ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​ជួប​គ្រោះ​មហន្ត​រាយ​អ្វី​ក៏ដោយ ក៏កសិ​ករ​លែង​បារម្ភ​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​កាត់​បន្ថយ​ការ​ខាតបង់​របស់​កសិករ​នៅ​តាម​ខេត្ត​សក្ដានុពល​លើ​ដំណាំ​ស្រូវ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ករណី​ជួប​គ្រោះ​មហន្តរាយ​ទឹកជំនន់ ឬ​គ្រោះ​រាំង​ស្ងួត មូលនិធិ​កិច្ច​សហប្រតិបត្តិការ​អា​ល្លឺ​ម៉​ង់ (GIZ) បាន​សហការ​ជាមួយ​គ្រឹះស្ថាន​ធានា​រ៉ាប់រង​ក្នុងស្រុក ដើម្បី​ធានា​ហានិភ័យ​ដល់​ប្រជា​កសិករ ។…

រាជធានី​ភ្នំពេញ ៖ ដើម្បី​កាត់​បន្ថយ​ការ​ខាតបង់​របស់​កសិករ​នៅ​តាម​ខេត្ត​សក្ដានុពល​លើ​ដំណាំ​ស្រូវ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ករណី​ជួប​គ្រោះ​មហន្តរាយ​ទឹកជំនន់ ឬ​គ្រោះ​រាំង​ស្ងួត មូលនិធិ​កិច្ច​សហប្រតិបត្តិការ​អា​ល្លឺ​ម៉​ង់ (GIZ) បាន​សហការ​ជាមួយ​គ្រឹះស្ថាន​ធានា​រ៉ាប់រង​ក្នុងស្រុក ដើម្បី​ធានា​ហានិភ័យ​ដល់​ប្រជា​កសិករ ។

តាម​សេចក្តី​ប្រកាស​របស់ GIZ បាន​ឲ្យ​ដឹង​ថា មូលនិធិ​នេះ​នឹង​បណ្ដុះបណ្ដាល និង​ផ្សព្វ​ផ្សាយ​ដល់​កសិករ​ជា​គ្រូ​បង្គោល​ជា​ជំហាន​ដំបូង ដើម្បី​ឲ្យ​ពួក​គេ​ផ្សព្វផ្សាយ និង​បណ្ដុះ​បណ្ដាល​បន្ត​ដល់​កសិករ​ដទៃ​ទៀត​ក្នុង​មូលដ្ឋាន និង​ខេត្ត ដែល​មូលនិធិ​កំពុង​ធ្វើ​ប្រតិ​បត្តិការ ។

បើ​តាម​លោក​បណ្ឌិត Gunter W. Riethmacher នាយក​គ្រប់គ្រង​មូលនិធិ GIZ ប្រចាំ​ប្រទេស​កម្ពុជា បាន​ឲ្យ​ដឹង​ថា ក្នុង​ជំហាន​ដំបូង​របស់​ខ្លួន​លើ​កិច្ចសហការ​លើក​ស្ទួយ​វិស័យ​កសិកម្ម​កម្ពុជា​, GIZ​នឹង​ណែនាំ​ទៅ​កសិករ​បង្គោល​ដែល​មានចំណេះ​ដឹង​ខ្ពស់​ជាងគេ​មក​ទទួលយក​នូវ​អ្វី​ដែល GIZ នឹង​ផ្ដល់​ជូន​កសិករ ។ លោក​ថា ៖« ដំបូង យើង​ធ្វើការ​ជាមួយ​កសិករ​តែ​ប៉ុន្មាន​ខេត្ត​ប៉ុណ្ណោះ ដើម្បី​ឲ្យ​ពួក​គេ​បាន​ទទួល​សេវា​ធានា​រ៉ាប់រង​លើ​ដំណាំ​កសិកម្ម ដែល​ជា​ខេត្ត​សក្ដានុពល​លើ​វិស័យ​កសិកម្ម ជា​ពិសេស ដំណាំ​ស្រូវ និង​ជា​ការ​សាកល្បង​លើ​កិច្ចសហការ​នេះ​ផង​ដែរ » ។

លោក នី លី​ហួង អ្នកគ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ហ្វ​ត​តេ ដែល​បាន​សហការ​ជាមួយ​GIZ បាន​ឲ្យ​ដឹង​ថា ការ​ផ្ដល់​សេវាកម្ម​ធានា​រ៉ាប់រង​លើ​ដំណាំ​ស្រូវ និង​ដំណាំ​កសិ​កម្ម​ដទៃ​ទៀត បាន​ធ្វើ​ប្រមាណ​៤-៥​ឆ្នាំ​មក​ហើយ តាំងពី​ឆ្នាំ​២០១៤​មក​ម្ល៉េះ ក៏​ប៉ុន្តែ​សម្រាប់​​ឆ្នាំ​នេះ វា​ជា​មធ្យោបាយ​ថ្មី ហើយ​ក៏​មិន​ទាន់​ដឹង​ថា វា​នឹង​ទៅ​ជា​យ៉ាងណា​ដែរ ដោយសារ​ការ​ធានា​រ៉ាប់រង​លើ​ដំណាំ​កសិកម្ម​មាន​ភាព​ស្មុគស្មាញ​បន្តិច ជាង​ការ​ធានា​រ៉ាប់រង​ផ្សេង​ៗ ។

លោក​បន្ត​ថា ចាប់តាំងពី​បាន​ធ្វើ​សហការ​ជាមួយ​GIZ​រហូត​មក​ដល់​ពេល​នេះ កសិករ​ដែល​​បាន​ទិញ​សេវា​ធានា​រ៉ាប់រង​ពី​ហ្វ​ត​តេ មាន​ចំនួន​ប្រមាណ​១០០​នាក់ ទៅ​លើ​ការ​ធានា​​ដំណាំ​ស្រូវ​នៅ​ក្នុង​រដូវវស្សា ។ លោក​ថា ៖« ចំនួន​នេះ​មាន​តិចតួច​នៅឡើយ ព្រោះ​វា​ជា​កញ្ចប់​សេវា​ថ្មី​របស់​ខ្លួន ហើយ​ប្រជា​កសិករ ក៏​មិន​ទាន់​បាន​យល់​ដឹង​ជ្រៅជ្រះ​ប៉ុន្មាន​ទេ ។ ដូចនេះ ទាមទារ​ឲ្យ​មានការ​បណ្ដុះបណ្ដាល និង​ពន្យល់​បន្ថែម​ពី​ការ​ធានា​រ៉ាប់រង​ទៅ​លើ​ដំណាំ​របស់​ពលរដ្ឋ » ។

លោក​បាន​ពន្យល់​ថា ការ​ទិញ​កញ្ចប់​សេវា​ធានា​រ៉ាប់រង​លើ​ដំណាំ គឺ​ត្រូវ​បាន​គិត​ជា​ហិកតា​។ ជាក់ស្ដែង ក្នុង​១​ហិ​កតា យើង​ត្រូវ​សង​ត្រឡប់​ទៅ​វិញ​នូវ​អ្វី​ដែល​គាត់​បាន​ខាតបង់​។ ឧទាហរណ៍ ក្នុង​១​ហិ​កតា គាត់​ចំណាយ​៣៤០​ដុល្លារ​អា​មេ​រិ​ក​នោះ សំណង​ដែល​ក្រុមហ៊ុន​នឹង​ត្រូវ​សង​ទៅ​គាត់​វិញ គឺ​ចំនួន​៣៤០​ដុល្លារ​អា​មេ​រិ​ក​ដូច​គ្នា តែ​ការ​ទិញ​កញ្ចប់​របស់​គាត់ គឺ​ត្រឹមតែ​២៥​ដុល្លារ​ទៅ​៣០​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ​ក្នុង​១​ហិ​កតា ។

លោក​បន្ថែម​ថា ការ​ធានា​រ៉ាប់រង​លើ​ដំណាំ​នេះ គឺ​ធានា​តែ​ទៅ​លើ​គ្រោះ​ទឹកជំនន់ និង​រាំង​ស្ងួត​​ប៉ុណ្ណោះ ហើយ​សម្រាប់​ឆ្នាំ​នេះ​ដែរ ក្រុមហ៊ុន​ហ្វ​ត​តេ ក៏​បាន​ត្រៀម​ទុន​សម្រាប់​ផ្ដល់​សំណង​ដល់​កសិករ​ដែរ ព្រោះ​ការ​ព្យាករ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ថា នៅ​ឆ្នាំ​នេះ កម្ពុជា​នឹង​រង​គ្រោះ​ទឹកជំនន់​ធ្ងន់ ដូចនេះ​ហើយ​ដំណាំ​របស់​កសិករ​មួយ​ចំនួន​អាច​នឹង​ទទួល​រង​ការ​ខូចខាត ហើយ​ការ​សង​ត្រឡប់​ទៅ​កសិករ​នឹង​ច្រើន​ជាង​ឆ្នាំ​មុន​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ