លោក​ព្រំ សិលា តាំងចិត្តធ្វើ​ឱ្យ​សិល្បៈ​ភាពយន្ត​ប្រសើរ​ឡើង


រាជធានី​ភ្នំពេញ​៖​ប្រធាន​សមាគម​ភាពយន្ត​កម្ពុជា​ដែល​ទើប​ជាប់​ឆ្នោត​លោក​ព្រំ សិលា បាន​ប្រកាស​ជំហរ​បន្ត​ខិតខំ​ដោះស្រាយ​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​តែងតែ​កើត​មាន ដោយនៅ​ក្នុង​នោះ​ផ្តោត​សំខាន់​ទៅ​លើ​រោង​ភាពយន្ត និង​ផលិតកម្ម ។

ប្រធាន​សមាគម​ភាពយន្ត​កម្ពុជា​លោក​ព្រំ សិលា​បាន​ប្តេជ្ញា​ចិត្តនឹង​បន្ត​ខិតខំ​ធ្វើ​ការងារ ផ្សេង​ៗ ដើម្បី​ឲ្យ​សមាគម​មាន​ដំណើរការ​កាន់តែ​ល្អ និង​ចូលរួម​ជាមួយ​ភាគី​ពាក់ព័ន្ធ​ក្នុង​ន័យ​ជួយ​លើក​ស្ទួយ​វិស័យ​ភាព យន្ត​នៅ​កម្ពុជា ។

លោក ព្រំ សិលា បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ក្នុង​នាម​ជា​ប្រធាន​សមាគម​ភាពយន្ត​កម្ពុជា​ថ្មី លោក​នឹង​បន្តការងារ​យុទ្ធសាស្ត្រ​របស់​សមា គម​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដែល​តែងតែ​កើត​មាន​ឡើង​រវាង​រោង​ភាពយន្ត និង​ផលិតកម្ម ដូច​ជា​ការ​អនុវត្ត​កុងត្រា​ដោយ​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ជា​ពិសេស​នាយកដ្ឋាន​ភាពយន្ត ។ អ្វី​ដែល​សំខាន់​នោះ​គឺ​ដោះស្រាយ​បញ្ហា​ផ្សាយ​ភាពយន្ត​ខ្មែរ ឬ​បរទេស​តាម​បណ្តាញ​សង្គម ដោយ​គ្មាន​ការ​អនុ​ញ្ញាត ជា​ពិសេស​គោរព​តាម​សំណើ​របស់​ក្រសួង​ដោយ​ប​ញ្ចូ​ន​ការ​ក្រើនរំលឹក​ទាក់ទង​នឹង​សំណើរ​ស្តី​ពី​ការ​លើកលែង​ពន្ធ​ពី​រដ្ឋាភិបាល​ដល់​ផលិតករ​ខ្មែរ និង​រោង​ភាពយន្ត ហើយនឹង​វិស័យ​ភាពយន្ត​ទាំងមូល ។

ជំរុញ​ឲ្យ​មានការ​អភិវឌ្ឍ​គុណភាព​ផលិតភាព​យន្ត​ក្នុងស្រុក​តាម​រយៈ​ការ​សហការ​ជាមួយ​ដៃគូរ​បរទេស និង​ទស្សនកិច្ច​ប្រទេស​ជិតខាង​ទាក់ទង​នឹង​ការ​ផលិត​និង​ចែកចាយ ។

ម្យ៉ាងទៀត​ពង្រឹង​សកម្មភាព​ជាមួយ​នាយកដ្ឋាន​ផ្សព្វផ្សាយ​សិល្បៈ និង​ភាពយន្ត​។ ជំរុញ​ឲ្យ​មាន​ទីតាំង​ផ្ទាល់​របស់​សមាគម​ដើម្បី​ផ្តល់​វគ្គ​បណ្តុះបណ្តាល​ទាក់ទង​នឹង​ការ​សម្តែង ផលិតភាព​យន្ត សរសេរ​អត្ថបទ​ភាពយន្ត និង​បញ្ចាំងភាពយន្ត​គំរូ​ដើម្បី​ស្រប​តាម​ទស្សនវិស័យ​វែង​ឆ្ងាយ គឺ​សាលា​ភាពយន្ត​ដែល​ផ្តល់​បច្ចេកទេស និង​ជំនាញ​ពិតប្រាកដ​ទាក់ទង​នឹង​ការ​ផលិតភាព​យន្ត​នៅ​កម្ពុជា ។

បើ​តាម​លោក​ព្រំ សិលា ក្នុង​នាម​ប្រធាន​សមាគម​លោក​នឹង​កៀរគរ​ឲ្យ​បណ្តាល​ផលិតករ​នៅ​ក្នុងស្រុក​នានា ដើម្បី​មក​ចូលរួម​ជាមួយ​សមាគម​តែ​មួយ ។ នេះ​ជា​យុទ្ធសាស្ត្រ​របស់​សមាគម​ផ្ទាល់​។ លោក​និយាយ​ថា​« ខ្ញុំ​នឹង​ព្យាយាម​រៀបចំ​សមាគម​ឲ្យ​មានការ​គ្រប់គ្រង និង​ធ្វើការ​ច្បាស់លាស់ បន្ទាប់​មក​នឹង​កៀរគរ​សំឡេង​ស្ម័គ្រចិត្ត​ពី​បណ្តា​ផលិតករ រោង​ភាពយន្ត និង​ទូ​ទស្សន៍​អន​ឡាញ​ជា​សមាជិក​ដែល​អាច​ចូលរួម​វិភាគទាន​តាម​វិ​ធី​ផ្សេង​ៗ​ដោះស្រាយ​បញ្ហា​វិស័យ​ភាពយ​ន្ត​។

ទូរទស្សន៍​អន​ឡាញ​ក្នុង​ន័យ​នេះ​គឺ ដូច​ជា VOD video on demand​មិន​មាន​លក្ខណៈ​ស្ថាប័ន​ព័ត៌មាន​ទេ​ដូច​ជា Soyo Jaikon TV iflix ជាដើម ព្រោះ​ពួក​គាត់​ត្រូវការ​តស៊ូ​មតិ​ទាក់ទង​នឹង​ការ​ផ្សាយ​ភាពយន្ត​ដោយ​មិន​ស្របច្បាប់​តាម​អ៊ី​ន​ធើ​រ​ណេ​ត »​។

លោក​ព្រំ សិលា បាន​ទទួល​ការ​គាំទ្រ​សំឡេង​១២ លើ​១៨​សំឡេង ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធាន​សមាគម​ភាពយន្ត​កម្ពុជា​កាលពី​ពេល ថ្មី​ៗ​កន្លង​មក បន្ទាប់​ពី​ប្រធាន​ចាស់​លោក ឆាយ បូ​រ៉ា ប្រកាស​លាលែង ។ ចាងហ្វាង​ផលិតកម្ម​LD​លោក​លៀក លី​ដា​បាន​ទទួល​តំណែង​ជា​អនុប្រធាន ។

លោក​ព្រំ សិលា គឺជា​អ្នក​ចែកចាយ និង​ផ្សព្វផ្សាយ​ភាពយន្ត​ក្នុងស្រុក ដែល​រឿង​របស់​លោក​បាន​ចែក​ចាយ​​កន្លង​មក​មាន​ដូច​ជា រឿង​ធ្មប់ កំពូល​អ្នក​ថតរូប​Selfie វិប្បល្លាស​/​រចនា បាតដៃ​ខ្មៅ និង​រឿង​ស្នូរ​ជើង​អ្នក​ណា ជាដើម​។ លោក​ក៏​ធ្លាប់​រៀបចំ​មហោស្រព​ភាពយន្ត​ខ្លី​ដូច​ជា​មហោស្រព​ភាពយន្ត​ខ្លី​ចតុម្មុខ​ជា​ដើម៕

Facebook Google Twitter Email

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ