ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​អង់គ្លេស សម្រេច​បាន​កំណើន​ល្អ​ប្រសើរ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​អង់គ្លេស សម្រេច​បាន​កំណើន​ល្អ​ប្រសើរ ដោយ​ការ​នាំ​ចេញពី​កម្ពុជា​ទៅ​កាន់​ប្រទេស​អង់គ្លេស កើនឡើង​៥%​កាលពី​ឆ្នាំ​២០១៧ ធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៦​កន្លង​មកនេះ ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អង់គ្លេស​នៅ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​អង់គ្លេស សម្រេច​បាន​កំណើន​ល្អ​ប្រសើរ ដោយ​ការ​នាំ​ចេញពី​កម្ពុជា​ទៅ​កាន់​ប្រទេស​អង់គ្លេស កើនឡើង​៥%​កាលពី​ឆ្នាំ​២០១៧ ធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៦​កន្លង​មកនេះ ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អង់គ្លេស​នៅ​កម្ពុជា ។

សេចក្តី​ប្រកាស​ដដែល ដែល​កោះសន្តិភាព​ទើប​ទទួល​បាន​នា​ព្រឹក​ថ្ងៃ​ទី​១៥ ឧសភា ម្សិលមិញ បាន​ឲ្យ​ដឹង​ថា ទំហំ​នៃ​ការ​នាំ​ចេញ​កាលពី​ឆ្នាំ​២០១៧​កន្លង​ទៅ មាន​ទឹកប្រាក់​ស្មើនឹង​១,១៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​អង់គ្លេស​នាំ​ចូល​មក​កម្ពុជា​វិញ មាន​កំណើន​រហូត​ដល់​១១២% ស្មើនឹង​ទំហំ​ទឹកប្រាក់​ជិត​៥០​លាន​ដុល្លារ​អា​មេ​រិ​ក ។ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​អង់គ្លេស កាន់តែ​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។ សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់​ទៀត​ថា ប្រទេស​អង់គ្លេស​ជាទី​ផ្សារ​ធំ​ជាងគេ​ទី​៤ សម្រាប់​ការ​នាំ​ចេញ​របស់​កម្ពុជា បន្ទាប់​ពី​សហភាព​អឺរ៉ុប អា​មេ​រិ​ក និង​បណ្តា​ប្រទេស​ស្ថិត​ក្នុង​តំបន់​អាស៊ាន ។

ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា ដោយឡែក សម្រាប់​ការ​វិនិយោគ​វិញ អង់គ្លេស​ជា​ប្រទេស​វិនិយោគ​ធំ​ជាងគេ​ទី​៦​នៅ​កម្ពុជា បន្ទាប់​ពី​ប្រទេស​ចិន សិង្ហ​បុរី កូរ៉េ ហុងកុង និង​វៀតណាម ដែល​មាន​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ​ជាង​៤៩​លាន​ដុល្លារ​អា​មេ​រិ​ក ។
លោក Bill Longhurst ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា បាន​អះអាង​ថា អ្នក​វិនិយោគិន​របស់​អង់គ្លេស​នឹង​មក​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ច្រើន ដោយសារ​តែ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ស្ថិត​នៅ​កម្រិត​ខ្ពស់ និង​កម្លាំង​ពលកម្ម​វ័យក្មេង​របស់​កម្ពុជា​កាន់តែ​ច្រើន​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក​ឧកញ៉ា លឹ​ម ហេង បាន​ថ្លែង​ថា លោក​ធ្លាប់​ដឹកនាំ​ប្រតិភូ​សភាពាណិជ្ជកម្ម​កម្ពុជា ទៅ​ទស្សនកិច្ច និង​ផ្សព្វផ្សាយ​សក្តានុពល​នៃ​ការ​វិនិយោគ​នៅ​កម្ពុជា​ទៅ​កាន់​អ្នក​វិនិយោគ​អង់គ្លេស និង​នៅ​ប្រទេស​បារាំង ជា​លទ្ធផល អ្នក​វិនិយោគ​អង់គ្លេស​ជា​ច្រើន​បាន​មក​វិនិយោគ​នៅ​កម្ពុជា ដែល​ការ​វិនិយោគ​របស់​អង់គ្លេស​នៅ​កម្ពុជា មាន​លើ​វិស័យ​វាយនភ័ណ្ឌ​កាត់ដេរ និង​ស្បែកជើង សំណង់ ធានា​រ៉ាប់រង ជាដើម ។

លោក​បន្ត​ថា ៖« ជាមួយនឹង​កំណើន​នៃ​ការ​វិនិយោគ​នេះ ការ​នាំ​ចេញ​ទៅ​អង់គ្លេស​បាន​កើនឡើង ដែល​ភាគច្រើន​ជា​ទំនិញ​វាយនភ័ណ្ឌ សម្លៀក​បំពាក់ កាបូប និង​ស្បែកជើង » ។

លោក​ឧកញ៉ា លឹ​ម ហេង បាន​បន្ត​ថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ចំនួន​ក្រុមហ៊ុន​ជប៉ុន​ក៏​ចូល​មក​កម្ពុជា​ច្រើន​ផង​ដែរ នេះ​ជា​សារសំខាន់​ណាស់​សម្រាប់​កម្ពុជា ដែល​អាច​ទាក់ទាញ​ក្រុមហ៊ុន​ពី​អង់គ្លេស អា​មេ​រិ​ក និង​អឺរ៉ុប​មក​វិនិយោគ​នៅ​កម្ពុជា ព្រោះ​ក្រុមហ៊ុន​ជប៉ុន​មិន​ងាយ​ចូល​មក​ប្រទេស​ណា​នោះ​ទេ ដូច្នេះ ពេល​ពួក​គេ​ចូល​មក​វិនិយោគ​នៅ​កម្ពុជា មាន​ន័យ​ថា បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​មាន​ភាពល្អ​ប្រសើរ ទើប​អ្នក​វិនិយោគ​ជប៉ុន​ចូល​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ