ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឃួ​ង ស្រេង​ ៖ សន្ដិភាពជាង​២០ឆ្នាំ នាំ​ឱ្យ​ភ្នំពេញ​ក្លាយជា​ប៉ូ​ល​សេដ្ឋកិច្ច​ដ៏​សំខាន់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អភិបាល​រាជធានី​ភ្នំពេញ​លើក​ឡើង​ថា បន្ទាប់​ពី​កម្ពុជា​មាន​សន្តិភាព​ជាង​២០​ឆ្នាំ​កន្លង​មកនេះ បាន​ធ្វើ​ឱ្យ​ទីក្រុង​ភ្នំពេញ​មានការ​អភិវឌ្ឍ​ប្រែ​មុខមាត់ និង​ក្លាយជា​ប៉ូ​ល​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​កម្ពុជា ។ លោក ឃួ​ង ស្រេង…

រាជធានី​ភ្នំពេញ ៖ អភិបាល​រាជធានី​ភ្នំពេញ​លើក​ឡើង​ថា បន្ទាប់​ពី​កម្ពុជា​មាន​សន្តិភាព​ជាង​២០​ឆ្នាំ​កន្លង​មកនេះ បាន​ធ្វើ​ឱ្យ​ទីក្រុង​ភ្នំពេញ​មានការ​អភិវឌ្ឍ​ប្រែ​មុខមាត់ និង​ក្លាយជា​ប៉ូ​ល​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​កម្ពុជា ។
លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​ដាំ​កូន​ឈើ​ចំនួន​១,២​ម៉ឺន​ដើម​នៅ​ផ្សារ​ទំនើប​អុ​ី​អន​ទី​២ កាលពី​ថ្ងៃ​ទី​៧ មេ​សា កន្លង​មក ។

លោក​បន្ដ​ថា ចាប់ពី​ថ្ងៃ​ទី​៧ មក​រា ឆ្នាំ​១៩៧៩​មក រាជធានី​ភ្នំពេញ​បាន​អភិវឌ្ឍន៍ និង​ប្រែ​មុខមាត់​ជា​បន្តបន្ទាប់ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ប្រកបដោយ​ភាព​ទាក់ទាញ និង​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ រហូត​ដល់ទី​ក្រុង​មួយ​នេះ​កា្ល​យ​ជា​ប៉ូ​ល​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​ប្រទេស​កម្ពុជា​។ លោក​ថា ៖« ក្រោម​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ បាន​ដាក់​ចេញ​នូវ​គោលនយោបាយ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ឆ្លើយ​តប​ទៅ​នឹង​សកម្មភាព និង​តម្រូវការ​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ​» ។

លោក​អភិបាល​លើក​ឡើង​ថា ៖«​ប្រទេស​កម្ពុជា​យើង​បាន​ឆ្លងកាត់​ដំណាក់កាល​ជូរ​ចត់​មួយ​ក្នុង​របប​ប្រល័យពូជសាសន៍ ហើយ​នៅ​ថ្ងៃ​រំដោះ​៧ មក​រា ប្រជាជន​យើង​ត្រូវ​បាន​រំដោះ​ឱ្យ​រស់រាន​មានជីវិត​ឡើង​វិញ ពេល​នោះ ប្រជាជន​ខ្មែរ​មិន​បាន​គិត​ទៅ​ដល់​ការ​ទិញ​ទំនិញ​ទំនើប​ៗ​ទេ គឺ​គិតតែ​មួយ​មុខ​ប៉ុណ្ណោះ ធ្វើ​យ៉ាងណា ឱ្យ​បាន​ឆ្អែត​ក្រពះ ។ ប៉ុន្ដែ​ឆ្លងកាត់​របត់​នយោបាយ និង​ការងារ​មួយ​ចំនួន​ដែល​ប្រទេស​ជាតិ និង​ប្រជាជន​យើង​បាន​ឆ្លងកាត់​ជាមួយនឹង​ការ​ដឹកនាំ​របស់​សម្តេច គឺ​ប្រទេស​ជាតិ​របស់​យើង​មានការ​រីក​ចម្រើន​ជា​បន្តបន្ទាប់ រហូត​ដល់​មានការ​មើលឃើញ​ក្រុមហ៊ុន​ធំ​ៗ​ចូល​មក​វិនិយោគ​នៅ​កម្ពុជា តួយ៉ាង​ដូច​ជា ក្រុមហ៊ុន​ផ្សារ​អុ​ី​អនបាន​មក​វិនិយោគ​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ប្រជាជន​របស់​យើង​បាន​ទិញ​ទំនិញ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន ដោយ​ពុំ​បាច់​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ជិតខាង » ។

លោក​បញ្ជាក់​ថា ៖« ស្ថិត​ក្នុង​ម្លប់​នៃ​សន្តិភាព​អស់​រយៈពេល​ជាង​២០​ឆ្នាំ​កន្លង​មកនេះ ប្រជាជន​កម្ពុជា​មាន​ជីវភាព​រុងរឿង ធូរធារ​ជា​លំដាប់ ដែល​ធ្វើ​ឱ្យ​ប្រជាជន​ងាក​ពី​ប្រើប្រាស់ ឬ​បរិភោគ​ឱ្យ​តែ​ឆ្អែត​ក្រពះ មក​ប្រើ​របស់ទំនើប​ៗ ស្រប​ទៅ​តាម​ជីវភាព​ប្រចាំ​ថ្ងៃ ដែល​មានការ​រីក​ចម្រើន ហើយ​អ្វី​ៗ​ទាំង​អស់នេះ​កើត​មាន​ឡើង​ដោយសារ​តែ​ម្លប់​នៃ​សន្តិភាព​របស់​កម្ពុជា ដែល​បាន​កើតឡើង​អស់​រយៈកាល​ជាង​២០​ឆ្នាំទៅ​នេះ » ។
លោក​បន្ត​ថា ៖« សន្តិភាព​គឺ​មាន​តម្លៃ​សំខាន់​ណាស់​សម្រាប់​ការ​រស់នៅ​របស់​ប្រជាជាតិ ។ និយាយ​ដោយឡែក ប្រទេស​កម្ពុជា​យើង​មាន​សន្តិភាព ទើប​យើង​មានការ​រស់រាន​មានជីវិត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ រហូត​ដល់​យើង​ត្រូវការ​ប្រើប្រាស់​របស់របរ​ទំនើប​ៗ​ដូច​បច្ចុប្បន្ន​នេះ » ។

បច្ចុប្បន្ន​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ខិតខំ​ស្តារ និង​កសាង​រាល់​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័​ន្ត​ឡើង​វិញ ដូច​ជា ផ្លូវថ្នល់ ស្ពាន និង​ប្រព័ន្ធ​ប្រឡាយ លូ​បណ្តាញទឹក​ស្អាត និង​បណ្តាញ​អគ្គិសនី​សាធារណៈ បណ្តាញ​ទូរគមនាគមន៍ ការ​កែ​លម្អ​សួនច្បារ សំណង់​ក្រោម​និង​លើ​អាកាស បន្ត​ពង្រីក​ផ្លូវ​មួយ​ចំនួន​ដែល​ពុំ​ទាន់​ឆ្លើយ​តប​ទៅ​នឹង​លំហូរ​ចរាចរណ៍​នៃ​យានយន្ត​សព្វថ្ងៃ ។

ការ​ខិតខំ​អភិវឌ្ឍន៍​ទាំងនេះ ក៏​បាន​ចូលរួម​ពី​វិស័យ​ឯកជន​ផង​ដែរ តាម​រយៈ​ទីក្រុង​រណប​អគារ​ពាណិជ្ជកម្ម អគារ​ស្នាក់​នៅ​រួម និង​ខុន​ដូ​ប្រណីត​ៗ ត្រូវ​បាន​កសាង​ឡើងជា​បន្តបន្ទាប់ ធ្វើ​ឱ្យ​រាជធានី​ភ្នំពេញ បាន​ប្រែ​មុខមាត់​ថ្មី​ប្រកបដោយ​ភាព​ទាក់ទាញ និង​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​ដូច​បច្ចុប្បន្ន​នេះ ។

យោង​តាម​របាយការណ៍​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​បង្ហាញ​ថា
រាជធានី​ភ្នំពេញ​មាន​ផ្ទៃក្រឡា​៦៩២​គីឡូ​ម៉ែត្រការ៉េ មាន​ព្រំប្រទល់​ខាងត្បូង​ទល់​នឹង​ក្រុង​តា​ខ្មៅ និង​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​, ខាងលិច​ទល់​នឹង​ស្រុក​អង្គស្នួល ខេត្តកណ្តាល​, ខាងជើង​ទល់​នឹង​ស្រុក​ពញាឮ និង​ស្រុក​មុខកំពូល ខេត្តកណ្តាល និង​ខាងកើត​ទល់​នឹង​ស្រុក​ខ្សាច់កណ្តាល និង​ស្រុក​ល្វាឯម និង​ស្រុក​កៀនស្វាយ ខេត្តកណ្តាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ