រាជធានីភ្នំពេញ ៖ ព្រឹទ្ធសភានៅព្រឹកថ្ងៃទី១១ ខែមករា នេះបានបន្តបើកសម័យប្រជុំពេញអង្គពិភាក្សា និងអុនម័តច្បាប់ចំនួនពីរសំខាន់ពាក់ព័ន្ធនឹងការបង្កើនអាសនៈក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។
សេចក្តីស្នើវិសោធនកម្មច្បាប់សំខាន់ៗចំនួនពីរដែលត្រូវបានព្រឹទ្ធសភាយកមកពិភាក្សា និងអនុម័តគឺ១- សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ និងសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុម ប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុកក្រុមប្រឹក្សាខណ្ឌ ។
សម័យប្រជុំក្រោមអធិបតីភាពសម្តេចសេនាវិបុលភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាដោយមានសមាជិកព្រឹទ្ធសភាចំនួន៥១រូបនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ។
សូមរឮកថា កាលពីថ្ងៃទី៣ មករា រដ្ឋសភាបានអនុម័តសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុម ប្រឹក្សាខណ្ឌ និងសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ដោយសម្លេង១០៨ ជាឯកច្ឆន្ទនៃចំនួនសមាជិកសភាទាំងមូល ។
សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានីភ្នំពេញខេត្ត ក្រុង ស្រុក ខណ្ឌ ត្រង់មាត្រា១៨ ដើម្បីកំណត់ចំនួនសមាជិកក្រុម ប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សា ក្រុង ក្រុមប្រឹក្សាខណ្ឌ ដែលសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញត្រូវបានបង្កើន២១រូបទៅដល់២៧រូប ។ សមាជិកក្រុមប្រឹក្សាខេត្តត្រូវបង្កើនចន្លោះពី១៥ ដល់២៧រូប ។ សមាជិកក្រុមប្រឹក្សាក្រុងត្រូវបង្កើនចន្លោះពី១១រូបដល់២១រូប ។ សមាជិកក្រុមប្រឹក្សាស្រុកក្រុមប្រឹក្សាខណ្ឌត្រូវបានបង្កើនចន្លោះពី១១ដល់២១រូប ៕
ចែករំលែកព័តមាននេះ