ខេត្តព្រៃវែង ៖ បុរសជាអ្នកចែកចាយថ្នាំញៀនម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែងធ្វើការចាប់ឃាត់ខ្លួនបន្ទាប់ពីឆែកឆេររកឃើញថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សចំនួន៤កញ្ចប់ និងកញ្ឆាមួយកញ្ចប់នៅក្នុងផ្ទះរបស់គេ ។
ជនសង្ស័យដែលត្រូវបានចាប់ឃាត់ខ្លួននេះមានឈ្មោះ យ៉ិន ថុង អាយុ៥៧ឆ្នាំ ត្រូវបានចាប់ខ្លួននៅវេលាម៉ោង៩និង៣៥នាទីព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ នៅនឹងផ្ទះរបស់ជនសង្ស័យដែលស្ថិតក្នុងភូមិ៦ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៌ ខេត្តព្រៃវែង ។
លោកវរៈសេនីយត្រី ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តព្រៃវែងបានឱ្យដឹងថា ជនសង្ស័យគឺជាមុខសញ្ញាដែលកម្លាំងសមត្ថកិច្ចតាមដានយូរមកហើយ ហើយមុនពេលចាប់ខ្លួនជនសង្ស័យរូបនេះបណ្តាញរបស់សមត្ថកិច្ចបានរាយការណ៍មកថា ជនសង្ស័យបម្រុងធ្វើសកម្មភាពចែកចាយថ្នាំញៀននៅក្នុងភូមិសាស្ត្រតំបន់អ្នកលឿងទើបកម្លាំងកងរាជអាវុធហត្ថខេត្តសុំគោលការណ៍ពីលោកព្រះរាជអាជ្ញាធ្វើការឃាត់ខ្លួនជនសង្ស័យតែម្តង ។
លោកវរៈសេនីយ ផាត់ សុជោត បានបញ្ជាក់ថា ពេលត្រូវចាប់ខ្លួននៅលើខ្លួនប្រាណជនសង្ស័យគឺពុំឃើញមានថ្នាំញៀននោះទេ ប៉ុន្តែនៅពេលចូលទៅឆែកឆេរក្នុងផ្ទះជនសង្ស័យទើបរកឃើញថ្នាំញៀនប្រភេទម្សៅក្រាមពណ៌ស ចំនួន៤កញ្ចប់ កញ្ឆាក្រៀមចំនួន១កញ្ចប់ ឧបរកណ៍ជក់ថ្នាំ២សម្រាប់ និងឧបករណ៍ជក់កញ្ឆា១សម្រាប់ ។ បច្ចុប្បន្ននេះរាជអាវុធហត្ថខេត្តព្រៃវែងកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យរួមទាំងវត្ថុតាងទៅសាលាដំបូងខេត្តចាត់ការទៅតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ