ដំណាច់ត្រីមាសទី3 ទុនវិនិយោគកម្ពុជាមានទឹកប្រាក់ជិត5ពាន់លានដុល្លារ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ដំណាច់ត្រីមាសទី៣ឆ្នាំនេះ ទំហំទុនវិនិយោគនៅកម្ពុជាសម្រេចបានទឹកប្រាក់ជិត៥ពាន់លានដុល្លារអាមេរិក ដែលគម្រោងវិនិយោគទាំងនោះបានបង្ហាញថា អ្នកវិនិយោគចិននៅតែនាំមុខគេនៅកម្ពុជា ។

គម្រោងនៃការវិនិយោគឆ្នាំនេះ មានការកើនឡើងចំនួន២៨គម្រោង ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ គម្រោងវិនិយោគទាំងនេះបាននិងកំពុងបង្កើតការងារចំនួនជិត៣៦ពាន់កន្លែងនៅកម្ពុជាផងដែរ ។ ក្នុងចំណោមគម្រោងវិនិយោគនេះ អ្នកវិនិយោគក្នុងស្រុកបានគ្របដណ្តប់៣៥%នៃទុនវិនិយោគសរុប ។
ទិន្នន័យដដែលបានឲ្យដឹងទៀតថា ក្នុងចំណោមគម្រោងវិនិយោគឆ្នាំនេះ ការវិនិយោគលើគម្រោងឧស្សាហកម្ម និងកម្មន្តសាល គឺជាគម្រោងដែលអ្នកវិនិយោគចាប់អារម្មណ៍ច្រើនជាងគេដែលមានរហូតដល់១៤៥គម្រោង, គម្រោងវិនិយោគលើវិស័យកសិកម្ម និងកសិឧស្សាហកម្មចំនួន១២គម្រោងនិងហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍មានចំនួន១៣គម្រោង ។
របាយការណ៍ដដែលនេះបានបង្ហាញឲ្យដឹងផងដែរថា ទោះជាគម្រោងវិនិយោគឆ្នាំនេះ មានកំណើនចំនួន២៨គម្រោង ប៉ុន្តែទំហំទុនវិនិយោគមានការធ្លាក់ចុះជាង១ពាន់លានដុល្លារ ។
អ្វីដែលគួរឲ្យកត់សំគាល់ គឺទិន្នន័យនេះបានបង្ហាញថា ប្រទេសចិននៅតែជាប្រទេសនាំមុខគេ ដែលបានវិនិយោគនៅកម្ពុជា ដោយអ្នកវិនិយោគមកពីប្រទេសនេះបានក្តោបក្តាប់ការវិនិយោគចំនួនជាង៦០% និងតាមពីក្រោយដោយអ្នកវិនិយោគមកពីប្រទេសជប៉ុន ថៃ ម៉ាឡេស៊ី និងអង់គ្លេសជាដើម ៕
ចែករំលែកព័តមាននេះ