀងលោកទិត្យ វិច្ឆិកា ទំនងជាបោះបង់ចោលអាជីពសិល្បៈចោលទាំងស្រុងហើយ ដោយសារតែលោកគ្មានឱកាសក្រោយពេលមានជម្លោះនៅកន្លែងផឹកស៊ីមួយកាលពីឆ្នាំ២០០៨ រហូតមានការប្ដឹងប្ដល់ ដែលប្រការនេះធ្វើឱ្យផលិតកម្មនានារអាទទួលយករូបលោក ។ ត្រង់ចំណុចនេះ លោកទិត្យ វិច្ឆិកា ធ្លាប់សរសេរសារមួយដ៏ខ្លីបង្ហោះនៅក្នុងហ្វេសប៊ុករបស់លោកថា «ធ្វើជាអ្នកសិល្បៈជិតដប់ឆ្នាំសប្បាយផង លំបាកផង ទីបំផុតគ្មានសល់អ្វី នេះគឺដោយសារខ្វះការពិចារណា» ។ ទោះជាយ៉ាងណាក្ដី ការបាត់មុខ និងបាត់ឈ្មោះក្នុងសង្គមសិល្បៈអស់ពេលជិត៥ឆ្នាំកន្លងមកនេះ ទីបំផុតតារា ចម្រៀងលោកទិត្យ វិច្ឆិកា បានទទួលពន្លឺជាថ្មីលើវិថីសិល្បៈដោយមានឱកាសបង្ហាញមុខនៅលើឆាកប្រគំតន្ដ្រីរបស់ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្ដិ៍លេខ៩កាលពីពេល ថ្មីៗនេះ ។
ការបង្ហាញមុខជាថ្មីតាមកញ្ចក់ទូរទស្សន៍ធ្វើឱ្យតារាចម្រៀងរូបនេះសប្បាយរីកថ្លើមមិនតិចឡើយ ព្រោះយល់ថា ការផ្ដើមជាថ្មីនេះគឺជាតម្រុយមួយដ៏ល្អដែលអាចធ្វើឱ្យដំណើរលើវិថីសិល្បៈរបស់លោកចាប់ផ្ដើមមានពន្លឺឡើងវិញ ។ លោកទិត្យ វិច្ឆិកា សរសេរសារមួយបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីពេល ថ្មីៗនេះបញ្ជាក់ពីទឹកចិត្ដសប្បាយរីករាយរបស់លោកដែលមានឱកាសកាន់ក្បាលមីក្រូច្រៀងឡើងវិញ ។
លោកទិត្យ វិច្ឆិកា សរសេរថា «៥ឆ្នាំហើយដែលខ្ញុំមិនបានឡើងស្ថានីយទូរទស្សន៍ តែពេលនេះខ្ញុំបានចាប់ផ្ដើមសាជាថ្មីម្ដងទៀត ហើយខ្ញុំសប្បាយចិត្ដណាស់ ។ ពីមុនដែលក្លាយជាអ្នកចម្រៀងគឺដោយសារពុកម៉ែ បងប្អូនអាណិតខ្ញុំ ។ សម្រាប់ខ្ញុំវិញ ខ្ញុំក៏ស្រឡាញ់ពុកម៉ែ បងប្អូន ប្រទេស និងវប្បធម៌របស់ជាតិយើងដូចគ្នា ។ ខ្ញុំស្រឡាញ់ណាស់ដែលបានកើតមកជាកូនខ្មែរ ហើយខ្ញុំសង្ឃឹមថាខ្មែរត្រូវតែស្រឡាញ់ខ្មែរ ប្រទេស និងសិល្បៈរបស់ជាតិយើង ហើយយើងទាំងអស់គ្នាត្រូវខំប្រឹងលើកស្ទួយវប្បធម៌របស់ជាតិយើងឱ្យបានរីកចម្រើនទៅមុខទៀត ។ ខ្ញុំស្រឡាញ់ជនជាតិខ្ញុំណាស់» ។ ដោយសារបានបង្ហាញមុខជាថ្មីតាមកញ្ចក់ទូរទស្សន៍នោះ លោកទិត្យ វិច្ឆិកា សរសេរថា «ទូរទស្សន៍ប៉ុស្ដិ៍លេខ៩ ធ្វើឱ្យខ្ញុំចាប់ផ្ដើមក្លាយជាអ្នកចម្រៀងម្ដងទៀត ហើយសង្ឃឹមថាឆ្នាំនេះ អ្វីៗនឹងប្រសើរឡើងវិញ» ។
ក្រៅពីការបង្ហាញមុខនៅស្ថានីយទូរទស្សន៍ខ្មែរប៉ុស្ដិ៍លេខ៩រួចមកហើយនោះ នៅចុងសប្ដាហ៍នេះ ប្រសិនបើមិនមានអ្វីប្រែប្រួលទេ លោកទិត្យ វិច្ឆិកា នឹងបង្ហាញមុខម្ដងទៀតតាមកញ្ចក់ទូរទស្សន៍ ស៊ីធីអិនក្នុងកម្មវិធី «តន្ដ្រីថ្ងៃអាទិត្យ»៕
ចែករំលែកព័តមាននេះ