ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​នឹង​អញ្ជើញ​ទៅ​ចូលរួម​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៣ នៅ​ប្រទេស​សិង្ហ​បុរី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៣៣ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ក្រោម​មូលបទ​«​ភាពរឹងមាំ និង​នវានុវត្តន៍​របស់​អាស៊ាន​» ពី​ថ្ងៃ​ទី​១៣…

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៣៣ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ក្រោម​មូលបទ​«​ភាពរឹងមាំ និង​នវានុវត្តន៍​របស់​អាស៊ាន​» ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ប្រទេស​សិង្ហ​បុរី ។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​បាន​ឲ្យ​ដឹង​ថា សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៣ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ក្រោម​មូលបទ​«​ភាពរឹងមាំ និង​នវានុវត្តន៍​របស់​អាស៊ាន​» នេះ គឺ​ធ្វើ​ឡើង​តប​តាម​ការ​អញ្ជើញ​របស់​ឯកឧត្តម លី សៀន​ឡុ​ង (Lee Hsien Loong) នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី ។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​រំពឹង​ថា នឹង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ដូច​ខាងក្រោម​- កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៣ ការ​ពិសា​អាហារ​ការងារ​ពេល​ល្ងាច សម្រាប់​ថ្នាក់ដឹកនាំ​អាស៊ាន – កិច្ចប្រជុំ​កំពូល​ក្រៅផ្លូវការ​អាស៊ាន​-​អូស្ត្រាលី អម​ដោយ​អាហារ​ពេល​ព្រឹក – កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន​លើក​ទី​២១ – កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ លើក​ទី​២០ – កិច្ចប្រជុំ​កំពូល​អាស៊ាន​-​រុ​ស្ស៊ី​លើក​ទី​៣ – កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ជប៉ុន លើក​ទី​២១ – កិច្ចប្រជុំ​កំពូល​ក្រៅផ្លូវការ​អាស៊ាន​-​ឥណ្ឌា អម​ដោយ​អាហារ​ពេល​ព្រឹក – កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សហរដ្ឋអាមេរិក​លើក​ទី​៦ – កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​បី​លើក​ទី​២១ – កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា លើក​ទី​១៣ (​ពេញអង្គ​) – កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា (​ចង្អៀត​) អម​ដោយ​អាហារ​ថ្ងៃត្រង់ និង – កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​នៃ​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់​លើក​ទី​២ ។

សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា អញ្ជើញ​អមដំណើរ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី រួម​មាន​ឯកឧត្តម​ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ឯកឧត្តម​បណ្ឌិត ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា​ព្រមទាំង​ឥស្សរជន​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​ធុរកិច្ច​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា​ផង​ដែរ ។ ស្រប​ពេល​កិច្ចប្រជុំ​កំពូល​នេះ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​នឹង​អញ្ជើញ​ចូលរួម​ក្នុង​ប្រជុំ និង​កម្មវិធី​មួយ​ចំនួន​ដូច​ខាងក្រោម – កិច្ចប្រជុំ​ជាមួយ​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ធុរៈកិច្ច​អាស៊ាន – កម្មវិធី​អាហារ​ការងារ​ថ្ងៃត្រង់​រៀបចំ​ដោយ​ឯកឧត្តម លី សៀន​ឡុ​ង សម្រាប់​ថ្នាក់ដឹកនាំ​អាស៊ាន និង​ពិធី​លៀង​សាយភោជន (Gala Dinner) រៀបចំ​ដោយ​ប្រធាន​កិច្ចប្រជុំ​សម្រាប់​ថ្នាក់ដឹកនាំ​អាស៊ាន ។

ក្នុងអំឡុងពេល​ស្នាក់​នៅ​ប្រទេស​សិង្ហ​បុរី​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​នឹង​មាន​ជំនួប​ទ្វេភាគី ជាមួយ​ប្រមុខ​គណៈប្រតិភូ​នៃ​ប្រទេស​មួយ​ចំនួន​ផង​ដែរ ។ ក្នុង​ការ​ត្រៀម​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៣ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ប្រាក់ សុ​ខុន នឹង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហគមន៍​នយោបាយ​-​សន្តិសុខ​អាស៊ាន​លើក​ទី​១៨ និង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន​លើក​ទី​២២ ដែល​កិច្ចប្រជុំ​ទាំង​ពីរ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​មុន​កិច្ចប្រជុំ​កំពូល​អាស៊ាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ