ខេត្តរតនគីរី ៖ ទំនៀមទម្លាប់បងប្អូនជនជាតិដើមភាគតិចនៅរដូវស្សាដាំដំណាំស្រូវតាមជើងភ្នំ ជាក់ស្ដែងនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ អ្នកសារព័ត៌មានកោះសន្តិភាពបានជួបអ្នកស្រីឈ្មោះង៉ាន ណា អាយុ២៦ឆ្នាំ ជាជាតិគ្រឹង មុខរបកសិករ រស់នៅភូមិការតែ ឃុំម៉ាលិច ស្រុកអណ្ដូងមាស បានប្រមុខរបដំណាំស្រូវនៅជើងភ្នំបាដល់ ក្នុងភូមិបាដល់ ឃុំសេសាន ស្រុកអូរយ៉ាដាវ ។
បើតាមការរៀបរាប់ពីផលដំណាំស្រូវដែលអ្នកស្រីធ្វើនៅក្នុងឆ្នាំនេះ គាត់បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានកោះសន្តិភាពថា គាត់មានប្ដី និងមានកូនប្រុសម្នាក់ទើបមានអាយុ4ឆ្នាំ ឪពុកម្ដាយបានចែកដីចំនួនកន្លះហិចតាទុកសម្រាប់ដាំដំណាំស្រូវ ហើយក្នុងមួយៗឆ្នាំបានផល់តែ១០បាវ និងមានឆ្នាំខ្លះមេឃមិនអំណោយផល ទទួលបានបានផលស្រូវ៥,៦បាវ ។
អ្នកស្រីបានបន្តថា គ្រួសារគាត់បានទទួលផលស្រូវបានចំនួនប៉ុណ្ណឹងមិនគ្រប់គ្រាន់នោះទេ ពេលច្រូតកាត់ស្រូវហើយនៅរដូវប្រាំដើរស៊ីឈ្នួលច្រូតស្មៅចំការកៅស៊ូ និងស៊ីឈ្នួលដកដំឡូងមីអោយអ្នកភូមិ ដើម្បីរកកំរៃបន្ថែមទៀតទើបអាចទ្រទ្រង់ជីវភាពបាន ។
អ្នកស្រីបានបន្តទៀតថា នៅក្នុងស្រុកអណ្ដូងមាស សម្បូរព្រៃភ្នំណាស់មិនសូវមានដីទំនាបធ្វើស្រែនោះទេ តាមទម្លាប់បងប្អូនជនជាតិដើមភាគតិចរស់នៅស្រុកមួយនេះ គឺគេដាំដំណាំស្រូវតែលើជើងភ្នំជាទំនៀមទម្លាប់ប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិចជាយួរលង់មកហើយ។
សូមបញ្ជាក់ថា នៅភាគឦសានខេត្តរតនគីរី មានបងប្អូនជនជាតិដើមភាគតិចចំនួន៦៥ភាគរយកាន់សាសនាព្រហ្មញ្ញសាសនា មានជំនឿលើអារុកអារក្ខអ្នកតាភ្នំ និងអ្នកតាភូមិប្រពៃណីដែលបងប្អូនជនជាតិធ្លាប់ធ្វើក្នុងមួយឆ្នាំៗដូចជានៅក្នុងខែកុម្ភៈ បិទភូមិហាមដាច់ខាតមិនអោយអ្នកមកពីចម្ងាយ ឬអ្នកភូមិផ្សេងមកចូលឡើយ ក្នុងគោលបំណងដេញព្រាយបិសាច និងខ្មោច និងចង្រៃផ្សេងៗចេញពីភូមិរបស់គាត់អោយអស់ ហើយមូយទៀតនៅដើមឆ្នាំមុនពេលមានភ្លៀងធ្លាក់ បងប្អូនជនជាតិដើមភាគតិចរៀបចំកម្មវិធីសែនអ្នកតាស្រែគោលបំណងសុំអោយមានផលស្រូវល្អ។
សំណែនសែនមានដូចជាកាប់សត្វក្របី១ក្បាល និងស្រាពាង ដល់ពេលដំណាំស្រូវពេញក្រមុំរៀបចំសែនម្ដងទៀតរៀបចំសំណែនដូចខាងលើ ហើយម្ហូបដែលបងប្អូនជនជាតិដើមភាគតិចចូលចិត្តបំផុតរួមមានទី១-គឺសម្លប្រូងដុតបំពុងឫស្សី ទី២-គឺភីភា ទី៣-គឺម៉ាភាមានរសជាតិល្វីងដាក់ប្រមាត់សត្វ និងទី៤-គឺចារណាង ម្ហូបទាំង៤មុខខាងលើនេះបងប្អូនជនជាតិភាគតិចចូលចិត្តបំផុតនៅភូមិភាគឦសាន ៕
ចែករំលែកព័តមាននេះ