ខេត្តប៉ៃលិន ៖ រហូតមកដល់រសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ នេះដោយសារតែតម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ ហើយស្របពេលដែលមេឃធ្លាក់ភ្លៀងរាល់ថ្ងៃ បណ្តាលឱ្យដក់ទឹកនៅតាមរងដំឡូងមី បើទុកយូរនាំឱ្យរលួយខូច ទើបកសិករនាំគ្នាសម្រុកដកដំឡូងមីដឹកលក់ឱ្យឈ្មួញនៅតាមស្តង់ជាបណ្តើរៗ ។ ជាពិសេសកសិកររស់នៅក្នុងភូមិភ្នំរាំង និងភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។
ប្រភពព័ត៌មានពីបុរសម្នាក់ ឈ្មោះ វ៉ាន់ សេង អាយុ៥៥ឆ្នាំ រស់នៅភូមិភ្នំរាំង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន បានរៀបរាប់ឱ្យដឹងថា គាត់ទើបតែដាំដំឡូងមីបានរយៈពេល៦ខែ នៅក្នុងចម្ការក្បែរផ្ទះរបស់ខ្លួន លុះមេឃធ្លាក់ភ្លៀងរាល់ថ្ងៃខ្លាំងពេកធ្វើឱ្យគាត់ព្រួយបារម្ភខ្លាចក្រែងមើមដំឡូងមីស្អុយរលួយ ទើបនាំកូនចៅ និងជួលកម្មករឱ្យប្រញាប់ដកទាំងមើម នៅខ្ចីយកទៅលក់នៅតាមស្តង់ដំឡូងតែម្តង ។ គាត់បន្តទៀតថា ទោះបីជាមើមដំឡូងមីនៅខ្ចី មិនទាន់មានម្សៅយ៉ាងណាក៏ដោយក៏ឈ្មួញនៅតែបញ្ជាទិញដែរ ដោយកាលពីមុន១គីឡូក្រាម ត្រឹមតែជាង១បាតប្រាក់ថៃ ។ តែរហូតមកដល់ពេលនេះ ស្រាប់តែតម្លៃទីផ្សារដំឡូងមីហក់ឡើងរហូតដល់២.៥៥បាត(ប្រាក់ថៃ) ដែលថ្លៃជាងឆ្នាំមុនៗទៅទៀត ហើយកសិករម្នាក់ៗ ខំប្រឹងនាំគ្នាសម្រុកដកលក់ ដើម្បីប្រញាប់ដាក់ដាំសារជាថ្មី ។
គាត់បន្តទៀតថា កាលពីថ្ងៃមុនទើបដកលក់បាន៥តោន ហើយនៅថ្ងៃបន្ទាប់នេះមិនទាន់បានដឹកយកទៅថ្លឹងលក់នៅឡើយទេ មើលទៅគាត់អាចចំណេញសល់ប្រាក់សម្រាប់សងជំពាក់ គេ និងសល់លុយកាក់សម្រាប់ផ្គត់ផ្គង់ជីវភាពផងដែរ ។
បើតាមការរៀបរាប់ពីកសិករម្នាក់ ឈ្មោះ ឡុង ស្រី អាយុ៥០ឆ្នាំ រស់នៅក្នុងភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន បានឱ្យដឹងថា តម្លៃទីផ្សារដំឡូងមី នាពេលនេះពិតជាថ្លៃខ្ពស់រហូតដល់ ១គីឡូ២.៥៥បាត ឯណោះ ដូច្នេះដំឡូងដែលគាត់ដាំបានជាង១ហិកតា ហើយមិនទាន់គ្រប់អាយុត្រូវប្រមូលផលផង ក៏សម្រេចចិត្តជួលកម្មករឱ្យចូលទៅដកដឹកលក់នៅតាមស្តង់ ។
គាត់បន្តទៀតថា ប្រជាពលរដ្ឋសប្បាយចិត្តពេលឃើញតម្លៃទីផ្សារដំឡូងឡើងថ្លៃ ដោយម្នាក់ៗ ត្រៀមខ្លួនជាស្រេចនឹងហៅកម្មករចុះទៅប្រមូលផលទាំងចាស់ទាំងខ្ចី ព្រោះអីឈ្មួញគេមិនរើសរកអ្វីនោះទេ ឱ្យតែមានមើមដំឡូងមីដកលក់ឱ្យគេ គឺកុម្ម៉ង់ទិញទាំងអស់តែម្តង ។
គាត់សំណូមពរផងដែរ បើសិនជាទីផ្សារដំឡូងមីឡើងថ្លៃខ្ពស់ ដូច្នេះហើយទោះបីជាមានកសិករប្រមូលផលច្រើនក៏សុំកុំឱ្យឈ្មួញទម្លាក់ថ្លៃ ព្រោះគាត់សង្កេតឃើញជារៀងរាល់ពេល គឺឡើងថ្លៃពេលកសិករប្រមូលផលមួយៗ លុះឃើញប្រមូលផលគ្នាច្រើន ស្រាប់តែបញ្ចុះតម្លៃរហូតដល់ទាបមិនអាចទទួលយកបានផងដែរ ៕
ចែករំលែកព័តមាននេះ