ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ​កុយ​សាងសង់​អាស្រម​យាយ​ម៉ៅ​ពេជ្រនិល រួចរាល់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារា​កំប្លែង​លោក​ជួង ជី ហៅ​នាយ​កុយ បាន​ប្រកាស​រៀបចំ​ពិធី​ឆ្លង​អាស្រម​លោកយាយ​ម៉ៅ នៅ​ពេជ្រនិល បន្ទាប់​ពី​អាស្រម​ថ្មី​មួយ​នេះ​សាងសង់​រួចរាល់​ក្រោម​ការ​ផ្តួចផ្តើម​ដោយ​រូប​នាយ​ផ្ទាល់ ។ ការ​ផ្តួចផ្តើម​សាងសង់​អាស្រម​ព្រោះ​នាយ​កុយ​តែងតែ​រៀបចំ​ពិធីបុណ្យ​នៅ​ទីនោះ​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​សុំ​សេចក្តីសុខ…

រាជធានី​ភ្នំពេញ​៖ តារា​កំប្លែង​លោក​ជួង ជី ហៅ​នាយ​កុយ បាន​ប្រកាស​រៀបចំ​ពិធី​ឆ្លង​អាស្រម​លោកយាយ​ម៉ៅ នៅ​ពេជ្រនិល បន្ទាប់​ពី​អាស្រម​ថ្មី​មួយ​នេះ​សាងសង់​រួចរាល់​ក្រោម​ការ​ផ្តួចផ្តើម​ដោយ​រូប​នាយ​ផ្ទាល់ ។ ការ​ផ្តួចផ្តើម​សាងសង់​អាស្រម​ព្រោះ​នាយ​កុយ​តែងតែ​រៀបចំ​ពិធីបុណ្យ​នៅ​ទីនោះ​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​សុំ​សេចក្តីសុខ ដោយ​នាយ​បាន​ធ្វើ​ប្រមាណ​ជាង​១០​ឆ្នាំ​មក​ហើយ ។

បើ​តាម​ការ​ប្រកាស​ពី​តារា​កំប្លែង​នាយ​កុយ តាម​ហ្វេ​ស​ប៊ុ​ក​ឲ្យ​ដឹង​ថា ពិធី​ឆ្លង​អាស្រម​លោកយាយ​ម៉ៅ​នៅ​ពេជ្រនិល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០១៩​។ នៅ​ក្នុង​ឱកាស​នៃ​ពិធីបុណ្យ​លោក​បាន​នាំ​ផ្ទាំងទស្សនីយភាព​ល្ខោនបាសាក់​របស់​ក្រុម​ប៉ូ​ឡូ សា​វឿ​ន​សម្តែង​ជូន​មហាជន​ទស្សនា​ទល់​ភ្លឺ ។

អាស្រម​លោកយាយ​ម៉ៅ នៅ​ពេជ្រនិល​បាន​ផ្តើម​ការ​សាងសង់​ជា​ថ្មី​ដោយ​តារា​កំប្លែង​លោក​ជួង ជី ហើយ​ទើបតែ​សាងសង់​រួច​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។ អាស្រម​មួយ​នេះ​បាន​កសាង​ជា​លើក​ទី​២ ដោយសារ​សំណង់​ដែល​បាន​សាងសង់​លើក​ទី​១​ត្រូវ​តារា​កំប្លែង​រូប​នេះ​អះអាង​ថា មិន​មាន​ភាពរឹងមាំ ហើយ​បាក់​ស្រុត​ទៅ​វិញ ។

នាយ​កុយ បាន​សម្តែង​ការ​ហួសចិត្ត​ផង​ដែរ​ចំពោះ​ការ​សាងសង់​លើក​ដំបូង​មិន​មានការ​ទទួលខុសត្រូវ​ខ្ពស់​ពី​ជាង​ទទួល​សាងសង់ ធ្វើ​ឲ្យ​សំណង់​មិន​មានគុណ​ភាព ជា​ហេតុ​នាំ​ឲ្យ​លោក​ខាតបង់​ពេលវេលា និង​ប្រាក់​រាប់​ពាន់​ដុល្លារ​។ បន្ទាប់​ពី​បណ្តេញ​ជាង​ដែល​ធ្វើ​ដំបូង​នោះ​ចោល នាយ​កុយ បាន​ហៅ​ជាង​ថ្មី​មក​ធ្វើ​ឡើង​វិញ រហូត​សំណង់​បាន​សម្រេច​រួចរាល់​នា​ពេល​នេះ ។

តាម​រយៈ​នៃ​ការ​រៀបចំ​ពិធីបុណ្យ​នេះ​កន្លង​មក​នាយ​កុយ ធ្លាប់​បាន​លើក​ឡើង​ថា ក្នុង​គោលបំណង​រំលឹក និង​ដឹងគុណ​ដល់​លោកយាយ​ម៉ៅ ដែល​បាន​តាម​ថែរក្សា​ក្រុម​គ្រួសារ​របស់​លោក​ឱ្យ​មាន​សេចក្តីសុខ និង​ប្រជាពលរដ្ឋ​គ្រប់​រូប​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់ ។

នាយ​កុយ​ឲ្យ​ដឹង​ថា ពិធីបុណ្យ លោក​បាន​ប្រារព្ធ​ធ្វើ​មួយ​ឆ្នាំ​ម្តង និង​ជា​រៀង​រាល់​ឆ្នាំ រហូត​មក​ដល់​ពេល​នេះ​ប្រារព្ធ​ធ្វើ​ប្រហែល​ជាង​១០​ឆ្នាំ​មក​ហើយ ។ ពិធីបុណ្យ​នេះ​តែងតែ​មានការ​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ពី​មន្ត្រីជាន់ខ្ពស់​មួយ​ចំនួន ប្រជាពលរដ្ឋ ជា​ពិសេស​ពី​អ្នកសិល្បៈ​ដូច​គ្នា ។

តាំងពី​ឆ្នាំ​២០១៣ ក្រោយ​កូនប្រុស​បាន​បាត់បង់​ជីវិត​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុងភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ មក នាយ​កុយ មិន​រំលង​មួយ​ឆ្នាំ​ណា​ឡើយ តែងតែ​និមន្ត​ព្រះ​សង្ឃ​សូត្រ​មន្ត បង្សុកូល​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​កូន​រូប​នោះ​នៅ​ទីកន្លែង​ដែល​ល្បី​បារមី​លោកយាយ​ម៉ៅ​កាន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ