ខេត្តកំពង់ធំ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់អគារសិក្សា១ខ្នង២ជាន់ មាន១២បន្ទប់ ដល់អនុវិទ្យាខ្មាក់ តាមរយៈលោក ជា ចាន់តូ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្ទោង ជាចំណងដៃថ្មីដើម្បីអបអរសាទរខួបលើកទី៤០ឆ្នាំ នៃថ្ងៃជ័យជម្នះ ៧មករា ។
អគារសិក្សាថ្មីជាចំណងដៃរបស់សម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតនេះ ត្រូវបានលោក ជា ចាន់តូ ប្រកាសសាងសង់ជូនក្នុងមិទ្ទីញ អបអរសាទរខួបលើកទី៤០ឆ្នាំ នៃថ្ងៃជ័យជម្នះ ៧មករា ដែលរៀបចំធ្វើនៅស្រុកសន្ទុក កាលពីថ្ងៃទី១១ ខែមករា ដោយមានការចូលរួមពីមហាជននិងតំណាងស្ថាប័នទូទាំងស្រុកជាង៣ពាន់នាក់ ។
តាមលោក ធាម វុទ្ធា នាយកអនុវិទ្យាល័យខ្មាក់ បានឲ្យដឹងថា «សព្វថ្ងៃ អនុវិទ្យាល័យនេះ មានសិស្សចំនួន៥៣០នាក់ក្នុងស្រី៣២៧នាក់ និងមានថ្នាក់រៀន១១ថ្នាក់ ។ បច្វុប្បន្ន សាលាខ្វះថ្នាក់រៀន១ថ្នាក់ ហើយនៅឆ្នាំសិក្សាថ្មីខាង មុខអាចខ្វះរហូតដល់៧ថ្នាក់ ទោះបីកាលពីពាក់ កណ្ដាលឆ្នាំ២០១៦កន្លងមក សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតផ្ដល់អគារមួយខ្នង៦បន្ទប់ក៏ដោយ។
នៅក្នុងមិទ្ទីញអបអរសាទរខួបលើកទី៤០ឆ្នាំនៃថ្ងៃជ័យជម្នះ ៧ មករា លោក ជា ចាន់តូ បានបញ្ជាក់ទៅកាន់សមាជិកសមាជិកាថា «ស្មារតី៧មករា នៅតែស្ថិតស្ថេរជាអមតៈក្នុងបេះដូងយើងជានិច្ច និងក៏ជាមូលដ្ឋានដ៏រឹងមាំនូវសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិផងដែរ» ។
លោក ជា ចាន់តូ បញ្ជាក់ថា «ដោយគុណ បុណ្យថ្ងៃ៧ មករា នាំមកនូវសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះហើយ ទើបប្រជាជនកម្ពុជាប្រសិទ្ធនាមថ្ងៃ៧ មករា ១៩៧៩ថា ជាថ្ងៃ កំណើតទី២របស់ខ្លួន ព្រោះបើគ្មានជ័យជម្នះ ៧ មករា ក៏គ្មានអ្វីៗនៅថ្ងៃនេះដែរ ។ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ ដែលគ្មានជនណាឬកម្លាំងណាអាចមកបំភ្លៃ ឬបំផ្លាញបានឡើយ» ។
នៅក្នុងឱកាសនោះ លោក ជា ចាន់តូ ក៏បានអំពាវនាវដល់អ្នកចូលរួម ក៏ដូចប្រជាជនកម្ពុជាទាំងអស់ ត្រូវប្រកាន់ឲ្យបានខ្ជាប់នូវស្មារតីរួបរួមគ្នាជាធ្លុងមួយ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឲ្យទទួលបានការអភិវឌ្ឍថ្មីបន្ថែមទៀត ៕ ដោយសហ
ចែករំលែកព័តមាននេះ