ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណូល​របស់​ប្រៃសណីយ៍កម្ពុជា​ថយ​ចុះ​១០ % ​ក្នុង​ឆ្នាំ២០១៧

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ឆ្នាំ​២០១៧ ប្រៃសណីយ៍​កម្ពុជា​រក​ចំណូល​បាន​ប្រមាណ​៨,៥​លាន​ដុល្លារ ថយ​ចុះ​ប្រមាណ​១០% បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ។ នេះ​បើ​យោង​តាម​អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា ។ ថ្លែង​ក្នុង​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០១៧…

រាជធានី​ភ្នំពេញ ៖ ក្នុង​ឆ្នាំ​២០១៧ ប្រៃសណីយ៍​កម្ពុជា​រក​ចំណូល​បាន​ប្រមាណ​៨,៥​លាន​ដុល្លារ ថយ​ចុះ​ប្រមាណ​១០% បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ។ នេះ​បើ​យោង​តាម​អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា ។
ថ្លែង​ក្នុង​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០១៧ និង​ទិស​ដៅ​ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ប្រៃសណីយ៍ កាលពី​ថ្ងៃ​ទី​៣ មេ​សា ម្សិលមិញ​លោក អោ​ក បូ​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា មាន​ប្រសាសន៍​ថា ក្នុង​ឆ្នាំ​២០១៧​កន្លង​ទៅ​ប្រៃសណីយ៍​កម្ពុជា​រក​ចំណូល​បាន​ប្រមាណ​៨,៥​លាន​ដុល្លារ លើស​ផែនការ​១១% ប៉ុន្តែ​បើ​ធៀប​នឹង​ចំណូល​ក្នុង​ឆ្នាំ​២០១៦ មាន​រហូត​៩,៥​លាន​ដុល្លារ ពោល​គឺ​ថយ​ចុះ​ប្រមាណ​១០% ។

ការ​ថយ​ចុះ​នេះ បើ​តាម​លោក​អគ្គនាយក​លើក​ឡើង​ថា ៖« ចំណូល​ក្នុង​ឆ្នាំ​២០១៦​មួយ​ចំនួន​ដែល​ទទួល​បាន​នោះ វា​មិនមែន​ជា​ចំណូល​ចរន្ត ឬ​ជា​ចំណូល​យុទ្ធសាស្ត្រ​របស់​ប្រៃសណីយ៍​ទេ ដោយសារ​តែ​តាម​រយៈ​ប្រទេស​ជា​ដៃគូ និង​ក្រុមហ៊ុន​ចិន ឱ្យ​កម្ពុជា​ចែកចាយ​បន្ត​ក្នុង​នាម​ជា​ប្រទេស​ស្ថិត​ក្នុង​សមាជិក​UPU (​សហភាព​ប្រៃសណីយ៍​សកល​) និង​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច (LDCs) » ។

លោក​បញ្ជាក់​ថា ៖« នៅ​លើ​ពិភពលោក មានការ​បញ្ជា​ទិញ​ទំនិញ​តាម​អន​ឡាញ​ពី​ប្រទេស​ចិន​ច្រើន ធ្វើ​ឱ្យ​ក្រុមហ៊ុន​នៅ​ចិន​មក​ទាក់ទង​យើង​ឱ្យ​ចែកចាយ​បន្ដ ព្រោះ​ក្រុមហ៊ុន​មួយ​ចំនួន​នៅ​ចិន មិនមែន​ជា​សមាជិក​UPU និង​មិនមែន​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ដូច​កម្ពុជា ។ គ្រាន់តែ​ចែកចាយ​ឲ្យ​ក្រុមហ៊ុន​លី​អូ​មួយ យើង​ទទួល​បាន​ចំណូល​រហូត​ដល់​៣,៥​លាន​ដុល្លារ​ឯណោះ ប៉ុន្ដែ​ដោយសារ​តែ​ក្នុង​ធម្មនុញ្ញ​UPU គេ​បាន​ចែង​ថា ប្រទេស​ដែល​ចាត់​ចូល​ក្នុង​ប្រទេស​អភិវឌ្ឍន៍​តិចតួច​សម្រាប់​បញ្ញើ​ក្នុង​១​ឆ្នាំ មិន​ឱ្យ​លើស​៧០​តោន​ទេ តែ​យើង​គ្រាន់តែ​ចែក​ឱ្យ​ក្រុមហ៊ុន​លី​អូ ក្នុង​មួយ​ខែ​១០០​តោន អីចឹង​វា​លើស ធ្វើ​ឱ្យ​ប្រទេស​ដៃគូ​ពិន័យ​យើង ហើយ​គិត​តម្លៃ​ស្មើ​ប្រទេស​ផ្សេង អីចឹង​នៅ​ប្រទេស​ដៃគូ គេ​គិត​សេវា​ថ្លៃ កម្ពុជា​ក៏​ទារ​កម្រៃ​សេវា​ពី​ក្រុមហ៊ុន​លី​អូ​ថ្លៃ​ដែរ ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​លី​អូ​រត់​ចោល » ។

យ៉ាងណា​ក៏​ដោយ ទោះបី​ចំណូល​ក្នុង​ឆ្នាំ​២០១៧​មានការ​ថយ​ចុះ តែ​ឆ្លង​តាម​ការ​ធ្វើ​អាជីវកម្ម​រយៈពេល​៧​ឆ្នាំ​កន្លង​មក ប្រៃសណីយ៍​កម្ពុជា​បាន​បង្កើត​នូវ​ទឹកប្រាក់​ចំណូល​ពី​ជាង​២​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១០ កើនឡើង​ដល់​ជាង​៨​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៧ ទទួល​បាន​ប្រាក់​ចំណេញ​រាល់​ៗ​ឆ្នាំ ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​អគ្គនាយក ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​ប្រៃសណីយ៍​កម្ពុជា លោក កុយ ពុំ មាន​ប្រសាសន៍​ថា ប្រៃសណីយ៍​កម្ពុជា​បាន​បន្ត​ដំឡើង​បៀវត្សរ៍​ជូន​និយោជិត​បាន​មួយ​ចំនួន​ធំ ហើយ​នៅ​តែ​បន្ត​ដំឡើង​ជូន​បន្ថែម​ទៀត ដរាបណា​ចំណូល​ប្រៃសណីយ៍​កម្ពុជា រក្សា​បាន​នូវ​ស្ថិរភាព​កំណើន​ដូច​បច្ចុប្បន្ន ។

លោក​បន្ត​ថា ៖« ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​នេះ យើង​ទាំងអស់​គ្នា​ជា​ថ្នាក់ដឹកនាំ និង​និយោជិត ត្រូវ​តែ​បន្ត​ខិតខំ​ប្រឹងប្រែង​ពង្រឹងគុណភាព​សេវា​ប្រៃសណីយ៍​ឱ្យ​កាន់តែ​មានគុណ​ភាព​លឿន​ជាង​មុន​, មាន​ទំនុកចិត្ត​ពី​អតិថិជន​កាន់តែ​ខ្លាំង​, ពង្រីក​ទីផ្សារ​ឱ្យ​កាន់តែ​ទូលំទូលាយ​, បន្ត​បំពាក់​ប្រព័ន្ធ​IPS ឱ្យ​បាន​គ្រប់​ខេត្ត​, បន្ត​ការ​គ្រប់គ្រង​ប្រព័ន្ធ​សុវត្ថិភាព និង​មាន​ជំនឿ​ទុកចិត្ត​, បន្ត​ពង្រីក​គុណភាព​សេវា​ហិរញ្ញវត្ថុ​ប្រៃសណីយ៍​ឱ្យ​បាន​រហ័ស​ទាន់ចិត្ត​, បន្ត​សហការ​ជាមួយ​បណ្តា​ប្រទេស​ជា​ដៃគូ​ផ្សេង​ៗ​ក្នុង​ការ​អនុវត្ត​គម្រោង​របស់​UPU ជាដើម » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ