ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​មក​ស្ដាប់​កីឡាករ​ល្បីឈ្មោះ​​និយាយ​ពី World Cup តិច​មើល៍

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ ការប្រកួត​ដ៏​ស្វិតស្វាញ​រវាង​ក្រុមបាល់ទាត់​ជម្រើស​ជាតិ​​ទាំង​៣២​ប្រទេស​នៅ​ក្នុង​ព្រឹត្តិការណ៍ World Cup​នៅ​ប្រទេស​រុ​ស្ស៊ី​កាន់តែ​ដំណើរ​ការ​​ទៅ​​មុខ ដោយ​ក្រុមបាល់ទាត់​ប្រទេស​ខ្លះ ក៏​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ពេញចិត្ត​តាម​រយៈ​ការ​យក​ឈ្នះ​គូប្រកួត ឯ​ក្រុមបាល់ទាត់​ខ្លះ​ទៀត​ជា​ពិសេស​ក្រុម​ខ្លាំង​ៗ​តែ​ម្ដង ក៏​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ខក​ចិត្ត​មិន​ស្ទើរ​ដែរ​ដោយសារ​តែ​ទទួល​បរាជ័យ​ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ​ឈាន​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ…

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ ការប្រកួត​ដ៏​ស្វិតស្វាញ​រវាង​ក្រុមបាល់ទាត់​ជម្រើស​ជាតិ​​ទាំង​៣២​ប្រទេស​នៅ​ក្នុង​ព្រឹត្តិការណ៍ World Cup​នៅ​ប្រទេស​រុ​ស្ស៊ី​កាន់តែ​ដំណើរ​ការ​​ទៅ​​មុខ ដោយ​ក្រុមបាល់ទាត់​ប្រទេស​ខ្លះ ក៏​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ពេញចិត្ត​តាម​រយៈ​ការ​យក​ឈ្នះ​គូប្រកួត ឯ​ក្រុមបាល់ទាត់​ខ្លះ​ទៀត​ជា​ពិសេស​ក្រុម​ខ្លាំង​ៗ​តែ​ម្ដង ក៏​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ខក​ចិត្ត​មិន​ស្ទើរ​ដែរ​ដោយសារ​តែ​ទទួល​បរាជ័យ​ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ​ឈាន​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ។ ជាមួយនឹង​ព្រឹត្តិ​ការណ៍​កីឡា​ដ៏​ធំ​លំដាប់ថ្នាក់​ពិភពលោក​ប្រចាំ​ឆ្នាំ​២០១៨​​នេះ កីឡាករ​ល្បីឈ្មោះ​៤​រូប​ដែល​ស្ថិត​ក្នុង​ជំនាញ​ផ្សេង​គ្នា​បាន​បង្ហាញ​ពី​ការ​ចាប់
អារម្មណ៍​របស់​ខ្លួន​ចំពោះ​ព្រឹត្តិការណ៍​មួយ​នេះ​ផង​ដែរ​។ជាក់ស្ដែង​កីឡាករ គួ​ច សុ​កុម្ភៈ ខ្សែបម្រើ​ល្បីឈ្មោះ​ប្រចាំ​ក្លិប​បាល់ទាត់​ណា​ហ្គា​វើ​ល បាន​អះអាង​ថា លោក​ចាប់​អារម្មណ៍​​ចំពោះ​ការ​ប្រកួត​គ្រប់​គូ​នៅ​ក្នុង​ព្រឹត្តិការណ៍​World Cup ដោយ​គូប្រកួត​ភាគ​ច្រើន​លោក​បាន​ចំណាយពេល​ទស្សនា​មិនសូវ​ខកខាន​នោះ​ផង ។ លោក​ពិត​ជា​​ចូល​ចិត្តការ​ប្រកួត​បែប​នេះ​បំផុត ដោយសារ​តែ​អាច​ដកស្រង់​បច្ចេកទេស​ពី​កីឡាករ​ល្អ​ៗ​បាន​កាន់តែ​ប្រសើរ​នៅ​ពេល​ហ្វឹកហាត់ និង​ចុះ​ប្រកួត​ដោយ​ផ្ទាល់ ។ លោក​ថា ការ​ប្រកួត World Cup តាំងពី​បើក​ឆាក​ដំបូង​មក​ទល់​ពេល​នេះ លោក​បាន​ទស្សនា​គូ​ប្រកួត​ភាគ​ច្រើន បើ​ទោះជា​គូប្រកួត​ខ្លះ​លោក​មិន​បាន​ចំណាយពេល​ទស្សនា ព្រោះតែ​យប់​ជ្រៅ​ពេក តែ​លោក​ក៏​បាន​តាមដាន​លទ្ធផល​មិនសូវ​ខាន​នោះ​ដែរ ។ ក្នុង​ចំណោម​ក្រុម​​បាល់​ទាត់​ទាំងអស់ លោក​ស្រឡាញ់​ពេញ​ចិត្ត​ជាងគេ គឺ​ក្រុម​អេ​ស្ប៉ា​ញ ដោយ​លោក​រំពឹង​ថា ក្រុម​មួយ​នេះ នឹង​អាច​ឈាន​ចូល​ដល់​វគ្គ​កៀក​នឹង​ផ្ដាច់ព្រ័ត្រ​យ៉ាង​ហោច​ផង ។ លោក​ថា បើ​ទោះជា​ក្រុម​ទាំង​៣២ សុទ្ធតែ​មាន​សមត្ថភាព​ពិបាក​ប៉ាន់ស្មាន​លទ្ធផល​នៅ​ពេល​ប៉ះ​គ្នា តែ​លោក​នៅ​តែ​ជឿជាក់​លើ​ក្រុម​អេ​ស្ប៉ា​ញ ដោយសារ​តែ​លោក​យល់​ថា ក្រុម​​មួយ​នេះ​មាន​កីឡាករ​ល្អ​ៗ និង​មាន​ថ្វី​ជើងល្អ​ស្រុះគ្នា​។ រីឯ​កីឡាករ​ប្រដាល់​ល្បីឈ្មោះ ឡុ​ង សុ​ភី ក៏​បាន​ប្រកាស​ថា មានការ​ចាប់អារម្មណ៍​ចំពោះ​ការ​ប្រកួត​បាល់ទាត់​នៅ​ក្នុង​ព្រឹត្តិការណ៍ World Cup ដូច​គ្នា​ផង​ដែរ បើ​ទោះជា​លោក​មិន​សូវ​ងប់ងុល​នឹង​កីឡាបាល់ទាត់​ក៏​លោក​ចាប់អារម្មណ៍​ចំពោះ​ការ​ប្រកួត​លំដាប់ថ្នាក់​ពិភព​លោក​នេះ​ដែរ ។ លោក​ថា ខ្លួន​មិនសូវ​ចូល​ចិត្តការ​ប្រកួត​បាល់ទាត់​នោះ​ទេ ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍ World Cup គឺ​លោក​តាមដាន ជា​ពិសេស​គឺ​ការ​ប្រកួត​របស់​​ក្រុម​ប្រេ​ស៊ី​ល​ដែល​លោក​ស្រឡាញ់​ពេញចិត្ត​បំផុត ។ លោក​ថា ក្រុមប្រេ​ស៊ី​ល នឹង​មានឱកាស​ឈាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ថ្វី​ដ្បិតតែ​ការ​ប្រកួត​បើក​ឆាក​របស់​ក្រុម​មួយ​នេះ​រក​មិន​បាន​៣​ពិន្ទុ​តាម​ការ​ចង់បាន​របស់​អ្នកគាំទ្រ​ក្ដី ។ លោក​ថា ប្រេ​ស៊ី​ល​ជា​ក្រុម​ដែល​​លោក​ចូល​ចិត្ត​មើល​ការ​ប្រកួត​នៅ​ពេល​ប៉ះ​ជាមួយ​ក្រុម​ផ្សេង​ៗ ហើយ​ថ្វី​ដ្បិតតែ​លោក​មិនសូវ​មាន​ពេល​ទស្សនាការ​ប្រកួត​ដែល​ធ្វើ​នៅ​ពាក់កណ្ដាល​អធ្រាត្រ ក៏​លោក​នឹង​ឆ្លៀតពេល​តាមដាន​ការ​ប្រកួត​របស់​ក្រុម​នេះ​ឱ្យ​បាន​ជាប់​លាប់​ក្នុង​ពេល​ខាង​មុខ​។ សម្រាប់​លោក ឈាវ បូ​រ៉ា ដែល​គេ​ស្គាល់​ថា​ជា​កីឡាករ​ល្បីឈ្មោះ​ខាង​ផ្នែក​អុកចត្រង្គ​ឯ​ណេះ​វិញ ក៏​តាមដាន​ព្រឹត្តិការណ៍ World Cup មិន​អន់​ជាង​កីឡាករ​បាល់ទាត់​អាជីព​ផង​ដែរ ដោយ​លោក​ប្រាប់​ថា ស្ទើរ​មិន​មាន​គូប្រកួត​ណាមួយ​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​នេះ​ដែល​​លោក​មិន​បាន​ទស្សនា​នោះ​ទេ​ដោយសារ​តែ​ចង់​ដឹង​ថា ក្រុម​ណា​លេង​ល្អ​ខ្លាំង​នៅ​ពេល​ប៉ះ​គ្នា ។ យ៉ាង​ណា​មិ​ញ ក្រុម​ដែល​ធ្វើ​ឱ្យ​លោក​ចាប់អារម្មណ៍​ជាងគេ គឺ​ក្រុម​អេ​ស្ប៉ាញ និង​ប្រេ​ស៊ី​ល ដោយ​លោក​រំពឹង​ថា ក្នុង​ចំណោម​ក្រុម​ទាំង​ពីរ​យ៉ាង​ហោច​ក៏​មាន​មួយ​ក្រុម​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ទៀត​ផង​ដោយសារ​តែ​ក្រុម​ទាំង​ពីរ​សំបូរ​កីឡាករ​ល្អ និង​មាន​ថ្វី​ជើង​ខ្លាំង ដែល​មើលទៅ​អាច​ឈាន​ដល់​វគ្គ​សំខាន់​របស់ World Cup បាន​។
លោក​បញ្ជាក់​ថា ទោះជា​ត្រូវ​ក្រោក​មើល​បាល់​ទាត់​កណ្ដាល​យប់ ក៏​មិន​បាន​ប៉ះពាល់​ការងារ​ប្រចាំ​ថ្ងៃ​ដែរ ដោយ​គ្រាន់តែ​ការ​ប្រកួត​ខ្លះ​លោក​សម្រេចចិត្ត​មិន​ទស្សនា​ផ្ទាល់​ដោយ​រង់ចាំ​អ៊ុត​លទ្ធ​ផល​នៅ​ពេល​ព្រឹក ដើម្បី​កុំឱ្យ​ខកខាន​ការងារ​។ ដោយឡែក​លោក សុខ សុ​ភ័ក្ត្រ ដែល​គេ​ស្គាល់​ថា ជា​កីឡាករ​ល្បីឈ្មោះ​ផ្នែក​កាយ​វប្បកម្ម​វិញ​ក៏​បាន​ប្រកាស​ឱ្យ​ដឹង​ពី​ការ​ចាប់​អារម្មណ៍​World Cup​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី​ផង​ដែរ ។ លោក​បញ្ជាក់​ថា ទោះបីជា​លោក​រវល់​ច្រើន តែ​លោក​ក៏​បាន​ចំណាយពេល​មើល​បាន​ច្រើន​គូ​តាំងពី​ព្រឹត្តិការណ៍​មួយ​នេះ​បង្ហាញខ្លួន​។ លោក​ពេញចិត្ត​ក្រុម​ប្រេ​ស៊ី​ល​ជាង​គេ ដោយ​លោក​រំពឹង​ថា ក្រុម​នេះ​នឹង​ចូល​ដល់​វគ្គ​ដណ្ដើម​ពាន បើ​ទោះជា​ក្នុង​ចំណោម​ក្រុម​ទាំង​៣២ ដែល​កាលពីមុន​មិនសូវ​លេង​បាន​ល្អ ក៏​ប្រកួត​បាន​ល្អ ។ យ៉ាងណាមិញ​លោក​ថា បើ​ទោះជា​ក្រុម​ប្រេ​ស៊ី​ល​មានការ​ប្រែប្រួល​លទ្ធផល​ខុស​ពី​ការ​ចង់បាន ក៏​លោក​តាមដាន​ព្រឹត្តិការណ៍​មួយ​នេះ​រហូត​ដល់​ចប់​ផង​ដែរ ដើម្បី​ចង់​ដឹង​ថា ក្រុម​ណា​បាន​ឈ្នះ​កាន់​ពាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ