ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉ាង​កក្រើក… ៣០​នាក់​កាន់ដំបង ដាវ កាំបិត ដុំថ្ម ដបសាំង និងកំប៉ុងហ្គាស

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៣០​នាក់​ ប្រដាប់​ដោយ​ដំបង ដាវ កាំបិត ដុំ​ថ្ម ដប​សាំង និង​កំប៉ុង​ហ្គា​ស បាន​ផ្ទុះ​ការ​តវ៉ា​និង​បាន​ផ្តួល​ម៉ូតូ​គំរាម​ដុត​ប្រឆាំង​នឹង​អាជ្ញាធរ​ខណ្ឌឫស្សីកែវ…

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៣០​នាក់​ ប្រដាប់​ដោយ​ដំបង ដាវ កាំបិត ដុំ​ថ្ម ដប​សាំង និង​កំប៉ុង​ហ្គា​ស បាន​ផ្ទុះ​ការ​តវ៉ា​និង​បាន​ផ្តួល​ម៉ូតូ​គំរាម​ដុត​ប្រឆាំង​នឹង​អាជ្ញាធរ​ខណ្ឌឫស្សីកែវ ដែល​បាន​ប្រើ​កម្លាំង​ចុះ​ទៅ​រុះរើសំណង់​របស់​លោក មាស សា​វឿ​ន ដែល​បាន​សង់​រំលោភ​លើ​ដី​ដែល​មានកម្ម​សិទ្ធិ ។

នេះ​ជា​ការ​ប្រឈម​មុខ​ដាក់​គ្នា​ជា​ថ្មី ខណៈ​ពេល​ដែល​អាជ្ញាធរ​ប្រើ​វិធានការ​រដ្ឋបាល​ប៉ុនប៉ង​រុះរើ​សំណង់​តែ​ពុំ​បាន​សម្រេច​ឡើយ ។ ទោះបីជា​បែប​ណា យុវជន​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​អាជ្ញាធរ​ចោទ​ថា ជា​អ្នក​យក​ដប​សាំង​មក​ប្រឆាំង​តវ៉ា​និង​រារាំង ។ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ជា​ថ្មី​ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៣១ ខែកក្កដា នៅ​ក្នុងភូមិ​ទួល​ពពែ សង្កាត់​ទួល​សង្កែ​២ ខណ្ឌឫស្សីកែវ ដែល​ជា​ដី​តំបន់​អភិវឌ្ឍន៍​ឫស្សី​កែវ ។ការ​ប្រើ​វិធានការ​រដ្ឋបាល​នេះ​ដឹកនាំ​ដោយ​លោក ជា ពិសី អភិបាល​ខណ្ឌឫស្សី​កែវ ​និង​មានការ​ចូល​សម្របសម្រួល​ដោយ​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា អាជ្ញាធរ​បាន​ប្រើ​កម្លាំង​ប្រមាណ​ជាង​១០០​នាក់ បានការ​ពារ​គ្រឿងចក្រ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះ​ទៅ​រុះរើ​សំណង់​ដែល​ជាប់ចោទ​ថា​បាន​រំលោភ​យក​ដី​ដែល​មានកម្ម​សិទ្ធិ តែ​ត្រូវ​បាន​រារាំង​ដោយ​ប្រជាពលរដ្ឋ ដែល​ប្រដាប់​ដោយ​ដំបង កាំបិត ដាវ ដប​សាំង និង​ហ្គា​ស បាន​ផ្តួល​ម៉ូតូ​គំរាម​ដុត ។ នៅ​ក្នុង​ហេតុការណ៍​នោះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​វាយ​ខ្នោះ​បុរស​ម្នាក់​ដែល​បាន​ជិះ​ម៉ូតូ​ដឹក​ដប​សាំង​ដើម្បី​ធ្វើការ​តវ៉ា ។

ការ​ប្រើ​វិធានការ​រដ្ឋបាល​នេះ​ត្រូវ​បាន​អាជ្ញាធរ​ឱ្យ​ដឹង​ថា ធ្វើ​តាម​បទបញ្ជា​របស់​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ចុះ​ទៅ​រុះរើ​របង និង​សំណង់​រំលោភ​ព្រមទាំង​វាស់វែង​ដី​ទំនាស់​នោះ​ប្រគល់​ទៅ​ឱ្យ​លោកស្រី លឹ​ម វ​ណ្ណា ដែល​ជា​ម្ចាស់​កម្មសិទ្ធិ ។

លោក ជា ពិសី អភិបាល​ខណ្ឌឫស្សីកែវ​បានឱ្យ​ដឹង​ថា ការ​ប្រើ​វិធានការ​រដ្ឋបាល​នេះ​ធ្វើ​តាម​បទបញ្ជា របស់​លោក​អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​រុះរើ​សំណង់​ដែល​បាន​សង់​រំលោភ​យក​ដី​ដែល​មានកម្ម​សិទ្ធិ ។លោក​អភិបាល​បានឱ្យ​ដឹង​ទៀត​ថា ក្រុម​អ្នក​តវ៉ា​សុទ្ធតែ​ជា​អ្នក​ស៊ី​ឈ្មួ​ល​ការពារ​ក្នុង​ការ​ចាប់​យក​ដី​ដែល​មានកម្ម​សិទ្ធិ ។ ក្រុម​នោះ​ក៏​បាន​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​រំលោភ​យក​ដី​ដែល​មានកម្ម​សិទ្ធិ​ផង​ដែរ ។

លោក​អភិបាល​ខណ្ឌឫស្សីកែវ​ក៏​បាន​អំពាវនាវ​ឱ្យ​ក្រុម​អ្នក​តវ៉ា​បញ្ឈប់​ការ​សាងសង់​រំលោភ​តទៅ​ទៀត ព្រមទាំង​ឱ្យ​ដក​គ្រឿងចក្រ​ចេញ ។ នៅ​រសៀល​នោះ ក៏​មានការ​ប្រឈម​មុខ​ដាក់​គ្នា​ប្រមាណ​ជិត​២​ម៉ោង ហើយ​អាជ្ញាធរ​ក៏​បាន​ពន្យារពេល​រុះរើ​ចៀសវាង​មាន​អ្នក​រង​របួស ។ ទន្ទឹម​នោះ អាជ្ញាធរ​ក៏​បាន​ធ្វើ​កិច្ចសន្យា​ឱ្យ​បញ្ឈប់​សកម្មភាព​ការ​សង់​រំលោភ​ជា​ថ្មី​ម្តងទៀត ។

គួរ​បញ្ជាក់​ថា ដី​ទំនាស់​នោះ​មាន​ទំហំ​ប្រមាណ​ជាង​១​ហិ​កតា ដែល​មាន​ទំនាស់​រ៉ាំរ៉ៃ​ជា​យូរ​មក​ហើយ​រវាង​អ្នកស្រី លឹ​ម វ​ណ្ណា និង​លោក មាស សា​វឿ​ន ។បន្ទាប់​ពី​មានការ​សាងសង​រំលោភ អាជ្ញាធរ​បាន​ទៅ​ណែនាំ​ឱ្យ​ផ្អាក​និង​ចុះ​វាយ​ចោល​ជា​បន្តបន្ទាប់​ជា​ច្រើន​លើក​មក​ហើយ តែ​លោក មាស សា​វឿ​ន ដែល​បច្ចុប្បន្ន​ជា​អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ បាន​ជាប់ចោទ​គៀរគរ​ប្រជាពលរដ្ឋ​មក​សាងសង់​រំលោភ​យក​ដី​នោះ​ម្តង​ហើយ​ម្តងទៀត រហូត​សង់​របង​រឹង​មាំ​និង​ផ្ទះ​វិឡា​ផ្គើន​និង​អាជ្ញាធរ​ទៀត ។ បន្ទាប់​ពី​មានការ​តវ៉ា​និង​ប្រឈម​មុខ​ដាក់​គ្នា អាជ្ញាធរ​ក៏​បាន​ដកថយ​វិញ ចៀសវាង​មានការ​ប៉ះទង្គិច​គ្នា ។

ចំណែក​ប្រជាពលរដ្ឋ​អះអាង​ថា ជា​ដី​របស់​ខ្លួន​ដែល​តាម​ពិត​ពួក​គាត់​មិន​មាន​ដី​នោះ​ទេ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​អាជ្ញាធរ ។ ចំពោះ​ពលរដ្ឋ​ដែល​បាន​នាំ​គ្នា​ប្រឆាំង​តវ៉ា​យ៉ាង​មុត​ស្រួច​នោះ មិន​អាច​សុំ​ការ​បំភ្លឺ​បាន​នោះ​ទេ​ព្រោះ​ម្នាក់​ៗ​សំដែង​ភាព​កាច ៕ ​

អត្ថបទសរសេរ ដោយ