ខេត្តសៀមរាប ៖ កាលពីវេលាម៉ោង១០ និង៣០ នាទីព្រឹកថ្ងៃទី៤ ខែតុលាឆ្នាំ ២០១៨ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការនគរបាលខេត្ត បានចូលរួមសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគងចុះបង្ក្រាបបទរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុ ញៀននៅចំណុចភូមិកំពង់ថ្កូវ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ឈានដល់ធ្វើការឃាត់ខ្លួន បានជនសង្ស័យចំនួន២នាក់ និងវត្ថុតាងមួយចំនួនយកមកសួរនាំនៅការិយាល័យជំនាញ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត។
តាមប្រភពពីមន្ត្រីការិយាល័យជំនាញនគរបាលខេត្តបានប្រាប់ថា ជនសង្ស័យទាំង២នាក់ខាងលើ ម្នាក់ឈ្មោះ ស រ៉ូ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិគោកក្តុល ឃុំកំពង់ភ្លុក ស្រុកប្រា
សាទបាគង ខេត្តសៀមរាប (រក្សាទុកជួញដូរនិងប្រើប្រាស់) (មានសារធាតុញៀនក្នុងខ្លួន) និងម្នាក់ឈ្មោះ
វិត សុជីអូ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិកំពង់ថ្កូវ ឃុំមានជ័យ ស្រុកប្រាសាទបាគងខេត្តសៀមរាប (ជាអ្នកចាត់ចែងនិងប្រើប្រាស់) (មានសារធាតុ ញៀនក្នុងខ្លួន)។
បន្ទាប់ពីឃាត់ខ្លួនបានជនសង្ស័យ ព្រមទាំងឆែកឆេររកឃើញវត្ថុតាង គ្រឿងញៀនមួយចំនួន រួមមាន ម្សៅមេតំហ្វេតាមីនប្រភេទទឹកកកចំនួន២០កញ្ចប់ ទូរស័ព្ទដៃចំនួន៣គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ និងវត្ថុតាងមួយចំនួន ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងថ្ងៃទី៥ ខែតុលា ឆ្នាំ ២០១៨ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ