តារាចម្រៀងល្បីឈ្មោះក្នុងស្រទាប់យុវវ័យនាងមាស សុខសោភា បានបង្ហាញអារម្មណ៍សប្បាយរីករាយដែលបានចូលរួមសកម្មភាពផ្សព្វផ្សាយឱ្យបងប្អូនប្រជាជនខ្មែរបានយល់ដឹងពីជំងឺគ្រុនឈាម មេរោគជំងឺគ្រុនឈាម និងវិធីការពារជំងឺមួយនេះ ជាមួយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់សហការជាមួយក្រុមហ៊ុនអេសស៊ីចនសាន់ ក្នុងព្រឹត្តិការណ៍ធំប្រចាំឆ្នាំក្រោមប្រធានបទ «កំចាត់ជំងឺគ្រុនឈាម ដើម្បីការពារអ្នក និងគ្រួសារអ្នក» ។
តារាចម្រៀងលំដាប់កំពូលរូបនេះបានលើកឡើងថា នាងខ្ញុំពេញចិត្ត នឹងសហការជាមួយក្រុមហ៊ុន ឬអង្គភាពនានាដែលបង្កើតសកម្មភាពសង្គមផ្សេងៗ នាងខ្ញុំសូមផ្ញើសារជូនប្រជាជនខ្មែរទាំងអស់សូមមេត្តាប្រុងប្រយ័ត្នឱ្យបានខ្លាំងចំពោះជំងឺគ្រុនឈាម និងត្រូវចេះវិធីបង្ការ បើសង្ស័យថា កូនចៅរបស់អ្នកមានជំងឺគ្រុនឈាម សូមមេត្តានាំកូនទៅមន្ទីរពេទ្យជាបន្ទាន់ ដើម្បីគ្រូពេទ្យពិនិត្យ និងព្យាបាល ចៀសវាងគ្រោះថ្នាក់ ហើយសូមឱ្យបងប្អូនទាំងអស់ចូលរួមឱ្យបានសកម្មក្នុងការកំចាត់ជំងឺគ្រុនឈាម។
តាមមន្ត្រីនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ទទួលបន្ទុកកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមបានឱ្យមហាគ្រួសារដឹងថា គ្រាន់តែ១៩សប្តាហ៍នៃដើមឆ្នាំ២០១៣ កុមារមានអាយុ០ឆ្នាំដល់១៥ឆ្នាំ កើតជំងឺគ្រុនឈាមចំនួន២.៥៤១នាក់ ស្លាប់១៥នាក់ បើធៀបទៅឆ្នាំ២០១២ រយៈពេលដូចគ្នា កុមារកើតជំងឺគ្រុនឈាមមានចំនួន៣.៦៦៨នាក់ ស្លាប់១៧នាក់ ។ បច្ចុប្បន្នខេត្តដែលប្រឈមនឹងជំងឺគ្រុនឈាមមានខេត្តសៀមរាប, កណ្តាល, កំពង់ចាម, កំពង់ធំ, បន្ទាយមានជ័យ, ឧត្តរមានជ័យ, ព្រៃវែង, កំពង់ស្ពឺ និងព្រះវិហារ ។
តែបើយើងក្រឡេកមើលប្រទេសជិតខាងដូចប្រទេសថៃ, សាំងហ្គាពួរមានការប្រឈមខ្លាំងទៅនឹងជំងឺគ្រុនឈាម។ តាមការស្រាវជ្រាវបានឱ្យដឹងថា មេរោគជំងឺគ្រុនឈាមមានឈ្មោះថា «ដាំង» ហើយត្រូវបានគេបែងចែកជា៤ គឺដាំង១ ដាំង២ ដាំង៣ ដាំង៤ ចំណែកភ្នាក់ងារចម្លង គឺសត្វមូសខ្លាញី ៕
ចែករំលែកព័តមាននេះ