រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនធំរបស់ចិនមួយបានអះអាងថា មានគម្រោងសាងសង់ខ្សែកាបអុបទិកក្រោមបាតសមុទ្រពីភ្នំពេញទៅកាន់ហុងកុងប្រទេសចិន ។ ការប្រកាសនេះធ្វើឡើងក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២១ មករា ឆ្នាំ២០១៩នេះ ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសស្វាគមន៍ចំពោះអ្នកវិនិយោគបរទេសទាំងអស់ក្នុងការមកបណ្តាក់ទុនកសាង និងអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជាក្នុងនោះក្រុមហ៊ុនវិនិយោគច្រើនថែមទៀតលើកវិស័យបច្ចេកវិទ្យា ។ ការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលនេះខណៈដែលធ្វើទស្សនកិច្ចនៅក្នុងប្រទេសចិន ហើយបានអនុញ្ញាតឲ្យក្រុមហ៊ុនវិស្វកម្ម និងដែកថែបចិន ដែលដឹកនាំដោយ លោក ស៊ូ ស៊ីវេ (Xu Siwei) ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនវិស្វកម្ម និងដែកថែបចិនចូលជួបសំដែងការគួរសម និងពិភាក្សាការងារនៅ Diaoyutai State Guesthouse ទីក្រុងប៉េកាំង ។
ក្នុងជំនួបពិភាក្សាលោក ស៊ូ ស៊ីវេ (Xu Siwei) បានគោរពរាយការណ៍ជូនសម្តេចតេជោអំពីគម្រោងដែលក្រុមហ៊ុនរបស់លោកកំពុងអនុវត្តនៅក្នុងប្រទេសកម្ពុជាក្នុងការផលិតវារីអគ្គិសនីដើរដោយធ្យូងថ្ម រួមទាំងការចាប់អារម្មណ៍បន្ថែមពាក់ព័ន្ធទៅនឹងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជាផងដែរ ដោយឈរលើនយោបាយបើកចំហររបស់សម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជាដែលស្វាគមន៍អ្នកវិនិយោគបរទេសទាំងអស់ក្នុងការមកបណ្តាក់ទុនកសាង និងអភិវឌ្ឍន៍ប្រទេស ។
ប្រធានក្រុមទីប្រឹក្សាដដែលបានព្ជាក់ថា ក្រុមហ៊ុនមានទំនុកចិត្តយ៉ាងខ្លាំងលើការដឹកនាំរបស់សម្តេចតេជោ ដែលធ្វើអោយប្រទេសមានសុខសន្តិភាព ស្ថិរភាព និងមានកំណើនសេដ្ឋកិ ច្ចខ្ពស់ ហើយទន្ទឹមនឹងនេះដែរ គឺប្រទេសចិន និងកម្ពុជាមានទំនាក់ទំនងទ្វេភាគីល្អដូចជា បង ប្អូនទៀតផង ។ លោកបានបញ្ជាក់ថា៖«ក្រុមហ៊ុនលោកក៏មានគម្រោងសាងសង់ខ្សែកាបអុបទិកក្រោមបាតសមុទ្រពីភ្នំពេញទៅហុងកុង ដើម្បីជំរុញ និងលើកកម្ពុស់ប្រព័ន្ធអ៊ីនធើណែតរបស់កម្ពុជាឲ្យកាន់តែមានគុណភាព និងល្បឿនលឿនជាងមុន» ។ ក្នុងជំនួបនោះដែរសម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយចំពោះក្រុមហ៊ុនចិនដែលមានជំនឿទុកចិត្តលើកម្ពុជា ហើយបានសម្រេចទៅវិនិយោគនៅទីនោះ ។
សម្តេចតេជោ ក៏បានឯកភាពទៅនឹងការស្នើសុំខាងលើព្រោះថា កម្ពុជាទើបតែមានប្រព័ន្ធខ្សែកាបអុបទិកក្រោមបាតសមុទ្រតែមួយខ្សែតែប៉ុណ្ណោះ ។ កម្ពុជាត្រូវការក្រុមហ៊ុនវិនិយោគច្រើនថែមទៀតលើវិស័យបច្ចេកវិទ្យា ៕
ចែករំលែកព័តមាននេះ