ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រកួត​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​បើក​ជា​ផ្លូវ​​ការ​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​កីឡាបាល់ទះ ឆ្នេរ​ខ្សាច់​អន្តរជាតិ​ស្រា​បៀរ​អាន់​ឆ័​រ ត្រូវ​បាន​ប្រកាស​បើក​ជា​ផ្លូវការ​លើក​ទី​២ នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ពិធី​ប្រកាស​ព្រឹត្តិការណ៍​កីឡា​មួយ​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ទី​២០ កុម្ភៈ…

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​កីឡាបាល់ទះ ឆ្នេរ​ខ្សាច់​អន្តរជាតិ​ស្រា​បៀរ​អាន់​ឆ័​រ ត្រូវ​បាន​ប្រកាស​បើក​ជា​ផ្លូវការ​លើក​ទី​២ នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ពិធី​ប្រកាស​ព្រឹត្តិការណ៍​កីឡា​មួយ​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ទី​២០ កុម្ភៈ ២០១៩ ។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​រ ដែល​ជា​អ្នក​រៀបចំ​ព្រឹត្តិការណ៍​កីឡា​នេះ បានឱ្យ​ដឹង​ថា ព្រឹត្តិការណ៍​នេះ ជា​ព្រឹត្តិការណ៍​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​លើក​ទី​២ ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​កិច្ចសហការ​ជាមួយនឹង​សហព័ន្ធ​កីឡាបាល់ទះ​អន្តរជាតិ ក្រសួង​អប់រំ យុវជន​និង​កីឡា និង​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ។ ការ​ប្រកួត​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​នេះ នឹង​មាន​ក្រុម​កីឡាករ​ឆ្នើម​សញ្ជាតិ​កម្ពុជា និង​ក្រុម​កីឡាករ​ឆ្នើម​អន្តរជាតិ​ជា​ច្រើន​ក្រុម​ដូច​ជា មក​ពី​ប្រទេស​ជប៉ុន ឆេ​ក ថៃ សហរដ្ឋអាមេរិក ទីក្រុង​តៃប៉ិ អូស្ត្រាលី ប៉ូ​ឡូញ កា​ណា​ដា អ៊ី​ស្រា​អែ​ល សឹ​ង្ហ​បុរី អា​ឡឺ​ម៉​ង់ ជាដើម ។

លោក​សំ សោភាន់ អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បានឱ្យ​ដឹង​ថា ការ​លេង​កីឡា​ផ្ដល់​ផល​ប្រយោជន៍​សម្រាប់​មនុស្ស​គ្រប់​វ័យ ឱ្យ​ទទួល​បាន​សុខភាព​ល្អ ទាំង​ផ្លូវ​កាយ ផ្លូវចិត្ត ផ្លូវ​បញ្ញា និង​ជួយ​ឱ្យ​ជៀស​ផុត​ពី​ភាព​អសកម្ម​ផ្សេង​ៗ​ក្នុង​សង្គម ។ កីឡាបាល់ទះ គឺជា​ប្រភេទ​កីឡា​ដែល​ពេញ​និយម និង​មាន​ប្រជាប្រិយភាព​លំដាប់​ទី​២ នៅ​លើ​ពិភពលោក ហើយ​ព្រះរាជាណាចក្រ​ក​ម្បុ​ជា ក៏​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ទាំងចាស់ទាំងក្មេង​លេង​កីឡា​នេះ ។

លោក​បន្ត​ថា សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បាន​ធ្វើការ​ជំរុញ និង​អភិវឌ្ឍន៍ សកម្មភាព​កីឡាបាល់ទះ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​បាន​រៀបចំ​ក្រុម ក្លឹ​ប​កីឡា និង​រៀបចំ​ផែនការ​ធ្វើការ​បណ្ដុះបណ្ដាល កីឡាករ កីឡាការិនី​ឆ្នើម និង​មន្ត្រី​ជំនាញ សម្រាប់​បម្រើ​ដល់​ការ​អភិវឌ្ឍន៍​កីឡាបាល់ទះ​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​និង​បណ្ដុះ​ឆន្ទៈ ដល់​ពលរដ្ឋ​កម្ពុជា​ឱ្យ​ចូលរួម​ចូល​ចិត្ត​លេង គាំទ្រ និង​ស្រលាញ់​កីឡាបាល់ទះ។

លោក​ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មាន​ប្រសាសន៍​ថា ក្នុង​បរិបទ​ថ្មី ដែល​ប្រទេស​ជាតិ​កំពុង​តែ​ទទួល​បាន​នូវ​ផល​ចំណេញ​ពី​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ និង​ការ​អភិ​វឌ្ឍ​វិស័យ​អប់រំ​កាយ និង​កីឡា ការ​កំណត់​យក​ការ​អភិវឌ្ឍ​ការងារ​កីឡា ជា​ចំណុច​ស្នូល​នៃ​កំណែទម្រង់​ក្នុង​គោលបំណង​លើកកម្ពស់ សុខភាព សមត្ថភាព​ជំនាញ​បច្ចេកទេស​កីឡា ប្រកបដោយ​គុណភាព និង​សមិទ្ធផល​ខ្ពស់​ក្នុង​ការ​ប្រកួត​ជា​លក្ខណៈ​ជាតិ និង​អន្តរជាតិ ។

លោក​បន្ត​ថា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ចក្ខុវិស័យ​នេះ រាជរដ្ឋាភិបាល​បាន​ជំរុញ​ដល់​ការ​បណ្ដុះបណ្ដាល កីឡា​ករ កីឡាការិនី ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ កីឡា និង​គាំទ្រ​ឱ្យ​មានការ​រៀបចំ​ការ​ប្រកួត​កីឡា​គ្រប់​ប្រភេទ ដើម្បី​ផ្ដល់​ឱកាស​ឱ្យ​កីឡាករ កីឡាការិនី បញ្ចេញ​សមត្ថភាព​ដកស្រង់​បច្ចេកទេស បង្ហាញ​ទេព​កោសល្យ​របស់​ខ្លួន និង​កសាង​កេរ្តិ៍ឈ្មោះ​នៅ​លើ​ឆាក​អន្តរជាតិ ៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ