រាជធានីភ្នំពេញ ៖ គ្រូពេទ្យជំនាញខាងជំងឺមហារីកមានប្រសាសន៍បញ្ជាក់យ៉ាងច្បាស់ថា ជារួមទៅមហារីកថ្លើមនៅដំណាក់កាលដំបូងៗឥតមានរោគសញ្ញាអីទាំងអស់ ប៉ុន្តែពេលដែលដុំមហារីកធំ វាអាចនឹងធ្វើអោយលេចចេញរោគសញ្ញាមួយចំនួនដូចជា ការឈឺចាប់ និងការចេញលឿងជាដើម។
លោក អ៊ាវ សុខា ឯកទេសជំងឺមហារីកនិយាយថាដុំមហារីកនោះអាចរីកធំ ដល់ ៥សង់ទីម៉ែត្រ ឬ ៦សង់ទីម៉ែត្រ ឬ ៧សង់ទីម៉ែត្រ ហើយអ្នកខ្លះគឺមានទំហំសាច់មហារីកដល់ មួយតឹកអី។ ពេលវាធំទៅវាចាប់ផ្តើមរលួយក្នុងរលួយខាងក្នុង ដោយសារឈាមទៅចិញ្ចឹមអត់ដល់សាច់ខាងក្នុង ។ ដល់ពេលសាច់ដុំមហារីករលួយខាងក្នុង អ្នកជំងឺចាប់ផ្តើមឈឺ។
លោកគ្រូពេទ្យជំនាញឯកទេសខាងជំងឺមហារីក បន្ថែមថា៖ «៨០ ភាគរយនៃអ្នកជំងឺមហារីកថ្លើម ដែលមកជួបអ្នកជំងឺ ដោយសារហេតុផលឈឺនៅក្រោមឆ្អឹងជំនីរខាងស្តាំ ។ ទី២ កាលណាដុំនឹងវាធំទៅ វាសង្កត់ទុយោបង្ហូរទឹកប្រមាត់ វាឲ្យចាល់ទឹកប្រមាត់ ដល់អញ្ចឹងទៅវាឲ្យអ្នកជំងឺចេញលឿងភ្នែក ហើយនេះក៏ជាមូលហេតុដែលឲ្យអ្នកជំងឺ មករកពេទ្យដែរ»។
ទី៣ គឺអ្នកជំងឺចេះតែឆ្អល់ៗពោះ ហូបអីចេះតែក្អួត ហូបអីទៅចេះតែតឹងៗរំលាយអាហារ វាយឺត ដល់អញ្ចឹងទៅធ្វើឲ្យគាត់ហូបឥតបាន ដាក់ក្អួតៗគាត់ស្រកគីឡូស្រឺតៗ រហូតមួយខែស្រកអស់ ១០ គីឡូក្រាម ទៅ ២០ គីឡូក្រាម នាំឲ្យគាត់ទៅជាអស់កម្លាំងខ្លាំង អញ្ចឹងនេះក៏ជាមូលហេតុដែលនាំឲ្យគាត់មករកពេទ្យ ។ មួយទៀតអ្នកជំងឺចុះស្គមដោយអត់ដឹងមូលហេតុ ជួនកាលទៅគាត់ស្លេកស្លាំងអស់កម្លាំងទៅៗ ។ មូលហេតុ ៣ ឬ ៤ នេះហើយ ដែលធ្វើឲ្យអ្នកជំងឺគាត់មកពេទ្យ ដែលជារោគសញ្ញាប្រកាសអាសន្នទៅហើយ ។ ប៉ុន្តែនៅពេលដែលចេញរោគសញ្ញាអញ្ចឹង គឺជាជំងឺមហារីកថ្លើម ដំណាក់កាលចុងក្រោយបំផុតហើយ ។ អ្នកជំងឺនៅរស់បានប្រហែលខ្ទង់ ៦ ខែទៅ ១០ ខែទៀត តែប៉ុណ្ណោះ។
គ្រូពេទ្យជំនាញបន្ថែមថា នៅពេលដែលវានៅមានទំហំ ១ សង់ទីម៉ែត្រ ឬ ២ សង់ទីម៉ែត្រ អ្នកជំងឺអត់មានរោគសញ្ញាអ្វីទាំងអស់។ អ្នកជំងឺ ជូនកាលគ្រាន់តែថា អ្នកជំងឺដេកអត់សូវលក់ រាងខ្សេះខ្សោះៗ អញ្ចឹងគាត់អត់បានគិតទៅជំងឺមហារីកថ្លើមទេ គាត់បែរជាគិតថា បែបមកពី ស្ត្រេសពេក ពិបាកចិត្ត ។ ហើយគ្រូពេទ្យជំងឺទូទៅ ក៏អត់ដឹងដែរ ។
លោកវេជ្ជបណ្ឌិត អ៊ាវ សុខា បន្តទៀតថា៖ «យើងអាចរកឃើញ ដោយសារយើងឲ្យធ្វើអេកូពោះដោយចៃដន្យ ។ ជួនកាលគាត់ឆ្អល់ៗពោះ ការរំលាយអាហារអត់បានល្អ ពេទ្យឲ្យធ្វើអេកូ មើលលំពែង មើលថ្លើម ។ ដល់ពេលមើលទៅយើងរកឃើញដោយចៃដន្យ។ ក្រៅពីនឹងដំណាក់កាលដំបូងៗ គឺដូចអ្នកជាធម្មតា គ្មានដឹងទេ» ៕
អត្ថបទនេះនាំជូនមកដោយក្រុមហ៊ុនធានារ៉ាប់រងជីវិត AIA
ចែករំលែកព័តមាននេះ