ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​មួយទៀត​នឹង​លេច​រូបរាង​នៅ​ស្រុក​ព្រៃ​នប់

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​មួយទៀត នឹង​លេច​រូបរាង​ឡើង​នា​ពេល​ឆាប់​ៗ​ក្នុង​ទឹកដី​ខេត្ត​ដែល​កំពុង​មាន​សក្ដានុពល​សេដ្ឋកិច្ច​នា​ភាគ​និរតី​ប្រទេស ស្ថិត​នៅ​ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ដែល​លាតសន្ធឹង​លើ​ផ្ទៃដី​ទំហំ​ប្រមាណ​១២៨​ហិ​កតា ។ នេះ​បើ​យោង​តាម​កិច្ចប្រជុំ​ពិភាក្សា​មួយ​ដែល​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៦ មិថុនា…

ខេត្ត​ព្រះ​សីហ​នុ ៖ តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​មួយទៀត នឹង​លេច​រូបរាង​ឡើង​នា​ពេល​ឆាប់​ៗ​ក្នុង​ទឹកដី​ខេត្ត​ដែល​កំពុង​មាន​សក្ដានុពល​សេដ្ឋកិច្ច​នា​ភាគ​និរតី​ប្រទេស ស្ថិត​នៅ​ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ដែល​លាតសន្ធឹង​លើ​ផ្ទៃដី​ទំហំ​ប្រមាណ​១២៨​ហិ​កតា ។ នេះ​បើ​យោង​តាម​កិច្ចប្រជុំ​ពិភាក្សា​មួយ​ដែល​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៦ មិថុនា ស្ដី​ពី​គម្រោង​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស ។

កិច្ចប្រជុំ​ពិភាក្សា​នេះ មានការ​ចូលរួម​ពី​តំណាង​ក្រុមហ៊ុន​វិនិយោគ​មក​ពី​វិស័យ​ឯកជន និង​ក្រុមការងារ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដោយ​មាន​សមាសភាព​ចូលរួម​ពី​ថ្នាក់​ខេត្ត ស្រុក និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន ក្នុង​គោលបំណង​ពិភាក្សា​ធ្វើ​យ៉ាងណា បញ្ចៀស​ពី​ផល​ប៉ះពាល់​នានា​ដែល​អាច​កើត​មាន​ឡើង​ពី​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​នេះ មុន​នឹង​ឈាន​ទៅ​សម្រេច​អនុវត្ត​គម្រោង​នា​ពេល​ខាង​មុខ ។

លោក​ជំទាវ​ឧកញ៉ា លឹ​ម ឈាវ​ហួ ប្រធាន​ក្រុមប្រឹក្សាភិបាល​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ដែល​បាន​អញ្ជើញ​ចូលរួម បាន​លើក​ឡើង​ថា កិច្ច​ពិភាក្សា​នេះ ក្នុង​គោលបំណង​ឈ្វេងយល់​ពី​ផល​ប៉ះពាល់​នានា​ដែល​អាច​កើត​មាន​ពី​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ និង​មាន​យន្ដការ​ដោះស្រាយ ដើម្បី​ធានា​មិន​ឲ្យ​មាន​បញ្ហា​ថ្នាំងថ្នាក់​ណាមួយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នេះ ។

លោក​ជំទាវ​ថ្លែង​ថា ៖« ពាក់ព័ន្ធ​នឹង​គម្រោង​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស​នោះ យើង​ធានា​មិន​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​ទេ ហើយ​យើង​នឹង​អភិវឌ្ឍន៍​តំបន់​នេះ ក៏​ដូច​ជា​ក្រុងព្រះសីហនុ​ទាំងមូល​ឲ្យ​ដូចនឹង​ទីក្រុង​ស៊ិ​ន​ជិន​របស់​ប្រទេស​ចិន​ដូច្នោះ​ដែរ » ។

លោក សរ កក្កដា អភិបាលស្រុក​ព្រៃ​នប់​បាន​ឲ្យ​ដឹង​ដែរ​ថា គម្រោង​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ មា​នទី​តាំងនៅ​ជាប់​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុង​ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ លាតសន្ធឹង​លើ​ផ្ទៃដី​សរុប​ចំនួន​១២៨​ហិ​កតា ដែល​ក្លាយជា​គោលដៅ​បង្កើត​សកម្មភាព​សេដ្ឋកិច្ច​ថ្មី​មួយទៀត​នៅ​ក្នុងស្រុក ក៏​ដូច​ជា​ខេត្ត​ព្រះ​សីហ​នុ​ទាំងមូល ដែល​នឹង​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ បង្កើត​ការងារ និង​ប្រាក់​ចំណូល​ជូន​ប្រជាពលរដ្ឋ​កម្ពុជា ។
លោក​អភិបាលស្រុក​បញ្ជាក់​ថា ៖« តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​នេះ អាច​ស្រូប​យក​កម្មករ​-​កម្មការិនី​រាប់​ពាន់ ឬ​ឈាន​ដល់​រាប់​ម៉ឺន​នាក់​មក​បម្រើ​ការងារ​នៅ​ទី​នេះ » ។

លោក​បន្ថែម​ថា ៖« នេះ​ជា​គម្រោង​សាងសង់​តំបន់​សេដ្ឋកិច្ច​ថ្មី​មួយទៀត​សម្រាប់​ស្រុក​ព្រៃ​នប់ ស្រប​ពេល​បច្ចុប្បន្ន ក្នុងស្រុក​នេះ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​នៅ​ឃុំ​បិត​ត្រាំ​ង ដែល​មាន​រោងចក្រ​ចំនួន​ជាង​១០០ និង​មាន​កម្មករ​-​កម្មការិនី​សរុប​ជាង​២​ម៉ឺន​នាក់​កំពុង​បម្រើ​ការងារ​ដោយ​ផ្ទាល់ និង​បង្កើត​ការងារ​ជា​ច្រើន​ទៀត​ដល់​ប្រជាពលរដ្ឋ​ដើម្បី​បង្កើន​ប្រាក់​ចំណូល ។ ចំណែក​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​នេះ មាន​ចម្ងាយ​ពី​គ្នា​ប្រមាណ​តែ​៥០​គីឡូម៉ែត្រ​ប៉ុណ្ណោះ » ។

លោក​អភិបាលស្រុក​បន្ត​ថា អាជ្ញាធរ​ស្រុក​ព្រៃ​នប់​សូម​ស្វាគមន៍ និង​គាំទ្រ​ចំពោះ​ការ​កសាង​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​មួយ​នេះ ដែល​បង្ហាញ​ពី​ការ​អភិវឌ្ឍ​នៅ​ក្នុងស្រុក ក្នុង​ការ​បម្រើ​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ ក្រោម​ដំបូល​សន្តិភាព និង​ស្រប​តាម​ទិស​ដៅ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្រៅពី​តំបន់​សេដ្ឋកិច្ច​ពិសេស​បិត​ត្រាំ​ង ក៏​មាន​រោងចក្រ​មួយ​ចំនួន​ទៀត​ដែល​កំពុង​ដំណើរការ​នៅ​ស្រុក​ព្រៃ​នប់​នេះ ដូច​ជា រោងចក្រ​ម៉ែ​ន​អ៊ូ មា​នទី​តាំងនៅ​ក្នុង​ឃុំ​អណ្តូង​ថ្ម ដែល​បច្ចុប្បន្ន មាន​កម្មករ​-​កម្មការិនី​ជិត​២០០​នាក់​បាន​និង​កំពុង​បម្រើ​ការងារ ខណៈ​រោងចក្រ​បារី​ថ្មី​មួយទៀត​មា​នទី​តាំងនៅ​ក្បែរ​នោះ ក៏​ត្រៀម​នឹង​ដំណើរការ​ឆាប់​ៗ​នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ