ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​អំពាវនាវ​ភ្ញៀវ​មក​កម្សាន្ត​ចូលរួម​វេច​ខ្ចប់​កាក​សំណល់​ឲ្យ​បាន​ត្រឹមត្រូវ

5 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​អំពាវនាវ​ឲ្យ​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​នៅ​ប្រាសាទ​កោះកែរ ចូលរួម​វេច​ខ្ចប់​កាក​សំណល់​ដាក់​ធុងសំរាម​ឲ្យ​បាន​ត្រឹមត្រូវ ។ នាយកដ្ឋាន​អភិ​ឌ្ឈ​ន៍​ទេសចរ​នៃ​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​បាន​ធ្វើការ​អំពាវនាវ​ដល់​អាជីវករ​លក់ដូរ​ចំណីអាហារ​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន និង​ភ្ញៀវ​ទេសចរ​ទាំងអស់​ដែល​ចូល​មក​កម្សាន្ត​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​កោះកែរ ធ្វើ​យ៉ាងណា​រួម​គ្នា​ថែរក្សា​អនាម័យ​បរិស្ថាន​ទុក ដាក់ វេច​ខ្ចប់​សំរាម…

ខេត្តព្រះវិហារ ៖ អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​អំពាវនាវ​ឲ្យ​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​នៅ​ប្រាសាទ​កោះកែរ ចូលរួម​វេច​ខ្ចប់​កាក​សំណល់​ដាក់​ធុងសំរាម​ឲ្យ​បាន​ត្រឹមត្រូវ ។ នាយកដ្ឋាន​អភិ​ឌ្ឈ​ន៍​ទេសចរ​នៃ​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​បាន​ធ្វើការ​អំពាវនាវ​ដល់​អាជីវករ​លក់ដូរ​ចំណីអាហារ​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន និង​ភ្ញៀវ​ទេសចរ​ទាំងអស់​ដែល​ចូល​មក​កម្សាន្ត​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​កោះកែរ ធ្វើ​យ៉ាងណា​រួម​គ្នា​ថែរក្សា​អនាម័យ​បរិស្ថាន​ទុក ដាក់ វេច​ខ្ចប់​សំរាម ឬ​កាក​សំណល់​នានា​នៅ​ក្នុង​ធុងសំរាម​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ជួយ​លើកកម្ពស់​អនាម័យ បរិស្ថាន និង​តម្លៃ​បេតិកភណ្ឌ​ជាតិ​មួយ​នេះ​ឲ្យ​មាន​សោ​ភណ្ឌ​ភាព ។

លោក​ទុ​យ រ៉ា​ន្នី អនុប្រធាន​នាយកដ្ឋាន​អភិ​វ​ឌ្ឈ​ន៍​ទេសចរ​នៃ​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​ប្រចាំ​តំបន់​ប្រាសាទ​កោះកែរ បាន​លើក​ឡើង​ថា កន្លង​ទៅ​នៅ​ពេល​មាន​ពិធីបុណ្យ​ទាន​ម្តង​ៗ​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​បោះបង់​ចោល​នូវ​សំរាម ឬ​កាក​សំណល់​នានា​ដែល​សល់​ពី​ការ​ហូប​ចុក​នោះ​ធ្វើ​ឲ្យ​ប៉ះពាល់​នូវ​បរិស្ថាន និង​សណ្តាប់ធ្នាប់​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន ។ លោក​បន្ថែម​ថា រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ប្រាសាទ​កោះកែរ​ត្រូវ​បាន​រាជរដ្ឋាភិបាល​ស្នើ​សុំ​ដាក់​ប​ញ្ជូ​ល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នៅ​ពេល​ខាង​មុខ​នេះ ។ ដោយឡែក​បច្ចុប្បន្ន​រមណីយដ្ឋាន​ប្រាសាទ​កោះកែរ​នេះ​កំពុង​ក្លាយជា​បេក្ខភាព​ក្នុង​ការ​ប្រឡងប្រណាំង​រមណីយដ្ឋាន​ទេសចរ​គំរូ​រួច​មក​ហើយ កាលពី​ពេល​កន្លង​ទៅ​នេះ ។

ដូច្នេះ​ហើយ ដើម្បី​ចូលរួម​លើកកម្ពស់​តម្លៃ​បេតិកភណ្ឌ​ជាតិ​ប្រាសាទ​កោះកែរ​ក៏​ដូច​ជា សោ​ភណ្ឌ​ភាព​រមណីយដ្ឋាន​មួយ​នេះ​ឲ្យ​កាន់តែ​មាន​ភាព​ស្រស់​ស្អាត និង​លេចធ្លោ​ជាស​កល​នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ អាជ្ញាធរ​ជាតិ បាន​អំពាវនាវ​ដល់​អាជីវករ​ដែល​បម្រើ​សេវាកម្ម​ទេសចរ លក់ដូរ​ចំណីអាហារ​ត្រូវ​ចេះ​រក្សា​អនាម័យ​សេវាកម្ម​របស់​ខ្លួន​ឲ្យ​ទទួល​បាន​គុណភាព ។ លើស​ពី​នេះ​ទៀត​ទាំង​អាជីវករ និង​ភ្ញៀវ​ទេសចរណ៍​ទាំងអស់​ត្រូវ​ចូលរួម​ថែរក្សា​អនាម័យ វេច​ខ្ចប់ កាក​សំណល់ ឬ​សំរាម​ដែល​សល់​ពី​ការ​ហូប​ចុក​ត្រូវ​យក​ទៅ​ដាក់​នៅ​ក្នុង​ធុងសំរាម​ឲ្យ​បាន​ត្រឹមត្រូវ ចៀសវាង​ការ​បោះចោល​សំរាម​ផ្តេសផ្តាស​គ្មាន​សណ្តាប់ធ្នាប់ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​បាត់បង់​សោ​ភណ្ឌ​ភាព ។

ជាមួយ​គ្នា​នេះ​ភ្ញៀវ​ទេសចរណ៍​មក​ពី​រាជធានី​ភ្នំពេញ​ដែល​មក​លេង​កម្សាន្ត​នៅ​ប្រាសាទ​កោះកែរ​បាន​សម្តែង​នូវ​ក្តី​រីករាយ​យ៉ាង​ខ្លាំង បន្ទាប់​ពី​បាន​នាំ​ក្រុម​គ្រួសារ​ចូល​មក​ទស្សនា​សម្បត្តិ​បេតិកភណ្ឌ​នេះ​ពោរពេញ​ទៅ​ដោយ​ធម្មជាតិ​ស្រស់បំព្រង​មក​លេង​ម្តង​ហើយ ចង់​មក​លេង​ទៀត ។ តែ​ទោះជា​បែប​នេះ​ក្តី​ពួក​គាត់​បាន​អះអាង​ថា ការ​ទុកដាក់​សំរាម និង​កម្ទេចកំទី​កាក​សំណល់​នានា​នៅ​ក្នុង​ធុងសំរាម​បាន​ត្រឹមត្រូវ​នោះ​មិន​ត្រឹមតែ​បាន​លើក​ស្ទួយ​ដល់​តម្លៃ​នៃ​ប្រាង្គ​ប្រាសាទ និង​បរិស្ថាន​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​បាន​ទាក់ទាញ​នូវ​ចំនួន​ភ្ញៀវ​ទេសចរ​មិន​ថា ភ្ញៀវ​ជាតិ ឬ​អន្តរជាតិ​នោះ​ទេ​នឹង​មាន​ចំនួន​កើនឡើង និង​លើកមុខ​មាត់​តម្លៃ​វប្បធម៌​ប្រទេស​កម្ពុជា​កាន់តែ​ខ្លាំង​នៅ​លើ​សកលលោក ។

សូម​បញ្ជាក់​ថា តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរ​ខេត្តព្រះវិហារ​ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០១៨​នេះ​ភ្ញៀវ​ទេសចរ ចូល​ទៅ​កម្សាន្ត​នៅ​ក្នុង​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ប្រាសាទ​កោះកែរ ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​៦៦,៤៥៦​នាក់ ថយ​ចុះ​៨.១៥% ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​២៣,០៧៣​នាក់ ថយ​ចុះ​៥.៧៨% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ