ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​សូ ស្រណោះ ជូន​យោបល់​ទៅ​គណៈ​កម្ម​ការ ដើម្បីជួយ​បេក្ខជន​កម្ពុជា​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ក្នុង​ដំណើរ​ត្រលប់​មក​ពី​ធ្វើ​គណៈកម្មការ​ការ​ប្រកួត​ព្យ៉ា​ណូ​នៅ​ប្រទេស​ថៃ កាលពី​ល្ងាច​ថ្ងៃ​ទី​២៥ កក្កដា ២០១៨ លោក​សូ ស្រណោះ ដែល​ត្រូវ​គេ​ស្គាល់​ថា​ ជា​បណ្ឌិត​ព្យ៉ា​ណូ​ល្បីឈ្មោះ​នៅ​កម្ពុជា…

រាជធានី​ភ្នំពេញ​ ៖​ ក្នុង​ដំណើរ​ត្រលប់​មក​ពី​ធ្វើ​គណៈកម្មការ​ការ​ប្រកួត​ព្យ៉ា​ណូ​នៅ​ប្រទេស​ថៃ កាលពី​ល្ងាច​ថ្ងៃ​ទី​២៥ កក្កដា ២០១៨ លោក​សូ ស្រណោះ ដែល​ត្រូវ​គេ​ស្គាល់​ថា​ ជា​បណ្ឌិត​ព្យ៉ា​ណូ​ល្បីឈ្មោះ​នៅ​កម្ពុជា បាន​ជោគជ័យ​ក្នុង​ការ​ស្នើ​សុំ​ឲ្យ​បេក្ខជន​កម្ពុជា​បាន​ចូលរួម​ប្រកួត​កម្មវិធី​នោះ​ដែរ ។

លោក​សូ ស្រណោះ បាន​ថ្លែង​បញ្ជាក់​ក្រោយ​ចុះ​ពីលើ​យន្តហោះ​ថា លោក​សប្បាយចិត្ត​យ៉ាង​ខ្លាំង​ដែល​លោក​បាន​តស៊ូ​មតិ​ជាមួយ​គណៈកម្មការ​ដើម្បី​ឲ្យ​ការ​រៀបចំ​ឆ្នាំ​ក្រោយ បេក្ខជន​កម្ពុជា​បាន​ចូលរួម​ប្រកួត​ផ្នែក​ព្យ៉ា​ណូ​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ​ដែរ ។ ជា​លទ្ធផល​គឺ​គណៈកម្មការ​បាន​ឯកភាព​យល់ព្រម ។

ការ​ប្រកួត​ដែល​លោក​សូ ស្រណោះ ចេញ​ទៅ​ធ្វើ​គណៈកម្មការ​នៅ​ប្រទេស​ថៃ​នោះ ជា​ការ​រៀបចំ​ដោយ​គណៈកម្មការ​ពី​ប្រទេស​ជប៉ុន ហើយ​បាន​អញ្ជើញ​គណៈកម្មការ​៦​ប្រទេស​ចូលរួម​ដោយ​មាន​រូប​លោក​ជា​តំណាង​របស់​កម្ពុជា​ផង​ដែរ ប៉ុន្តែ​សម្រាប់​បេក្ខជន​បេ​ក្ខ​នារី​គឺ​មាន​តែ​ជនជាតិ​ថៃ​ប៉ុណ្ណោះ ទើប​លោក​តស៊ូ​មតិ​អោយ​ព្រឹត្តិការណ៍​នោះ​រៀបចំ​ជា​លក្ខណៈ​អាស៊ាន ដើម្បី​ឲ្យ​កូន​ខ្មែរ​បាន​ចូលរួម​ប្រកួត​ផង ។

សំណើ​នៅ​ក្នុង​ពេល​នោះ គ្រាន់តែ​មាន​បំណង​ចង់​ជូន​ជា​យោបល់​ដើម្បី​ឲ្យ​គណៈកម្មការ​កែប្រែ​ទម្រង់ ហើយ​បើ​ការ​ប្រកួត​នោះ​ផ្លាស់​ឲ្យ​មានការ​ចូលរួម​ប្រកួត​ជា​ច្រើន​ប្រទេស​គឺ​ល្អ ដោយ​មិន​រំពឹង​ថា​គណៈកម្មការ​ទទួលយក​ឡើយ ។ លោក​សប្បាយចិត្ត​នៅ​ពេល​ក្រោយ​ការ​ពិភាក្សា ភាគី​ខាង​អ្នក​រៀបចំ​បាន​ទទួលយក​សំណើ​របស់​លោក ហើយ​បាន​ស្នើ​ឲ្យ​លោក​ត្រៀមខ្លួន​យក​សិស្ស​ដែល​មាន​ជំនាញ​ព្យ៉ា​ណូ​ទៅ​ប្រកួតប្រជែង ។

បើ​ទោះជា​ការ​ប្រកួត​ព្យ៉ា​ណូ​នៅ​ឆ្នាំ​ក្រោយ បន្ត​ធ្វើ​នៅ​ក្នុង​ប្រទេស​ថៃ ក៏​នឹង​ប្ដូរ​ពី​ការ​ប្រកួត​តែ​ជនជាតិ​ថៃ​សុទ្ធសាធ មក​ជា​ការ​ប្រកួត​ជា​លក្ខណៈ​អាស៊ាន​វិញ ដែល​ពេល​នោះ​លោក​នឹង​រៀបចំ​សិស្ស​ជំនាញ​ព្យ៉ា​ណូ​ឲ្យ​ចូល​បង្ហាញ​សមត្ថភាព ។

លោក​សូ ស្រណោះ បន្ត​ថា ផ្អែក​តាម​វិញ្ញាសា​ដែល​លោក​បានឃើញ​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ សមត្ថភាព​កូនសិស្ស​របស់​លោក​ដែល​បាន​ហ្វឹកហាត់​ច្រើន​ជាង​៣​ឆ្នាំ​យ៉ាង​ហោច​ណាស់​៦​នាក់​នឹង​មាន​លទ្ធភាព​គ្រប់គ្រាន់​ចូលរួម​ប្រកួតប្រជែង ដូច្នេះ​ទម្រាំ​ដល់​ឆ្នាំ​ក្រោយ លោក​ពិតជា​អាច​បណ្ដុះ​អ្នក​ខ្លាំង​រហូត​ដល់​១០​នាក់​ឲ្យ​ក្លាយជា​អ្នក​ចូល​ប្រកួត ។

លោក​សូ ស្រណោះ​ថា​«​អ្វី​ដែល​ខ្ញុំ​បាន​តស៊ូ​មតិ នឹង​ផ្ដល់​ឱកាស​ឲ្យ​កូន​ខ្មែរ​ដែល​មាន​ជំនាញ​ព្យ៉ា​ណូ​មានឱកាស​បង្ហាញ​សមត្ថភាព​លើ​ឆាក​អន្តរជាតិ ហើយ​ក៏​ជា​ការ​លើក​ទឹកចិត្ត​ឲ្យ​អ្នក​ឈោង​ឆាប់​អាជីព​មួយ​នេះ​កាន់តែ​មានមុខមាត់ និង​មានការ​ទទួលស្គាល់​កាន់តែ​ខ្លាំង​ផង​ដែរ ប្រសិនបើ​ការ​ប្រកួត​ទាំងមូល​អាច​ធ្វើ​ឲ្យ​កូន​ខ្មែរ​ណា​ម្នាក់​ដណ្ដើម​បាន​លេខ​១ ស្របគ្នា​ដែល​ជំនាញ​ព្យ៉ា​ណូ​នេះ កាន់តែ​មានកូន​ខ្មែរ​ច្រើន​ឡើង​ហាត់​រៀន»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ